ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​កូរ៉េ​ សន្យា​បង្កើន​ការ​ជួយ​អភិវឌ្ឍន៍​កម្ពុជា​តាម​នយោបាយ​ថ្មី​ឆ្ពោះទៅ​ទិស​ខាងត្បូង

ភ្នំពេញ​ ៖​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​លោក មូ​ន ចេ​អ៊ី​ន (MOON JAE-IN) និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឯកភាព​គ្នា​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ដើម្បី​វិបុលភាព​និង​ការ​រីកចម្រើន​រួមគ្នា​។

លោក​មូ​ន ចេ​អ៊ី​ន បាន​សន្យា​បង្កើន​ការ​ជួយជ្រោមជ្រែង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​បន្ថែម​ទៀត ដែល​ក្រោម​នយោបាយ​ថ្មី​«​ឆ្ពោះទៅ​ទិស​ខាងត្បូង​» របស់​សាធារណរដ្ឋ​កូរ៉េ។

នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង​ និង​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី១៥ ខែមីនា​ ខែ២០១៩​នេះ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន និង លោក មូ​ន ចេ​អ៊ី​ន បាន​ឯកភាព​គ្នា​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​និង​ធ្វើ​យ៉ាង​ណា​លើកស្ទួយ​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​ជាមួយ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ផងដែរ។

បន្ទាប់ពី​ជំនួប​ទ្វេភាគី​ប្រមាណ​ជិត​១​ម៉ោង​រួចមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​លោក​មូ​ន ចេ​អី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ លើ​ឯកសារ​ចំនួន​៥ ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខភាព​សាធារណៈ​,​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​,​ថាមពល​,​អប់រំ​,​បច្ចេកវិទ្យា​និង​ព័ត៌មាន​និង​កិច្ចការ​ប្រតិបត្តិ ការជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​។

កិច្ច​សម្របសម្រួល​ក្របខណ្ឌ​ស្ដីពី​ឥណទាន​សម្បទាន​ពី​មូលនិធិ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​២០១៩-២០២៣។

បន្ទាប់មក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង លោក​ប្រធានាធិបតី​កូរ៉េ បាន​ធ្វើ​សន្និសីទ​រួមគ្នា​មួយ ដោយ​លោក មូ​ន ចេ​អ៊ី​ន បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​ចូលរួម​អភិវឌ្ឍ​បន្ត​ការ​អភិវឌ្ឍ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​ដែល​មាន​ជាមួយ​កម្ពុជា​ចាប់​ចាប់ពី​ឆ្នាំ​១៩៩៧​ឲ្យ​កាន់តែ​រឹងមាំ​ក្រោម​គោលនយោបាយ​ថ្មី « ឆ្ពោះទៅ​ភាគខាងត្បូង​»​របស់​សាធារណរដ្ឋ​កូរ៉េ។

​លោក មូ​ន ចេ​អ៊ី​ន កត់សម្គាល់​ថា ​កម្ពុជា​បច្ចុប្បន្ន​ជា​ប្រទេស​ដែល​ទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ​ធំ​បំផុត​លេខ​រៀង​ទី​ពី​រលើ​ពិភពលោក​។

​ចំណែក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​សេចក្តី​រីករាយ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក មូ​ន ចេ​អី​ន នៅ​កម្ពុជា​ដែលជា​ព្រឹត្តិការណ៍​សំខាន់​ណាស់ សម្រាប់​ធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​និង​សាធារណរដ្ឋ​កូរ៉េ​កាន់តែ​រឹងមាំ កិច្ច​សហប្រតិបត្តិការ​ក៏​កាន់តែ​ស៊ីជម្រៅ និង មាន​វិសាលភាព​ទូលំទូលាយ​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង ពហុភាគី។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​វា​តម្លៃ​ខ្ពស់​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ដែល​សម្រេច​បាន​ក្នុង​ការ​កសាង​ជាតិ​រហូត​បាន​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​នាំមុខ​នៅ​លើ​ពី​ភព​លោក​និង​ធំ​ទី​៤ នៅ​អាស៊ី​ហើយ​បាន​ដើរ​តួនាទី​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​តំបន់​និង​អន្តរជាតិ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា វឌ្ឍនភាព​របស់​សាធារណរដ្ឋ​កូរ៉េ​មិន​ត្រឹមតែ​បាន​នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រជាជន​កូរ៉េ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ដល់​ប្រទេស​ផ្សេងៗ​ទៀត​រួមទាំង​កម្ពុជា​ផងដែរ។

សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ដែល​មាន​ឆន្ទៈ​បន្ត​ចូល​រួម​ចំណែក​កាន់តែ​ធំ​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​កម្ពុជា ជាពិសេស​សាធារណរដ្ឋ​កូរ៉េ​បាន​ទទួល​ស្គាល់​ និង ​គាំទ្រ​ការ​ខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង បន្ត​និរន្តរភាព​នៃ​ដំណើរការ​អភិវឌ្ឍ​តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ​។ ស្ដីពី​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ​សម្តេច​និង​លោក មូ​ន ចេ​អ៊ី​ន បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់ វិស័យ​សំដៅ​ពូន​ជ្រំ​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ។ យើង​បាន​កត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​នៃ​ការដឹកនាំ​លើ​វិស័យ​នានា​ជាច្រើន រួមមាន​ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ​ឧស្សាហកម្ម ទេសចរណ៍ អប់រំ​រវាង​ប្រទេស​យើង​ទាំងពីរ។ ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ចប្រឹងប្រែង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត​ដោយ​បើក​ទីផ្សារ​ឲ្យ​ទូលាយ​ជាង​មុន​សម្រាប់​ផលិតផល​កម្ពុជា​ជាពិសេស​ផលិតផល​ផលិតផល​កសិកម្ម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​សាក​សម​ទៅនឹង​សក្តានុពល។ ក្នុង​គោលដៅ​បង្កើន​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​យើង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការជំរុញ​យុទ្ធនា​ការ​កែលម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ដែល​នឹង​ជួយ​ធានា​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង ធ្វើ​ពិពិធ​កម្ម​គ្រប់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ហើយ​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ។

សម្តេច​តេ​ជោ ហ៊ុន សែន និង លោក មូ​ន ចេ​អ៊ី​ន មានការ​ពេញចិត្ត​ដូចគ្នា​ដោយ​សង្កេតឃើញ​ពី​កំណើន​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​តាមរយៈ​ការផ្លាស់ប្ដូរ​ផ្នែក​ទេសចរណ៍​និង​ធុរកិច្ច​ក៏ដូចជា​ការបញ្ជូន​ពល​ករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ។

ស្តីពី​កិច្ចការ​តំបន់​និង​អន្តរជាតិ​ខ្ញុំ​និង​លោក មូ​ន ចេ​អ៊ី​ន បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​កិច្ចការ​ប្រតិបត្តិការ​ក្នុង​វេទិកា​អន្តរជាតិ​ទំនាក់ទំនង​សាធារណរដ្ឋ​កូរ៉េ​និង កិច្ច​សហប្រតិបត្តិការ​មេគង្គ​សាធារណរដ្ឋ​កូរ៉េ ,​បញ្ហា​ឧបទ្វីប​កូរ៉េ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​យើង​យកចិត្តទុកដាក់​ដូចគ្នា។

ជា​ចុងក្រោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សូម​អបអរសាទរ​សាទរ​សាធារណរដ្ឋ​កូរ៉េ ដែល​នៅ​ចុងឆ្នាំ២០១៩ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​ជា​លើកដំបូង ត​ភ្ជាប់​ជាមួយ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប៣០ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ។ សម្តេច​ជឿជាក់​ថា ទស្សនកិច្ច​របស់​លោក មូ​ន ចេ​អ៊ី​ន នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​សាធារណរដ្ឋ​កូរ៉េ​មាន​ភាព​កាន់តែ​សកម្ម​ប្រកបដោយ​ផ្លែផ្កា​ហើយនឹង​ឈាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថែមទៀត​ដែល​ស្រប​ទៅ​នឹង​នយោបាយ​ថ្មី​ឆ្ពោះទៅ​ទិស​ខាងត្បូង​របស់​សាធារណរដ្ឋ​កូរ៉េ​ក្នុង​គោលដៅ​ជំរុញ​វិបុលភាព​រួមការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​និង​សន្តិ​ភាពជា​និរន្ត​នៅក្នុង​តំបន់។

ឯកសារ​និង​កិច្ចព្រមព្រៀង​ទាំង​៥ នោះ​រួមមាន ៖
១.​កិច្ច​សម្របសម្រួល​ក្របខណ្ឌ​ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទា​ន​នៃ​មូលនិធិ​សហប្រតិបត្តិ​ការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩-២០២៣ ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយនឹង​លោកស្រី កាង ឃ្យុ​ង​វ៉ា (KANG Kyung -Wha)​រដ្ឋមន្ត្រីការបរទេស​កូរ៉េ។

