ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជួបពិភាក្សា​ការងារ​ជាមួយ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ (KOTRA)​ដើម្បី​ស្វែងរក​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​កម្ពុជា ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​រួមគ្នា

ភ្នំពេញ​ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ បាន​ទទួល​ជួប​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ (Korea Trade-Investment Promotion Agency (KOTRA)) ដឹកនាំ​ដោយ​លោក ក្វុ​ន ព្យុង​អូ (Kwon Pyung-oh) នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ KOTRA​។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​សេចក្ដី​រីករាយ​ចំពោះ​ការម​កដល់​របស់ លោក មូន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ដោយមាន​រួម​ដំណើរ​ផ្ទាល់​ដោយ​ដោយ​លោក ក្វុ​ន ព្យុង​អូ ផងដែរ​។ លោក រដ្ឋមន្ត្រី សង្ឃឹមថា វត្តមាន​របស់លោក ប្រធានាធិបតី​នៃ​ប្រទេស​ដ៏​ជឿនលឿន​មួយ​នេះ នឹង​ពង្រឹង​សេចក្ដីទុកចិត្ត​ដល់​ធុរជន​នៃ​ប្រទេស​កូរ៉េ ឲ្យ​រឹត​តែមាន​ជំនឿ​ចិត្ត​លើ​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​បណ្ដាក់​ទុនវិនិយោគ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក មាន​សុទិដ្ឋិនិយម​ថា វេទិកា​ធុរកិច្ច​ដែល​កម្ពុជា និង​កូរ៉េ នឹង​រៀបចំ​រួមគ្នា​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ នឹង​ទាក់ទាញ​បាន​វិនិយោគ​ពី​បរទេស​ដោយផ្ទាល់​បន្ថែម​ទៀត​ពី​ប្រទេស​កូរ៉េ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​កូរ៉េ សិក្សា​និង​ស្វែងរក​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​កម្ពុជា ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​។

ជា​កិច្ច​ឆ្លើយតប លោក ក្វុ​ន ព្យុង​អូ បាន​ថ្លែងអំណរគុណ​ចំពោះ លោក រដ្ឋមន្ត្រី ដែល​បានទទួល​ជួប​ក្រុម​របស់​លោក​នៅពេលនេះ​។ លោក ក្វុ​ន ក៏បាន​ជម្រាប​ថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នឹង​រឹតតែ​រឹងមាំ​បន្ថែមទៀត​ក្រោយពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ​ត្រូវបាន​បញ្ចប់​។ លើសពីនេះ ទីភ្នាក់ងារ​របស់លោក នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​សហគមន៍​ធុរកិច្ច​ដទៃទៀត ដើម្បី​ពង្រឹង និង​ទាក់ទាញ​បន្ថែម​វិនិយោគិន​មក​កម្ពុជា ដោយ​ជាក់ស្ដែង​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នឹងមាន​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ទីភ្នាក់ងារ KOTRA ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ផ្សារភ្ជាប់​ចំណង​សហប្រតិបត្តិការ​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ ឲ្យ​រឹតតែ​ស៊ីជម្រៅ​ថែមទៀត៕