ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ព្រះសង្ឃរាជ​ទាំង​២​គណៈ ​យាង​ចូលរួម​ពិធី​ស្រង់​សុគន្ធវារី​ប្រគេន​ព្រះ​មង្គល​រក្ខិត ខឹម សម្បត្តិ ព្រះគ្រូ​រតន​ប្ប​ជ្ជោ​តិ អនុគណ​ខណ្ឌ​ឫស្សីកែវ

ភ្នំពេញ ​៖ ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ នេះ​នៅ​វត្ត​ញាណ​រង្សី​ បាន​រៀបចំ​ពិធី​ស្រង់​សុគន្ធវារី​ប្រគេន​ព្រះ​មង្គលរ​ក្ខិ​ត ខឹម សម្បត្តិ ព្រះគ្រូ​រតន​ប្ប​ជ្ជោ​តិ អនុគណ​ខណ្ឌ និង​ជា​ព្រះចៅអធិការ វត្ត​ញាណ​រង្សី ដែលមាន​ការយាង​ចូលរួម​ពី​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ជា​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការយាង​​​ចូលរួម​ពីស​ម្ដេច​ព្រះមហា​សុ មេធា​ធិបតី កិ​ត្ដិ​ឧ​ទេ្ទ​ស​បណ្ឌិត ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ហិម​ឆែម​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​អាជ្ញាធរ​ដែនដី និង​មានការ​ចូលរួម​ពី​សម្តេចព្រះ​រាជាគណៈ ព្រះ​តេជគុណ ព្រះ​ថេរានុត្ថេរៈ​និង​ពុទ្ធបរិស័ទ​ជាច្រើន​អង្គ​នាក់។

នាឱកាស​នោះ​លោក​ជា​ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​បាន​មានប្រសាសន៍ថា តាម​ព្រះពុទ្ធសាសនា ព្រះសង្ឃ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងសង្គម ដោយបាន​បំពេញការងារ​ច្រើនយ៉ាង​ស្របតាម​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​។ ជាក់ស្តែង​ព្រះសង្ឃ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អប់រំ​គុណធម៌ សីលធម៌ ដើម្បី​កសាង​សង្គម​មួយ​ឲ្យ​មាន​ភាព​ត្រកុំត្រកាល​ឡើង។

លោក​បន្តថា​យើងទាំងអស់គ្នា​ពិតជា​ចងចាំ​យ៉ាងច្បាស់​ថា ទ្រឹស្តី ច្បាប់ គោល​មាគ៌ា​ទាំងឡាយ​របស់​ព្រះពុទ្ធសាសនា បាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ប្រជាជន​យើង​ជា​យូរលង់​ណាស់​មកហើយ គ្រាន់តែ​មានការ​រីកចម្រើន ឫ​អន់ថយ​ទៅតាម​សភាពការណ៍​នៃ​ប្រទេសជាតិ​តែប៉ុណ្ណោះ​។​

​លោក​ជា ពិសី បន្តថា ព្រះសង្ឃ​ទាំង​១៩៣​អង្គ ដែល​កំពុង​គង់នៅ​តាម​វត្ត​ទាំង​៥​ក្នុង​ខណ្ឌឫស្សីកែវ រួមជាមួយ គណៈកម្មការ​អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ​បាន​ពង្រឹង​ការប្រតិបត្តិ​ជំរុញ​ការកសាង​សំណង់​នានា ជា​ប្រយោជន៍​ព្រះពុទ្ធសាសនា និង​រួមចំណែក​លើ​ការងារ​សង្គម​ក្នុង​លទ្ធផល​គួរ​ឲ្យ​លើកទឹកចិត្ត​។​

​លោក​ជា ពិសី លើកឡើង​បន្ថែមថា វត្ត​ញាណ​រង្សី យើង​កត់សម្គាល់​ឃើញថា ព្រះ​មង្គលរ​ក្ខិ​ត ខឹម សម្បត្តិ ព្រះគ្រូ​រតន​ប្ប​ជោតិ ក្នុងនាម​ជា​ចៅអធិការ​វត្ត ព្រះអង្គ​បាន​ខិតខំ​ជំរុញ​ការកសាង​វត្ត ដូច​មាន​សមិទ្ធផល​នានា​ស្ថិតនៅ​ចំពោះមុខ​នេះ​ស្រាប់​។ សម្រាប់​រយៈពេល​ចុងក្រោយ​នេះ​ព្រះអង្គ​បាន​ផ្តើមកសាង​ឧបដ្ឋានសាលា​ថ្មី​មួយ​ខ្នង​មាន​ទំហំ ២៨​ម៉ែត្រ x៨៨​ម៉ែត្រ មានតម្លៃ​ប្រមាណ​ជាង​១​លាន​ដុល្លារ សហរដ្ឋ​អា​មេ​រិក។ ផ្អែកលើ​ស្នាដៃ​នេះ​ព្រះអង្គ​ត្រូវបានតែងតាំង​ជា​ព្រះ​អនុគណ​ពេញ​សិទ្ធ ស្រង់​សុគន្ធវារី និង​ប្រកាស​ជា​ផ្លូវការ​នាពេលនេះ​។​

