ព័ត៍មានទាន់​ហេតុការណ៏
Search

រូប​នាគ ជា​សត្វ​ពិសិដ្ឋ​សម័យ​បុព្វបុរស​ខ្មែរ

ភ្នំពេញ ​៖ ​ខ្មែរ​មានជំនឿថា នា​គជា​សត្វ​មាន​អនុភាព និង​ឫទ្ធានុភាព។ រូប​នាគ​បាន​រំលេច​នៅក្នុង​ស្នាដៃ​សិល្បៈ​ខ្មែរ​ជា​ហូរហែ​រៀងមក ដូច​មាន​ភស្តុតាង​តាម​ចម្លាក់​នានា​តាំងពីដើម​សតវត្ស​ទី​៧។

ជំនឿ​និង​ការ​លម្អ​ទាំងនេះ ​ត្រូវបាន​គេ​ជឿថា ជាការ​បញ្ចូល​គ្នា​រវាង​ទេវ​កថា​ឥណ្ឌា ជាមួយ​ជំនឿ​ក្នុងសង្គម​ខ្មែរ។ យើង​ឃើញ​នាគ​លេចឡើង​ដំបូង​នៅលើ​ផ្តែរ​នៃ​ប្រាង្គ​កណ្តាល​(S1) របស់​ក្រុម​ប្រាសាទ​យាយ​ពន្ធ (​សតវត្ស​ទី​៨) ដោយមាន​ឈ្មោះថា នាគ​អនន្ត​ដែលមាន​ព្រះ​នារាយណ៍​ផ្ទុំ​ចាំ​បង្កើត​ពិភពលោក​ថ្មី។ តាំងពី​ពេលនោះ​មក នាគ​មាន​បង្ហាញ​កាន់តែ​ញឹកញាប់​នៅក្នុង​រចនាបថ​ក្រោយៗ។ ការ​ឆ្លាក់​រូប​នាគ​ត្រូវបាន​គេ​យកទៅ​រចនា​ជា​បង្កាន់ដៃស្ពាន និង​លម្អ​លើ​គ្រឿងសំណង់​ផ្សេងៗ​ដូចជា ផ្តែរ និង​ហោជាងប្រាសាទ និង​ដំបូល​ព្រះវិហារ​ជាដើម។

ជា​ភាសាស្ក្រឹត «​នាគ​» មានន័យ​ត្រង់ «​ពស់​» តែ​បើជា​ន័យធៀប​គឺ​មានន័យថា «​ប្រសើរ ចម្បង​បរិសុទ្ធ​»។ ខ្មែរ​ផ្ត​ល់​អត្ថន័យ​នៃ​ការកកើត​ទឹកដី​យ៉ាង​ជ្រាលជ្រៅ​តាមរយៈ «​រឿង​ព្រះថោង​នាងនាគ​» ឬ «​នគរ​គោល​ធ្លក​» ក្នុង​រឿងនេះ​នា​គជា​សត្វ​ពិសិដ្ឋ​ជា​បុព្វបុរស​របស់​ខ្មែរ។ ស្តេច​ភុជង្គនាគ​នៃ​នគរ​គោល​ធ្លក​បាន​ផឹកទឹក​សមុទ្រ​កកើត​ជា​ដី ដើម្បី​ជា​អំណោយ​ជូន​ចំពោះ​នាងនាគ និង​ព្រះថោង ហើយ​កើតជា​ប្រទេស​កម្ពុជា​រៀងរហូត​មក។ មានរឿង​មួយទៀត​ដែល​បាន​កត់ត្រា​ដោយ​ជីវ តាក្វាន់ អ្នកការទូត​ចិន កាលពី​សម័យអង្គរ​នៅ​សតវត្ស​ទី​១៣ បាន​សរសេរ​អំពី​រឿង​ថា​ជា​រៀងរាល់​យប់​ព្រះមហាក្សត្រ​ត្រូ​វ​យាង​ឡើង​ទៅលើ​ប្រាសាទភិមានអាកាស នៅក្នុង​ព្រះបរមរាជវាំង​ដើម្បី​ផ្ទំ​ជាមួយ​នាងនាគ ហើយ​បើ​យប់​ណា​ដែល​ព្រះអង្គ​មិនបាន​យាង​ឡើង​ទៅលើ​នោះទេ គេ​មាន​ជំនឿ​ហេតុភេទ​អាក្រក់​នឹង​កើតឡើង​នៅក្នុង​ស្រុក។

នាគ «​ពា​សុ​» គឺ​ត្រូវបាន​ស្គាល់​តាមរយៈ «​រឿង​កូរ​សមុទ្រ​ទឹកដោះ​» របស់​ព្រហ្មញ្ញ​សាសនា ដើម្បី​ស្វែងរក​អម្រឹត​ដែល​អាចអោយ​គ្រប់គ្រង​លើ​ភព​ទាំងឡាយ​នៃ​ចក្រ​វា​ឡ​ព្រមទាំង​អោយ​ជីវិត​អមតៈ​ផង។ រីឯ​នៅក្នុង​ស​ង្គម​ខ្មែរ​រឿងនេះ​ក៏មាន​ល្បី​រន្ទឺ​ផងដែរ ។ ដូច​មាន​បង្ហាញ​តាមរយៈ​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទ​អង្គ​វត្ត​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ (​សតវត្ស​ទី​១២) បាន​ឆ្លាក់​ទេវ​កថា​នៅលើ​ជញ្ជាំង​ដែលមាន​ប្រវែង​ប្រមាណ​ជាង​៥០​ម៉ែត្រ ដែល​និទាន​អំពី​រឿង​កូរ​សមុទ្រ​ទឹកដោះ ជា​និមិត្តរូប​នៃ​ការបង្កើត​លោក។ ក្រៅពីនោះ មាននៅ​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ជាពិសេស​គឺ​ចម្លាក់​នៅ​ស្ពាន​ចូល​រាជធានី​អង្គរធំ។ រូប​នាគ​ជា​បង្កាន់ដៃស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​តំណាងអោយ​ទឹក​ឬក៏​ឥន្ទធនូ ដែលជា​ស្ពាន​ចម្លង​ពី​ឋាន​មួយទៀត​ពោលគឺ​ចម្លង​ទៅ​ស្ថាន​ទេវតា។ ចាប់ពី​រចនាបថ​ព្រះ​គោ​ដែលមាន​នាគ​លេច​ឡើងជា​លើកដំបូង​ក្នុង​ស្ថាបត្យកម្ម (​ប្រាសាទបាគង​) រហូតមកដល់​ពាក់កណ្តាល​រចនាបថ​បាពួន​តាម​ថ​ការ​ប្រហាក់ប្រហែល (​ប្រាសាទព្រះវិហារ​)។

ការ​វិវត្តន៍​របស់​នាគ​បង្កាន់ដៃ​ត្រូវបាន​កត់សម្គាល់​តាមរ​យៈ​ការធ្វើ​ក្បាល​នាគ​បើក​ពពារ។ គឺ​ចាប់ពី​ប្រាសាទ​មឿង​តាំ (​ប្រទេស​ថៃ​) ប៉ុណ្ណោះ ដែល​បង្កាន់ដៃ​ពិតប្រាកដ​បាន​លេចឡើង​ដោយ​ខ្លួន​នាគ ហើយ​ក្បាលមាន​បើក​ពពារ​ដូច​នាគ​នៅ​ប្រាសាទព្រះវិហារ៕