ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរខេត្ត​ស្ទឹងត្រែង ​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ឥរិយាបថ​បញ្ឈប់​ការ​ចោល​សំរាម​រាយប៉ាយ

ស្ទឹងត្រែង​ ៖ ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​លើកទឹកចិត្ត ប្រជាពលរដ្ឋ​ឱ្យ​ផ្លាស់ប្ដូរ​ឥរិយាបថ បញ្ឈប់​ការ​ចោល​សំរាម​រាយប៉ាយ ហើយ ងាក​មក​នាំគ្នា​ស្រឡាញ់​បរិស្ថាន​រស់នៅ ដើម្បី ទីក្រុង​ស្អាត ព្រោះ​នៅ​ឆ្នាំ​២០២១ ​យើង​ធ្វើការ​ប្រកួតប្រជែង​ទីក្រុង​ស្អាត សាជាថ្មី យក​ពាន​​រង្វាន់​ផ្កា​រំដួល ឱ្យ​បាន​២​ទង។

ក្នុង​ឱកាស​ប្រារព្ធ​ទី​វាទី​ក្រុង​ស្អាត​លើក​ទី​០៧ ក្រោម​ប្រធានបទ​(​ទីក្រុង​ស្អាត​-​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​)​នៅ​ខេត្ត​ស្ទឹងត្រែង​កាលពី ​ថ្ងៃ​ទី​១៤​ ខែ​មីនា​នេះ ឯកឧត្ដម​ម៉ុម​ សារឿន​ អភិបាលខេត្ត មានប្រសាសន៍ថា ​៖​ យើង​ទាំង​អស់គ្នា​ ត្រូវធ្វើ​ឱ្យ​មូលដ្ឋាន​រស់នៅ​ស្អាត ពេលនោះ​ទីក្រុង​យើង​ក៏​ស្អាត​ដែរ ព្រោះ​ភាព​ស្អាត ភាព​បៃតង វា​បាន​លើ​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកលេង​ខេត្តស្ទឹងត្រែង​ឱ្យបាន​ច្រើន។

លោក អ៊ុន ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថាៈ ថ្ងៃនេះ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស​ជាង​១​ពាន់​នាក់ បានធ្វើ​សកម្មភាព​សំអាត​បរិស្ថាន​ទីក្រុង ដើម្បី​លើកកម្ពស់​សោ​ភណ្ឌភាព ធ្វើឱ្យ​ទីក្រុង​ស្អាត ​អញ្ចឹង​ទាំងអស់​នឹង​ជា​ការ​រួមចំណែក មួយ​ក្នុងការ​ពញ្ញាក់​អារម្មណ៍​ឲ្យ​បងប្អូន​យើងទាំងអស់គ្នា ចូលរួម​សំអាត​អនាម័យ បានន័យថា​ធ្វើ​ឲ្យ​ស្អាត​ព្រោះ​ដែលថា​ទីក្រុង​ដែល​ស្អាត​គឺ​ត្រូវតែ​ផ្តើមចេញពី​យើងទាំងអស់គ្នា​តែម្តង។

លោក​វរសេនីយ៍ឯក ឃុន វណ្ណា មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​ស្ទឹងត្រែង បាន​គាំទ្រ​ចំពោះ​ការលើកឡើង​នេះ ហើយ​កត្តា​សំខាន់​ជាងនេះទៀត​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ក្រុង ត្រូវ​ដើរតួ​មុនគេ ក្នុង​ការសំអាត​បរិស្ថាន ហ៊ាន​ផ្លាស់ប្ដូរ​ទម្លាប់​ឈប់​ចោល​សំរាម​រាយប៉ាយ ជា​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​ប្រជាជន​យើង​ទាំងអស់​ទូទាំង​ខេត្តស្ទឹងត្រែង​ទាំងមូល​​ ចូលរួមចំណែក​អនុវត្ត​នៅ​ទីក្រុង​ស្អាត ដើម្បី​ផាសុកភាព​ទាំងអស់គ្នា ពីព្រោះថា​សំរាម​មិន​ពិបាក​ទេ ​ប៉ុន្តែ​ពិបាក​ក្នុង​ការ​កែ​អត្តចរិត ដែល​ក្នុង​ចិត្ត​យើង​មាន​សំរាម​នៅក្នុង​ខ្លួន។

លោក ទូច ឡុ​ច សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្ទឹងត្រែង​បាន​អះអាង​ថាៈ បញ្ហា​នេះ​ អាជ្ញាធរ​ក្រុង​តែង​ចេញ​សេចក្តីណែនាំ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង អនុវត្ត​ការ​ធ្វើ​អនាម័យ​ឲ្យ​បាន​ប្រសើរ​ឡើង ហើយ​អង្គភាព​ប្រមូល​សំរាម ក៏​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រមូល​សំរាម​ឲ្យ​បានជា​ប្រចាំ​ដែរ ទុក​កកស្ទះ​អញ្ចឹង​សំរាម​វា​អាច​ស្អុយរលួយ ហើយ​ចំពោះ​មុខ​ដ៏​ខ្លី​នេះ​ទៀត​យើង​នឹង​ធ្វើការ​ប្រជុំ​កំណត់​តម្លៃ​សំរាម​ ពេលដែល​ប្រជុំ​កំណត់​តម្លៃ​សំរាម​ហើយ ការប្រមូល​នេះ​ មិនអាច​រអាក់រអួល​ដូច​កន្លង​ទៅទៀត​ទេ។

សូមបញ្ជាក់ថា នេះ​ជា​យុទ្ធនា​ការដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទូទាំងប្រទេស ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​ជានិរន្តរ៍៕