ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​កូរ៉េ ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប

សៀមរាប ​៖​ ប្រធាន​​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានអោយដឹងថា ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង​លោក​ មូ​ន ចេ​អ៊ី​ន (MOON JAE-IN បាន​មក​ទស្សនកិច្ច​នៅ​តំបន់​មួយ​ចំនួន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦ ​ខែមីនា ​ឆ្នាំ​២០១៩​នេះ។

លោក ឡុង កុសល បាន​បន្ដថា ​​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នេះ ដែល​អាច​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ទោះជា​យ៉ាងណា លោក​ឡុង កុសល ​​មិន​បាន​ដឹង​ថា ​លោក មូ​ន ចេ​អ៊ី​ន (MOON JAE-IN ​ ជួប​ជា​មួយ​ស្ថាប័នរដ្ឋ​ណាមួយ​នោះទេ បន្ទាប់ពី​បញ្ចប់​​​ទស្សនៈកិច្ច​ជា​ផ្លូវរដ្ឋ​នោះ។

បើតាម​កម្មវិធី​ដែល​បានគ្រោង​ទុក សម្រាប់​ទស្សនកិច្ច​រប​ស់​ប្រធាន​ធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន (MOON JAE-IN ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ បាន​បង្ហាញថា លោក​នឹង​មកដល់​ព្រលានយន្ដហោះ​អន្ដរជាតិ ខេត្ដ​សៀមរាប នៅ​ម៉ោង​ប្រ​ម៉ាណ​១០​ព្រឹក ហើយ​បន្ដដំណើរ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ដ។ ក្រោយពី​បញ្ចប់​ទស្សនកិច្ច លោក មូ​ន ជែ​អ៊ី​ន ត្រឡប់​ទៅកាន់​រាជធានី​ភ្នំពេញ​តាម​យន្ដហោះ​ពិសេស នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល។

សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​នេះ កម្ពុជា និង​កូរ៉េខាងត្បូង បាន​ចុះ អនុស្សរណៈ នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី មួយចំនួន។ ការចុះហត្ថលេខា ដោយមាន​ការអញ្ជើញ​ធ្វើជា​សាក្សី ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​កូរ៉េ លោក មូ​ន ចេ​អ៊ី​ន (MOON JAE-IN ដែលមាន​ដូចជា កិច្ច​សម្របសម្រួល​ក្របខ័ណ្ឌ ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទាន នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ​២០១៩-២០២៣។

កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​។ អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា។ អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី រវាង​ទីភ្នាក់ងារជំរុញ​វិនិយោគ​​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភវិឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ។អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវ ជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ​។​

នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា ធុរកិច្ច កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​សម្ដេច​តេ​ជោ បាន​ថ្លែងថា វេទិកា​នេះ បានផ្ដល់​ឱកាស​ឱ្យ​សម្តេច​បាន​ចែករំលែក​ព័ត៌មាន អំពី​ការវិវឌ្ឍ​សំខាន់ៗ នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព និង​សក្ដានុពល​វិនិយោគ ក៏ដូចជា​ការដាក់ចេញ​នូវ​វិធានការ ថ្មីៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​បច្ចុប្បន្ន សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិ​និ​យោគ៕