ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បង្ហាញ​ទស្សនៈ​ស្វាគមន៍​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ចាប់ពី​ចុង​សប្ដាហ៍​នេះ​តទៅ

លោក Conor Nestor គ្រូ​បង្គោល​ព្រះខ័ន​រាជ​ស្វាយរៀង បានលើកឡើង​ពី​ទស្សនៈ​របស់​ខ្លួន​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខនេះ​ក្នុង​ក្របខណ្ឌ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodina League 2019) ខណៈ​ប្រកួត​ដំបូង​ក្រុម​របស់លោក​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង ទទួលភ្ញៀវ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​។

គ្រូបង្វឹក​រូបនេះ​ បានបង្ហាញ​ទស្សនៈ​ពី​ការប្រកួត​រួម​ក្នុង​រដូវ​កាល​ថ្មី​ថា «​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ដោយ​មិនអាច​រង់ចាំ​បាន​ទៀត​នោះ​ទេ​។ គ្រប់​ក្រុម​ទាំងអស់​សុទ្ធតែ​ខ្លាំង មួយវិញទៀត​គឺ​មាន​ក្រុម​ថ្មី​មួយចំនួន​ដែល​យើង​ត្រូវ​ស្វែងយល់​ពី​ពោះ​គេ​។ ពិត​ណាស់​ខ្ញុំ​ជឿជាក់​គ្រប់​ក្រុម​ខ្លាំង​ជាង​រដូវ​កាល​មុន ដោយ​វា​នឹង​ជួយ​ឲ្យ​លី​គ​មានការ​ទាក់ទាញ​។ ​ខ្ញុំ​គិតថា ​គ្រប់​ក្រុម​ទាំងអស់ ប៉ុន្តែ​បើ​និយាយ​ពី​យើង​គឺ​មិនសូវ​នោះទេ​ដោយសារតែ​យើង​ឥលូវ​នេះ​ខ្លាំង​ជាមុន​ដូចជា​ពុំមាន​កីឡាករ​ជាប់​ពិន័យ​, កីឡាករ​របួស​អាច​នឹង​ត្រលប់​មកវិញ​នាពេល​ដ៏​ខ្លី​ខាងមុខ ដោយ​អាច​នឹងធ្វើ​បានល្អ​ជាងរ​ដូ​វ​កាល​មុន​»​។

​យ៉ាង​ណា​ក្តី​លោក​បាន​បង្ហើប​ពី​កីឡាករ​ត្រលប់​មកកាន់​ទីលាន​វិញ​ក្រោយ​មាន​បញ្ហា​របួស​ថា «​កីឡាករ​របួស​រយៈពេល​យូរ​ដែល​ពុំ​លេង​កាលពី​រដូវ​កាល​មុន​មាន រស់ គង់​សំរេច រួចរាល់​ហើយ​សម្រាប់​ការប្រកួត​, សំអឿន ពិដោរ នៅតែ​ត្រូវការ​ពេលវេលា​បន្ថែម​ដោយសារ​បញ្ហា​របួស ACL ជា​ជម្ងឺ​ធ្ងន់ធ្ងរ​, សុក សំណាង អាច​ចូល​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព ប៉ុន្តែ​មិនទាន់​អាច​ប្រកួតប្រជែង​បាន ខណៈ​រូបគេ​ជិត​ត្រលប់​មកលើ​ទីលាន​វិញ​បាន​ហើយ​»​។​

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ លោក​សម្លឹង​ឃើញ​ចំណុចខ្លាំង​និង​ខ្សោយ​របស់​ក្រុម​ខ្លួន​ក្រោយ​ប្រមូលផ្តុំ​ហ្វឹកហាត់​មួយរយៈ​ដែរ​ថា «​សម្រាប់​ចំណុចខ្សោយ​ខ្ញុំ​សូម​មិន​និយាយប្រាប់​ទៅ​គ្រូបង្វឹក​ដទៃ​ទៀត សម្រាប់​ចំណុចខ្លាំង​គឺ​ក្រុម​មាន​កីឡាករ​ខ្លាំង​នៅលើ​ទីលាន​រាល់ថ្ងៃ ខណៈ​រដូវ​កាល​អាច​និយាយ​ថា​មានតែ​មួយថ្ងៃ​។ ចំណុច​សំខាន់​នោះ​គឺ​ពេល​កីឡាករ​ល្អ​លេង​ជាមួយ​កីឡាករ​ល្អ​ដូចគ្នា នៅ​ហ្វឹកហាត់​ជាមួយគ្នា​នោះ​កម្រិត​បច្ចេកទេស​នឹង​កើនឡើង និង​អភិវឌ្ឍន៍​គ្រប់យ៉ាង​»​។

លោក Conor Nestor បាន​រំពឹងទុក​សម្រាប់​រដូវ​កាល​នេះ​ថា «​ខ្ញុំ​តែងតែ​រំពឹង​គ្រប់​ការប្រកួត​បើសិនជា​យើង​ធ្វើការ​ខ្លាំង​, គោរព​វិន័យ និង​តាម​ផែនការ ខ្ញុំ​គិតថា​យើង​អាច​យកឈ្នះ​គ្រប់ការ​ប្រកួត​។ ប៉ុន្តែ​បើសិនជា​ពុំបាន​ធ្វើការ​ខ្លាំង​ត្រឹមតែ​១​នាទី ក្នុងចំណោម​៩០​នាទី សមត្ថភាព​របស់​ក្រុម​ផ្សេង​នឹងដាក់​សម្ពាធ​មក​លើ​យើង​។ ដោយ​នេះ​គឺជា​ចំណុច​សំខាន់​សម្រាប់​កីឡាករ និង​គ្រប់គ្នា​ធ្វើការ​សម្រាប់​ក្លិប​មួយ​នេះ ដែល​យើង​ត្រូវតែ​ធ្វើការ​ខ្លាំង​រាល់ថ្ងៃ ប្រជែង​ដើម្បី​ពិន្ទុ និង​អ្នកគាំទ្រ​។

គម្រោង​របស់ខ្ញុំ​គឺ​ឈ្នះ​ការប្រកួត​ទី​១ បើសិនជា​យើង​ជោគជ័យ​ក្នុង​រឿង​នេះ ចឹ​ង​គម្រោង​បន្ទាប់​គឺ​ឈ្នះ​ប្រកួត​ទី​២​។ ដោយ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​យើង​នឹង​ត្រូវ​លេង​ជាមួយ​ក្លិប អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ក្នុង​ប្រកួត​បើក​ឆាក​ដោយ​យើង​មិន​អាច​គិត​អ្វី​ផ្សេង​ទៀត​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114