ព័ត៍មានទាន់​ហេតុការណ៏
Search

ល្ងាច​ថ្ងៃ​សៅរ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៥​ នៅ​ខេត្ត​កំពង់​ឆ្នាំង

ភ្នំពេញ ​៖ នៅ​ល្ងាច​ថ្ងៃទី ១៦ ខែ​មីនា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់​ឆ្នាំ។

ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ បានចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ខែមីនា​នេះ រហូតដល់​ថ្ងៃទី ១៧​ខែមីនា ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៩​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។ ក្រសួងទេសចរណ៍​រំពឹងថា នឹងមាន​ពលរដ្ឋ​រហូត​ដល់ ៥០​ម៉ឺន​នាក់ ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ រយៈពេល ៣​ថ្ងៃនេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ទាក់ទង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​បងប្អូន​ជនរួមជាតិ​ទាំងអស់​វិស័យ​ឯកជន​សហគ្រាស​ធុន​តូច និង​មធ្យម​ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំនេះ នឹង​ពិធីបុណ្យ​ទន្លេ​ជា​បន្តបន្ទាប់​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពជោគជ័យ។

សម្តេច​តេ​ជោ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​បុណ្យ​ទន្លេ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយទៀត​ក្នុងការ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ដែលជា​កត្តា​ចូលរួមចំណែក​ក្នុងការ​ផ្ដល់​ចំណូល ការបង្កើត​ការងារ និង ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ពិសេស​ចូលរួមចំណែក​ធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្សរ​បស់​អង្គការសហប្រជាជាតិ និង របស់​កម្ពុជា​ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​សាមគ្គីភាព​និង​មិត្តភាព​ផងដែរ។

ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ នឹងមាន​កម្មវិធី​កម្សាន្ត​សិល្បៈ និង​កីឡា​ប្រពៃណីជាតិ​ជាច្រើន ដូចជា​ការតាំង​បង្ហាញ​ផលិតផល និង​ទំនិញ​ផ្សេងៗ ដែលមាន​សក្កា​នុព​ល​ក្នុងស្រុក ការប្រគំ​តន្ត្រី រាំ​របាំ បង្ហាញ​ម៉ូត​បែប​បុរាណ សម័យ និង​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ ចូលរួម​លេង​ជាមួយ ។​ជាមួយគ្នា​នោះ​ក៏មាន​ការបង្ហាញ​កីឡាករ​ប្រមាណ​ជាង ១០ ប្រភេទ រួមទាំង​កីឡា​ប្រពៃណី​របស់​ខេត្តកំពង់ឆ្នាំង​គឺ​ចំបាប់​បូរាណ។ ក្រៅពីនេះ មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​រយៈពេល ២ ថ្ងៃ ការប្រកួត​ទាញព្រ័ត្រ ការប្រកួត​បាល់ទះ ការប្រកួត កីឡា​វាយ​សី ការរត់​កម្សាន្ត ចម្ងាយ ៣​គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ដែល​ពេលនេះ មាន​អ្នកចូលរួម​រត់​ចំនួន​ជាង ២ ០០០​នាក់ និង​កីឡា​ជិះ​កង់​កម្សាន្ត ដែលមាន​អ្នកចូលរួម​ជិះ​ជាង ៥០០​នាក់។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន រំពឹងថា​ ការរៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នៅ​ខេត្តកំពង់ឆ្នាំង​នេះ ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ទីក្រុង​កំពង់ឆ្នាំង​បំផុស​ចលនា​ទាំងឡាយ ដែល​អាចឈាន​ទៅដល់​ការដណ្ដើម​ជ័យលាភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ និង​ជួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត៕