ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​អប្សរា​ ៖​ ស្តារ​ស្ទឹង​ព្រះ​ស្រុក​ឡើងវិញ​ ដើម្បី​រក្សា​កំណើន​ទឹក​និង​បញ្ចៀស​ទឹកជំនន់​

សៀមរាប ​៖ ​ស្ទឹង​ព្រះ​ស្រុក ជា​ស្ទឹង​ធម្មជាតិ​ដែល​មាន​តាំងពី​បុរាណ​មក​ហើយ ស្ថិត​ក្នុង​ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប មាន​ប្រវែង​សរុប​៥៨០០​ម៉ែត្រ ត្រូវបាន អាជ្ញាធរ​ជាតិ​អប្សរា​ស្តារឡើងវិញ​។

ព្រោះ​ស្ទឹង​នេះ​មាន​តួនាទី​សំខាន់​ដូច​ស្ទឹង​រលួស ស្ទឹង​សៀមរាប​ដែរ គឺអាច​រំដោះ​ទឹកជំនន់​ពី​តំបន់​អង្គរ​និង​ក្រុង​សៀមរាប លើសពី​នេះ​មានមុខ​ងារ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ប្រជាជន​ប្រើប្រាស់ និង​ធ្វើ​កសិកម្ម​ក្នុង​សហគមន៍​ឃុំ​ល្វា​ផងដែរ​។

​ដោយ​មូលហេតុ​ដី​ចាក់​បង្គរ បច្ចុប្បន្ន​ស្ទឹង​ព្រះ​ស្រុក​មាន​ទំហំ​រួម​តូច​ជាង​មុន ជម្រៅ​រាក់​ដោយ​ភក់ល្បាប់ មិនអាច​រំដោះ​ទឹកបាន​លឿន ឬ​ស្តុក​ទឹកបាន​ច្រើន និង​ម្យ៉ាងទៀត​ក៏​មាន​ការពង្រីក​ផ្ទៃដី​កសិកម្ម​ជាង​៣០០​ហិតា​នៅ​ដើមឆ្នាំ​២០១៩​ផង​នោះ បរិមាណ​ទឹក​ក្នុង​ស្ទឹង​ព្រះ​ស្រុក​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​។ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ជីក​ស្តារ​ស្ទឹង​ព្រះ​ស្រុក​ចំនួន​ចំនួន​១៥០០​ម៉ែត្រ​ដើម្បី​រំដោះ​ទឹក​ពី​តំបន់​អង្គរ​នា​រដូវវស្សា​ឲ្យ​ហូរ​ចូលទៅ​បឹង​ទន្លេសាប​បាន​រហ័ស និង​ស្តុក​ទឹក​សម្រាប់​អ្នកភូមិ​ប្រើ​ស្រោចស្រព​កសិកម្ម​បាន​គ្រប់គ្រាន់​នា​រដូវប្រាំង​។

លោក រ៉​ម វិចិត្រ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារ​ស្ទឹង​ព្រះ​ស្រុក​ផ្នែក​ខាងលើ​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៥​ប្រវែង​២​គីឡូម៉ែត្រ​។ ទន្ទឹម​នឹង​ការងារ​ស្តារ​ស្ទឹង អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​លើក​ជា​ទំនប់​សងខាង​ស្ទឹង​ធ្វើជា​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​បាន សង់ស្ពាន​មួយ និង​សង់​ទ្វារ​ទឹក​មួយ​អាច​បិទ​ឬ​បើក ស្តុ​ប​និង​បញ្ចេញ​ទឹក​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ ជូន​ប្រជាជន​ប្រើប្រាស់​។

