ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ខ្ទម​ចម្ការ សមត្ថកិច្ច​សង្ស័យ​ខ្យល់គរ នៅ​ស្រុក​លំផាត់

រតនគិរី ​៖ បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ខ្ទម​ចាំចម្ការ​មួយកន្លែង​គេ​សង្ស័យ​ខ្យល់គរ ហើយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សុក្រ ១០​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​ខ្ទម​ចាំ​ចម្ការ​ឈ្មោះ កិ ប៊ុន​ផេង ស្ថិតនៅ​ក្នុងភូមិ​បាត​ត់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ច​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះ ហ៊ីម សំបុក ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​ដោយសារ​ខ្យល់គរ។

សមត្ថកិច្ច​នគរបាល​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដេក​ពីរ​នាក់​ប្តី​ប្រពន្ធ​ចាំចម្ការ​ឲ្យ​ឈ្មោះ​ខាងលើ រហូតដល់​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ អត់​ឃើញ​ប្តី​ងើប​ពី​ដំណេក​ក៏​ទៅ​ដាស់​ប្តី​ឲ្យ​ក្រោក​ឡើង ទើប​ដឹងថា​ប្តី​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយនោះ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​លំផាត់​បាន​ចុះមក​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព​នៅ​កន្លែងកើតហេតុ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​​ ហើយ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