ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ទេសចរណ៍​តាម​ដង​ទន្លេ​ កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប ដោយ​ឧត្ដមភាព ​និង​ភាព​ទាក់ទាញ​ខ្ពស់

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​សក្តានុពល​ទេសចរណ៍​តាម​ដង​ទន្លេ ​បាននិងកំពុង​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់​និង​ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក​និង​ប្រកបដោយ​ភាពកក់ក្តៅ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានធ្វើការ​កត់សំគាល់​បែបនេះ​នៅក្នុង​សារលិខិត​ចូលរួម​អបអរសាទរ​បុណ្យ​ទន្លេ​លើក​ទី​៥ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា នេះ​រហូតដល់​ថ្ងៃទី​១៧ ខែមីនា ក្រោម​ប្រធានបទ «​ទន្លេ​ផ្សាភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។​

គួរ​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ល្ងាច​ថ្ងៃទី ១៦ ខែ​មីនា​នេះ។

នៅក្នុង​សារលិខិត​អបអរ​បុណ្យ​ទន្លេ​លើក​ទី​៥ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​កត់​សម្គាត់​ថា ផ្លែផ្កា​នៃ​សន្តិភាព​បាន​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ហើយ​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​មាស​បៃតង សម្រេចបាន​នូវ​ការរីកចម្រើន​គួរ​ជាទី​មោទនៈ​ដោយ​ទទួលបាន​កំណើន​វិជ្ជមាន​ជា​រៀងរាល់ឆ្នាំ​ និង​ផ្ដល់​ការងារ​យ៉ាងច្រើន​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ដល់​ប្រជាជន​កម្ពុជា។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​៖ «​ភាពសម្បូរ​បែប​នៃ​សក្តានុពល​ទេសចរណ៍​តាម​ដង​ទន្លេ​បាននិងកំពុង​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព និង ភាព​ទាក់ទាញ​ខ្ពស់ និង ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក​និង​ប្រកបដោយ​ភាពកក់ក្តៅ​អាស៊ាន​( the world clash distination និង Asean feels the warmth) ស្រប​ពេលដែល​ទេសចរណ៍​តាម​ដង​ទន្លេ​ជាពិសេស​ទេសចរណ៍​មេគង្គ បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក៏ដូចជា​តំបន់​អាស៊ាន​»។​

​សម្តេច​តេ​ជោ​បាន​បន្តថា ទឹកទន្លេ​ជា​ប្រភព​នៃ​ការចិញ្ចឹម​បីបាច់​ជីវិត​កន្លែង​ដែល​បណ្ដោះ​បណ្ដាល​និង​ជួយ​ជ្រោង​នូវ​វប្បធម៌​និង​អរិយធម៌​តាំងពី​បុរាណកាល​មក មនុស្សជាតិ​រស់នៅ​តាម​បណ្ដោយ​ទន្លេ​បន្ត​ពូជពង្ស​និង​រស់នៅ​ដោយ​បណ្ដុំ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ។ ជា​ធនាគារ​អំណោយ​ពី​ធម្មជាតិ ដែល​មិន​ត្រឹមតែ​ជាទី​បង្អែក​សម្រាប់​កា​ររ​ស់​នៅ​របស់​យើង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​ដោយ​ធម្មជាតិ​នៃ​ការជួយ​យកអាសា​គ្នា​ផងដែរ។ វា​បាន​ផ្សាភ្ជាប់​ប្រទេស​នានា​ដែល​ហូប​ទឹក​នៃ​ទន្លេ​តែមួយ​ឲ្យ​ក្លាយទៅជា​សហគមន៍​រួម​វាសនា​តែមួយ​ដែល​ប្រកបដោយ​សមត្ថភាព​ជួយ​យកអាសារ​គ្នា​ដោយស្មោះ​ត្រង់​និង​ស្និទ្ធស្នាល​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែមួយ​។​

ក្នុង​បរិការណ៍​នៃ​នេះ រាជរដ្ឋាភិបាល​បានកំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​យកចិត្តទុកដាក់​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​ការប្ដេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់​ក្នុងការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន​និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នេះ​គឺ​« ទន្លេ​ផ្សាភ្ជាប់​សន្តិភាព ប្រជាជន​និង​ទេសចរណ៍​»។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​និង​ការបង្កើត​និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់​ជាពិសេស​ទេសចរណ៍​តាម​នាវា សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ ព្រមទាំង​រួមចំណែក​ជំរុញ​ការតភ្ជាប់​ចំណងមិត្តភាព សាមគ្គីភាព​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បាន​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់​នានា​ដូចជា​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ មេគង្គ​-​ជប៉ុន មេគង្គ​-​គង្គា និង​មេគង្គ -​ឡាន​ឆាង ជាដើម​។​