លោក​បន្ត​ថា ការស្តារ​ចំនួន​១៥០០​ម៉ែត្រ​លើក​ទី​២​នេះ នឹង​ប្រើ​រយៈពេល​៣​ខែ គឺ​ចាប់ពី​ថ្ងៃទី​១២​កុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ផ្គត់ផ្គង់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការពង្រីក​ផ្ទៃដី​កសិកម្ម​របស់​ប្រជាជន​ជាង​៣០០​ហិតា​។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពង្រីក​បន្ថែម​នូវ​ទំហំ​និង​ជម្រៅ​ពី​បាត​ស្ទឹង​ចាស់​ពី​១​ម៉ែត្រ​ទៅ​១.៥០​ម៉ែត្រ ទៅតាម​ស្ថានភាព​ដី​នៃ​ការ​ចាក់​បង្គរ​ដី រួម​ទាំង​ទទឹង​បាត​ក្រោម​១៧​ម៉ែត្រ ស្មើនឹង​ប្រវែង​ស្តារ​ស្ទឹង​ផ្នែក​ខាងលើ​ដែរ​។ ក្រោយ​ស្តារ​រួច ប្រព័ន្ធ​បង្ហូរទឹក​នេះ​នឹង​អាច​ផ្ទុក​ទឹកបាន​ច្រើន សម្រួល​ដល់​ចរាចរណ៍​ផ្លូវទឹក​ដោយ​ការប្រើ​ទូក​តូចៗ​នា​រដូវវស្សា​បាន និង​ចរន្តទឹក​ហូរ​ទៅ​ទន្លេសាប​បាន​លឿន​ជាង​មុន​។ លោក​ក៏​សំណូមពរ​ប្រជាពលរដ្ឋ​ចេះ​ថែរក្សា​ស្ទឹង​នេះ​ឲ្យ​បាន​ល្អ ហាម​យក​សំរាម​ចាក់ ឬ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​ជាដាច់ខាត ជាហេតុ​នាំ​ឲ្យ​ទឹក​កខ្វក់ និង​ស្ទឹង​រាក់​។​

លោក ចិត សិ​ក រស់នៅ​ភូមិ​ព្រ​ហ៊ូ​ត ឃុំ​ល្វា ស្រុក​ពួក បាន​សម្តែង​ការ​សប្បាយ​ចិត្ត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ស្តារ​ស្ទឹង​ព្រះ​ស្រុក​ដើម្បី​ស្តុក​ទឹកបាន​ច្រើន ធ្វើ​ឲ្យ​គាត់​អាច​ធ្វើ​ស្រែ​បាន​ច្រើន​ដោយ​មិន​ភ័យខ្លាច​ខ្វះ​ទឹក​ដូច​មុនៗ​ទៀត «​ខ្ញុំ​និង​អ្នកភូមិ​ស្ទឹង​ព្រះ​ស្រុក ភូមិ​ព្រ​ហ៊ូ​ត និង​ភូមិ​ច្រើន​ទៀត​ក្នុង​ឃុំ​ល្វា អរគុណ ហើយ​សប្បាយចិត្ត​ណាស់ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មក​ស្តារ​ស្ទឹង​ជូន ព្រោះ​សហគមន៍​អាស្រ័យ​ផល​នឹង​ធ្វើ​ស្រែ​ស្រូវ អ៊ីចឹង​ហើយ​ពេល​មានទឹក គឺមាន​សង្ឃឹម​! ខ្ញុំ​ប្តេជ្ញា​នឹង​ថែរក្សា ការពារ​ទ្វារ​ទឹក រួម​ទាំង​ស្ទឹង​ឲ្យ​បាន​ល្អ ព្រោះ​ទឹកជា​ជីវិត​ក្នុង​ការ​ប្រកប​របរ​កសិ​កម្ម​»​។

គួរ​រំឭក​ដែរ​ថា នៅ​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារ​ប្រព័ន្ធ​រំដោះ​ទឹក​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​តំបន់​អង្គរ​ក៏ដូចជា​ក្រុង​សៀមរាប​ទាំងមូល ដែល​បាន​បង្វែរ​មុខទឹក​មួយ​ផ្នែកធំ​មក​ស្រុក​ពួក រួម​ទាំង​ស្តារ​ប្រព័ន្ធ​ប្រឡាយ​ផ្សេងៗ​ចុះ​មក​ក្រោម​រហូតដល់​ស្ទឹង​ព្រះ​ស្រុក​នៅ​ឆ្នាំ​២០១៥ មាន​ប្រវែង​សរុប​ចំនួន​៣៨​គីឡូម៉ែត្រ ដើម្បី​រំដោះ​ទឹក​ពី​ក្រុង​សៀមរាប​និង​ស្តុក​ទឹក​សម្រាប់​ធ្វើស្រែ​ក្រោម​៕