ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រតិភូ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទីក្រុង​ឈុងឆីង​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ​ ៖ លោក​ហាន ប៉ាវ​ឆាង ប្រធាន​មន្ទីរ​គ្រប់គ្រង​គម្រោង​គំរូ​ចិន​.​សិង្ហបុរី​នៃ​ទីក្រុង​ឈុ​ង​ឆី​ង ដែលជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ព្រី​ន​រៀល​អី​ស្តេត បាន​ថ្លែងថា លោក​មាន​ការចាប់​អារ​ម្ម​ណ៍​ខ្លាំង​ទៅលើ​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​នឹង​នាំយក​ព័ត៌មាន​ល្អៗ​ពី​កម្ពុជា ពិសេស​ផ្សព្វផ្សាយ​ពី​សក្ដានុពល​រាជធានី​ភ្នំពេញ ដែលមាន​ទៅប្រាប់​ដល់​ក្រុម​អ្នកវិនិយោគ​នៅ​ទីក្រុង​ឈុ​ង​ឆី​ង។

​ឲលោក​ហាន ប៉ាវ​ឆាង​ថ្លែង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​១៥​មីនា​ក្នុង​ឱ​កាស​ជួប​សំណេះសំណាល​ជាមួយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

លោក​ហាន ប៉ាវ​ឆាង បាន​បន្តថា មន្ទីរ​គ្រប់គ្រង​របស់លោក​ក៏មាន​ជំនាញ​លើ​ការវិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​,​អាកាស ចរាចរណ៍​,​ដឹកជញ្ជូន​ផ្លូវគោក និង​ព័ត៌មាន​វិទ្យា​ជាដើម​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី ហើយក៏​អាច​ពង្រីក​មកដល់​ប្រទេស​ទី​៣​ដូចជា​រាជធានី​ភ្នំពេញ​ជាដើម​។​

លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះ បាន​គូសបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀមខ្លួន​ជាស្រេច និង​រង់ចាំ​ជួយ​សម្រួល​លក្ខខ័ណ្ឌ​វិនិយោគ​ដល់​ក្រុមហ៊ុន​វិនិយោគ​មកពី​ទីក្រុង​ឈុ​ង​ឆី​ង ដែលជា​ទីក្រុង​សម្ពន្ធភាពជា​មួយ​រាជធានី​ភ្នំពេញ។

លោក​បន្តថា រាជធានី​ភ្នំពេញ មាន​សក្ដានុពល​ច្រើន​នៅ​រាជធានី​ភ្នំពេញ និង​មានច្បាប់​វិនិយោគ​ដែល​មិន​ស្មុគស្មាញ និង​មានការ​អនុគ្រោះ​ច្រើន​ដល់​អ្នកវិនិយោគ​រួម​នឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ដែលជា​ការផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ៕