ក្នុងន័យនេះ រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះ​ជា​រៀងរាល់ឆ្នាំ​នៅតាម បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទាំងអស់នេះ​សបញ្ជាក់​ឲ្យ​ឃើញថា​រាជរដ្ឋាភិបាល​បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ តាម​ដង​ទន្លេ រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ទាំង​ក្នុង​តំបន់​និង​ឆាក​អន្តរជាតិ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ទាក់ទង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​បងប្អូន​ជនរួមជាតិ​ទាំងអស់​វិស័យ​ឯកជន​សហគ្រាស​ធុន​តូច និង​មធ្យម​ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំនេះ នឹង​ពិធីបុណ្យ​ទន្លេ​ជា​បន្តបន្ទាប់​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពជោគជ័យ។​

សម្តេច​តេ​ជោ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​បុណ្យ​ទន្លេ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយទៀត​ក្នុងការ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ដែលជា​កត្តា​ចូលរួមចំណែក​ក្នុងការ​ផ្ដល់​ចំណូល ការបង្កើត​ការងារ និង ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ពិសេស​ចូលរួមចំណែក​ធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្សរ​បស់​អង្គការសហប្រជាជាតិ និង របស់​កម្ពុជា​ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​សាមគ្គីភាព​និង​មិត្តភាព​ផងដែរ។​

ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​ចាប់ពី​ថ្ងៃទី ១៥ ខែមីនា​នេះ រហូតដល់​ថ្ងៃទី ១៧​ខែមីនា ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៩​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។ ក្រសួងទេសចរណ៍​រំពឹងថា នឹងមាន​ពលរដ្ឋ​រហូត​ដល់ ៥០​ម៉ឺន​នាក់ ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ រយៈពេល ៣​ថ្ងៃនេះ។

ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ នឹងមាន​កម្មវិធី​កម្សាន្ត​សិល្បៈ និង​កីឡា​ប្រពៃណីជាតិ​ជាច្រើន ដូចជា​ការតាំង​បង្ហាញ​ផលិតផល និង​ទំនិញ​ផ្សេងៗ ដែលមាន​សក្កានុពល​ក្នុងស្រុក ការប្រគំ​តន្ត្រី រាំ​របាំ បង្ហាញ​ម៉ូត​បែប​បុរាណ សម័យ និង​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ ចូលរួម​លេង​ជាមួយ ។​ជាមួយគ្នា​នោះ​ក៏មាន​ការបង្ហាញ​កីឡាករ​ប្រមាណ​ជាង ១០ ប្រភេទ រួមទាំង​កីឡា​ប្រពៃណី​របស់​ខេត្តកំពង់ឆ្នាំង​គឺ​ចំបាប់​បូរាណ ។ ក្រៅពីនេះ មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​រយៈពេល ២ ថ្ងៃ ការប្រកួត​ទាញព្រ័ត្រ ការប្រកួត​បាល់ទះ ការប្រកួត កីឡា​វាយ​សី ការរត់​កម្សាន្ត ចម្ងាយ ៣​គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ដែល​ពេលនេះ មាន​អ្នកចូលរួម​រត់​ចំនួន​ជាង ២ ០០០​នាក់ និង​កីឡា​ជិះ​កង់​កម្សាន្ត ដែលមាន​អ្នកចូលរួម​ជិះ​ជាង ៥០០​នាក់។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន រំពឹងថា​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នៅ​ខេត្តកំពង់ឆ្នាំង​នេះ ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ទីក្រុង​កំពង់ឆ្នាំង​បំផុស​ចលនា​ទាំងឡាយ ដែល​អាចឈាន​ទៅដល់​ការដណ្ដើម​ជ័យលាភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ និង​ជួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត។

សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដាក់​ទីក្រុង​បេក្ខភាព​ចំនួន ៦ ចូលរួម​ក្នុងការ​ប្រកួត​ដណ្ដើម​ជ័យលាភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ ដោយ​ក្នុងនោះ​រួមមាន ៖ ក្រុង​កំពង់ចាម ក្រុង​ពោធិ៍សាត់ ក្រុង​កំពង់ឆ្នាំង ក្រុង​តាខ្មៅ ក្រុង​កំពត និង​ខណ្ឌដូនពេញ ។ ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២​នេះ គ្រោង​នឹង​ប្រកាស​នៅក្នុង​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ដើមខែ​មករា​ឆ្នាំ​២០២០ ក្នុងប្រទេស​ព្រុយ​ណេ​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ទីក្រុង​កំពង់ឆ្នាំង មាន​រចនាសម្ព័ន្ធ​ល្អ មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​សម័យ​អាណានិគម​បារាំង ។ ដូច្នេះ​ក្រសួង​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរខេត្ត​ត្រូវតែ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្កើន​សេវាកម្ម​ទេសចរណ៍ ប្រកបដោយ «​សេវា​១ ស្តង់ដា​១» ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​ព្រមទាំង​ជម្រុញ​ឲ្យ​គិតគូរ​បន្ថែម​លើ​ការរៀបចំ​ឲ្យ​មាន​ផ្សារ​រាត្រី​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ចំណតទូក​ទេសចរណ៍​ជាដើម៕