ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​ចិន​ ឆក់​កាបូប​ចិន​ដូចគ្នា ​ត្រូវ​ចាប់​ដាក់​ខ្នោះ​ម្នាក់

ព្រះសីហនុ​ ៖​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ចោរឆក់​កាបូប (​លួច​មាន​ស្ថាន​ទម្ងន់​ទោស​) បង្ក​ដោយ​ជនជាតិ​ចិន​ដូចគ្នា​២​នាក់ នៅ​ចំណុច​ភូមិ​២ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះ​សី នុ ប៉ុន្តែ​ជន​ដៃដល់​រត់​មិន​រួច​ត្រូវ​ចាប់​​ខ្លួន​បាន​ម្នាក់។

ជនសង្ស័យ ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ដៃ​ជនរងគ្រោះ ជា​ជន​ជាតិ​ចិន ភេទ​ស្រី ខណៈ​ពេល​ជនរងគ្រោះ​កំពុង​ចុះ​ពីលើ​រថយន្ត​ដើរចូល​ផ្ទះ។ បន្ទាប់ពី​ឆក់យក​កាបូប​បាន​ហើយ ជនសង្ស័យ​ម្នាក់​បាន​រត់​ទៅ​ជិះ​ម៉ូតូ​ម៉ាក​អ៊ែរ​ប្លែ​ត​១​គ្រឿង​ពណ៌​ខ្មៅ​លាយ​ប្រផេះ គ្មាន​ស្លាក​លេខ ដែល​បក្ខពួក​ម្នាក់ទៀត បញ្ឆេះ​នៅចាំ​ក្បែរ​នោះ រួច​បើក​ជិះ​គេចខ្លួន​បាត់ស្រមោល។ តែ​ទោះជា យ៉ាង​ណាក្តី ព័ត៌មាន​ស្តីពី​អំពើ​ឆក់​នោះ ត្រូវបាន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ទទួល​បាន​ភ្លាម ក្រោម​បទបញ្ជា​ពី​ស្នងការ​នគរបាល​ខេត្ត កម្លាំង​សហការ​មាន​នគរបាល​ក្រុង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ និង​យ៉ាង​យកចិត្តទុកដាក់​បំផុត លុះ​វេលា​ព្រឹក​ថ្ងៃ​ដដែល​ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រីឯ​ម្នាក់ទៀត​កំពុង​គេចខ្លួន។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ MA QING LAI ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​អូរត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ និង​ម្នាក់​គេចខ្លួន​ឈ្មោះ A BIAO ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​ដូចគ្នា។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ WU ZHONGBING ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​សណ្ឋាគារ​ព្រី​ន មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ។

វត្ថុ​តាង​ចាប់​យក​មាន​.​កាបូបដៃ​០១ ពណ៌​ខ្មៅ .​វិទ្យុ​ទាក់ទង​០១​គ្រឿង​ .​សៀវភៅសរសេរ ០២​ក្បាល​.​លុយ​១,៨៧៥​ដុល្លារ​អាមេរិក។ .​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក VIVO ពណ៌​ខ្មៅ​ .​ទួរណឺវិស​ធំ​ៗ​ចំនួន ០៤
.​ញញួរ ០១ .​ស្កុ​ត ០១​ដុំ​ .​ម៉ាស់ ០១​ដុំ .​ម៉ូតូ ០១​គ្រឿង ម៉ាក អ៊ែរ​ប្លែ​ត ពណ៌​ខ្មៅ​-​ប្រផេះ គ្មាន​ស្លាក​លេខ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព។

ករណី​ខាងលើនេះ​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន និង​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​សម្រេច​តាមច្បាប់៕