ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ត្រៀម​បង្កើត​ពានរង្វាន់​បាល់ទាត់​យុវជន​៦​កម្រិត​ផ្សេងៗ​គ្នា​

កម្មវិធី​ប្រកួត​បាល់ទាត់​ពានរង្វាន់​ក​ម្រិ​ត​យុវជន​និង​នារី ដែល​បែង​ចែក​ជា​៦​កម្រិត​ផ្សេងគ្នា លើក​ទី​៣ ក្រោម​ការរៀបចំ​ពី​សំណាក់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានប្រកាស​ជ្រើសរើស​ក្រុម​ចូលរួម​ប្រកួត ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ​។

ពានរង្វាន់​ដែល​បើក​ដាក់​ឲ្យ​ប្រកួត​នោះ​មានដូចជា​បែង​ចែង​តាម​កំរិត​អាយុ​ក្នុង​នោះ​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១០​ឆ្នាំ (U10) , ពានរង្វាន់​យុវជន​ក្រោម​អាយុ​១២​ឆ្នាំ (U12) ,​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ (U14) , ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U17) , ពានរង្វាន់​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ (U20) និង បាល់ទាត់​នារី (​មិន​កំណត់​អាយុ​)​។ ចំណែក​ទីតាំង​ទទួលយក​ពាក្យ និង ដាក់ពាក្យ​នៅ​កីឡដ្ឋាន RSN របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​បាន​លើកឡើង​ថា ​ពានរង្វាន់​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី ២០-២១ ខែមេសា ឆ្នាំ ២០១៩​តទៅ ហើយ​កាលបរិច្ឆេទ​យកពាក្យ​ចូលរួម​ប្រកួត​គឺ​ចាប់ពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៩ ចំណែក​កាល​បរិច្ឆេទ​ដាក់ពាក្យ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃ​ទទួល​ពាក្យ​ដល់​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩​។

​សូម​រំលឹក​ថា​ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​សម្រាប់​ពាន​យុវជន​អាយុ​ក្រោម​១២​ឆ្នាំ​កម្រិត​១ ជើងឯក​បាន​ទៅ​ក្រុមយុវជន​គីឡូម៉ែត្រ​លេខ​៧ ហើយ​ក្រុម CMYA FC ជា​ជើងឯក​រង និង​ក្រុម U12 Elite PPC ឈរ​លេខ​៣ ខណៈ​កម្រិត​២ ក្រុម U12 Community PPC ជា​ជើងឯក ហើយ​ក្រុម​U11 Community PPC ជា​ជើងឯក​រង និង​ក្រុម​U10 Community PPC ឈរ​លេខ​៣​។ សម្រាប់​ពានរង្វាន់​នារី​វិញ ជើងឯក​បាន​ទៅ​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន ហើយ​ជើងឯក​រង​បាន​ទៅ​ក្រុម PSE និង​ក្រុម Taica Soben FC (A) ឈ្នះ​លេខ​៣​។

តំណាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានបញ្ជាក់​ថា ការបង្កើត​ពានរង្វាន់​នេះ​ឡើង​គឺ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សកម្មភាព​យុវជន​និង​ស្ត្រី​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114