២.​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ ចុះហត្ថលេខា​ដោយ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាមួយនឹង​លោក អី​ន សង់​ស៊ូ (EUN Sung Soo) ប្រធាន​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ​។​

៣.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ​និង​ថាមពល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួងពាណិជ្ជកម្ម​ឧស្សាហកម្ម​និង​ថាមពល​នៃ​សាធារណរដ្ឋ​កូរ៉េ​ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត​និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​។ ចុះហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ជាមួយនឹង​លោក សង់ យូ​ន​ម៉ូ (SUNG Yunmo) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ឧស្សាហកម្ម​និង​ថាមពល​កូរ៉េ។

៤. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ភ្នាក់ងារ​ជំរុញ​វិនិយោគ​និង​ពាណិ​ជ្ជ​កម្ម​កូរ៉េ​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ​។​ចុះហត្ថលេខា​ដោយ​លោក​សុខ​ចិន្តា​សោភា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​និង​លោក ក្វ​ន់ ភ្យ​ង់​អូ​(KWON Pyung Oh)​ប្រធាន​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ទី​ភ្នា​ក់ ងារ​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ​កូរ៉េ។

៥.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិត្យសភាកម្ពុជា​និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​សម្រាប់​សេដ្ឋកិច្ច​មនុស្ស​សាស្ត្រ​និង​សង្គមសាស្ត្រ​នៃ​សាធារណរដ្ឋ​កូរ៉េ ។ ចុះហត្ថលេខា​ដោយ​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុ​ង​រ្យ៉ុ​ង (SEONG Kyoung Ryung)​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​សម្រាប់​សេដ្ឋកិច្ច​មនុស្សសាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម។

បន្ទាប់ពី​បញ្ចប់​ជំនួប​ទ្វេភាគី​ដោយមាន​ការចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ រួម​ទាំង​ធ្វើ​សន្និសីទកាសែត​រួម​ផង​នោះ​នៅ​វេលា​ម៉ោង​១២និង៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ដដែល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​នៅ​វិមាន​សន្តិភាព​។

គួរ​បញ្ជាក់ថា ការ​វិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុ​ជាមាន​ចំនួន ២១២ គម្រោង​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន ៤.៥៦​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់ ឆ្នាំ​២០១៨​។​ពាណិជ្ជកម្ម​ទ្វេភាគី​មានការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​នៅក្នុង​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ចំនួន ៩៧៥ លាន​ដុល្លារ កើនឡើង​១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ឆ្នាំ​កន្លង​ទៅ​នេះ​ភ្ញៀវទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង ៣០​ម៉ឺន​នាក់​។ ជាងនេះទៅទៀត​វប្បធម៌​កូរ៉េ​ជាពិសេស ភាពយន្ត និង​តន្ត្រី បាននិងកំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ មីនា ឆ្នាំ​២០១៩​នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​១​របស់លោក មូ​ន ចេ​អ៊ី​ន មកកាន់​កម្ពុជា​និង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​៣ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​។

គួរ​ជម្រាប​ជូន​ថា មុន​ពេល​មកដល់​កម្ពុ​ជា​នៅ​រសៀល​ថ្ងៃទី​១៤ មីនា​នេះ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in)​និង​ភរិយា​របស់​លោក​គឺ​លោកស្រី គីម យ៉ុង​ស៊ុ​ក (Kim Jung-sook) ទើបតែ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​ពីរ​នៅ​តំបន់​អាស៊ាន គឺ​ប្រទេស​ប្រុយ​ណេ និង​ម៉ាឡេស៊ី។ ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​លើ​គោលនយោបាយ​ថ្មី របស់លោក​គឺ​ដំណើរ​ទៅ​ទិស​ខាងត្បូង និង​ជាពិសេស​គឺ​ការ​គាំទ្រ​គោលនយោបាយ​សន្តិភាពរ​បស់​លោក​នៅក្នុង​ឧបទ្វីប​កូរ៉េ​។

សូម​បញ្ជាក់​ដែរ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​០១​របស់ លោក មូ​ន ចេ​អ៊ី​ន មកកាន់​កម្ពុជា និង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​០៣ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​បន្ទាប់ពី​លោក រ៉ូ មូ​យុន (Roh Moo-hyun) ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០០៦ និង​លោក លី ម្បុ​ង​បាក់ (Lee Myung-bak) ដែល​បានធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​នៅ​ខែតុលា​ឆ្នាំ​២០០៩៕