ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ភ្នំពេញ ស្នើឱ្យ​ថ្នាក់ដឹកនាំ ប្រធាន​អង្គភាព​ចំណុះអោយ​រដ្ឋបាល​រាជធានី​ទាំងអស់​អនុវត្ត​ការងារ​ឱ្យ​ស្របតាម​បាវចនា​០២​និង​អភិក្រម​៥ របស់​សម្ដេច​នាយករដ្ឋមន្ត្រី

ភ្នំពេញ ​៖ ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានស្នើ​ឱ្យ ថ្នាក់ដឹកនាំ និង ប្រធាន​អង្គភាព ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ប្រតិបត្តិ​ខ្លួន​ជា​មេដឹកនាំ បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់ ហើយ​ត្រូវអនុវត្ត​ឱ្យ​ស្របតាម​បាវចនា​ទាំង​០២ និង អភិក្រម​ទាំង​០៥ របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ កែទម្រង់​ខាងក្នុង ពង្រីក​មិត្ត​ខាងក្រៅ និង ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល​និង​វះកាត់ ដើម្បី​បន្ត​និរន្តរភាព​រដ្ឋបាល និង បន្ត​អនុវត្តន៍​ស្នា ដៃ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព។

ការស្នើ​ដូចនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី ប្រកាស​តែងតាំង​មុខតំណែង ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ​ថ្មី កាលពី​រសៀល​ថ្ងៃទី​១៥ ខែ មីនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឆាន់ វឌ្ឍនៈ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​លោក ម៉ម សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ប្រធាន​អង្គភាព និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការប្រកាស​តែងតាំង​មន្ត្រីរាជការ ធ្វើឡើង​ជាធម្មតា ក្នុង​ដំណើរការ​មុខងារសាធារណៈ​របស់​ម​ន្ត្រី​រាជការ ស៊ីវិល ដែល​តែងតែមាន ការតែងតាំង ការផ្ទេរ​ភារកិច្ច សម្រួល​ភារកិច្ច និង​ចូលនិវត្តន៍ ទៅតាម​នីតិ​វិធី​ដែល​បាន​កំណត់ដោយ​ច្បាប់​។​

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ចូលកាន់​មុខតំណែង​នេះ​គឺ​ត្រូវបានតែងតាំង​លោក ស៊ា​ង ដា​រ៉ា ជា​ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ ជំនួស​លោក កែ ប៊ុន​ឡេង ដែល​ត្រូវ​ចូលនិវត្តន៍​។​

លោក​អភិបាល​បាន​បញ្ជាក់ថា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ចំនួន​៤​របស់​រាជរដ្ឋាភិបាល ដែល​ក្នុងនោះ​មាន ការប្រយុទ្ធប្រឆាំង​អំពើ​​ពុករលួយ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ប្រើប្រាស់​ឱ្យអស់​សក្ដានុពល និង​កាលានុវត្តភាព​ទាំងឡាយ​ដែលមាន ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ មាន​ភាពច្បាស់លាស់ ចំ​ទិសដៅ ទាន់សភាពការណ៍ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ និង​ដំណើរ​វិវឌ្ឍន៍​នៃ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​។​
​លោក​អភិបាល​បញ្ជាក់ថា ថ្វីត្បិតតែ​រតនាគារ​រាជធានី​ភ្នំពេញ គឺជា​អង្គភាព​មូលដ្ឋាន ចំណុះឱ្យ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុន្តែ​ជា​កត្តា​សត្យានុម័ត អង្គភាព​នេះ ក៏​ត្រូវមាន​គណនេយ្យភាព ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ក្នុងតួនាទី និង​ភារកិច្ច​ស្នូល ចំនួន​៤​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ផងដែរ​។ ដូច្នេះ ប្រធាន​រតនាគារ​រាជធានី​ថ្មី ត្រូវតែ​បន្ត​ពង្រឹង​អភិបាលកិច្ច ក្នុងការ​គ្រប់ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក៏ដូចជា​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ឱ្យបាន​ល្អ បង្កើន​សាមគ្គីភាព មិត្តភាព រក្សា​ឯកភាព​ផ្ទៃក្នុង និង បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត។

លោក ស៊ា ដា​រ៉ា ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ ថ្មី ក៏បាន​ប្តេជ្ញា​អនុវត្ត​ឱ្យបាន​ល្អ តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ពិសេស​អនុវត្តតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​បទបញ្ជា​រប​ស់​ក្រសួង​សាមី និង​ផែនការ​សកម្មភាព​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជា ពលរដ្ឋ​ក្នុង​រាជធានី និង​សង្គមជាតិ​ទាំងមូល៕