​លោក​អភិបាលខណ្ឌ​ឫស្សីកែវ បាន​មានប្រសាសន៍​ទៀតថា ដើម្បី​ឲ្យ​ក្រុមការងារ​សាលា​អនុគណ​ខណ្ឌឫស្សីកែវ ក្រោម​ការដឹកនាំ​របស់​ព្រះ​មង្គលរ​ក្ខិ​ត ខឹម សម្បត្តិ ព្រះគ្រូ​រតន​ប្ប​ជោតិ ជា​ព្រះ​អនុគណ សំដៅ​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា​ក្នុង​ខណ្ឌ​កាន់តែ​មានការ​រីកចម្រើន​ឈានទៅ​រួមចំណែក​លើ​ការងារ​សង្គម​ផង ក្នុងនាម​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ នៅ​គ្រប់​វត្ត​ត្រូវ​សហការ​ជាមួយ​សាលា​អនុគណ​ខណ្ឌ ប្រមូលផ្តុំ​ទស្ស​នៈ យោបល់ អនុសាសន៍​ល្អៗ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​អនុវត្ត​ជាក់ស្តែង នាំមក​នូវ​សា​រៈ​ប្រយោជន៍ សម្រាប់​វ​ត្យ​នីមួយៗ សម្រាប់​ព្រះពុទ្ធសាសនា និង​សង្គម​នៅក្នុង​ខណ្ឌ​ទាំងមូល​។ ពេលនេះ​វិស័យ​ព័ត៌មាន​វិទ្យា​មានការ​រីកចម្រើន គេ​និយម​ប្រើប្រាស់​គ្រប់​រួមទាំង​ព្រះសង្ឃ​ផងដែរ​។​សាលា​អនុគណ​ត្រូវ​រួមគ្នា​គិតពិចារណា​ក្នុងនាម​ព្រះពុទ្ធ​សាសនិក មិនត្រូវ​បង្ហោះ​រូបភាព ឫ​ខ្លឹមសារ​ណា​ដែល​មិនគួរ​គប្បី ប៉ះពាល់​ដល់​តម្លៃ និង​ជំនឿ​ព្រះពុទ្ធសាសនា​នោះ​ទេ​។​

ជាមួយគ្នា​នោះ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស មាន​សង្ឃដីកា​ថា ពិធី​ស្រង់​សុគន្ធវារី​ប្រគេន​ព្រះ​មង្គលរ​ក្ខិ​ត ខឹម សម្បត្តិ ព្រះគ្រូ​រតន​ប្ប​ជ្ជោ​តិ អនុគណ​ខណ្ឌ និង​ជា​ព្រះចៅអធិការ វត្ត​ញាណ​រង្សី នេះ គឺធ្វើឡើង​ទៅតាម​គន្លង នៃ​វិន័យ​ព្រះ​សម្មា​សា​ម្ពុ​ទ្ធ ជា​ព្រះ​ប​រម្យ​គ្រូ​នៃ​យើង បាន​ចងក្រង​ជា​គម្ពីរ​បិដក​ឲ្យ​គោរព ទៅតាម​ព្រះធម៌​វិន័យ​របស់​ព្រះពុទ្ធសាសនា ទាំង​តាមផ្លូវ​ព្រះធម៌ និង​ផ្លូវលោក​ពុទ្ធចក្រ និង​អាណាចក្រ រួម​នូវ​ព្រះធម៌ សាមគ្គីធម៌ និង​កសាង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ដោយ​ជ្រក​ក្រោម​ម្លប់​តែមួយ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែលជា​សាសនា​របស់​រដ្ឋ។​ នៅក្នុង​ពិធី​ស្រង់​សុគន្ធវារី​នេះ ក៏បាន​បង្ហាញ​នូវ​ព្រះ​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ ក្នុងការ​ដឹកនាំ​ព្រះសង្ឃ​ក្នុង​ទីវ​ត្ត ដែលជា​ភារកិច្ច​របស់ ព្រះគ្រូ​ចៅអធិការ​វត្ត​នីមួយៗ ត្រូវគោរព​ប្រតិបត្តិ​នូវ​នាយកធម៌ ដែលជា​ប្រទីប​ក្នុងការ​គ្រប់គ្រង​វត្ត​អារាម ប្រកបដោយ​ប្រសិទ្ធភាព និង​គ្មាន​អធិករណ៍​អ្វី​កើតឡើង​នោះឡើយ ដោយ​ប្រកាន់​នូវ​ធម៌​ខន្តី។

លោក​ហឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​មានប្រសាសន៍ថា ពិធី​ប្រគេន​ព្រះ​សុគន្ធវារី​នាពេលនេះ​ស​​បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​សម្តេច​សង្ឃនាយក​នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​តែងតែ​ខិតខំ​យកចិត្តទុកដាក់​ដឹកនាំ​មិន​ខ្លាច​នឿយហត់​ទាំង​កម្លាំងកាយ​ចិត្ត ។ ការដើរ​ទន្ទឹមគ្នា​រវាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ដោយ​ព្រះពុទ្ធសាសនា បានធ្វើ​ការអប់រំ​ចិត្ត​របស់​ពុទ្ធបរិស័ទ​គ្រប់គ្នា ឲ្យ​ចេះ​ប្រោសប្រណី អត់ធ្មត់ និង​តស៊ូ​គ្រប់​ឧបសគ្គ ចេះ​រួមរស់​ជាមួយគ្នា កសាង​កុសល ផល​បុណ្យ​ដើម្បី​ជា​ទ្រព្យ​ជាប់​ប្រាណ​នា​ជាតិ​ខាងមុខ។

លោក​បន្តថា យើង​ធ្វើ​ពិធី​នេះ​បាន​ក៏ដោយ​សារ​ប្រទេសជាតិ​យើង​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​មាន​សុខសន្តិភាព​ពេញលេញ​និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ បើ​គ្មាន​គណបក្ស​ប្រជាជន​ទេ​ក៏​គ្មានអ្វី​ដូច​សព្វថ្ងៃ​នេះដែរ៕