ព័ត៍មានទាន់​ហេតុការណ៏
Search

សិលា ផិ​ប​ភើរ បង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​លើក​កម្ពស់​វិស័យ​ម្រេច​នៅ​កម្ពុជា​

ភ្នំពេញ ​៖​ ដោយសារតែ​អំណោយផល​ពី​លក្ខខណ្ឌ​អាកាសធាតុ ដី ដែលមាន​ជីវជាតិ និង​ទឹក គ្រប់គ្រាន់ ជាហេតុ​ធ្វើ​ឲ្យ​ម្រេច​កម្ពុជា មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​និង​ហិល ខុស​ពី​ម្រេច​ប្រទេស​ដទៃទៀត ដែល​ត្រូវបាន​ល្បីល្បាញ​ទូទាំង​សកលលោក​។​ ដោយសារតែ​កង្វះខាត​ឧបករណ៍​កែច្នៃ​ដែល​បំពាក់​ដោយ​បច្ចេកទេស​ទំនើប និង កង្វះខាត​សមត្ថភាព​ក្នុងកា​នាំចេញ ទើប​ធ្វើ​ឲ្យ បន្ទាប់ពី​ប្រមូល​ផល​របស់​កសិករ​ត្រូវ​បាន​លក់​ផលិតផល​ម្រេច​របស់​ខ្លួន​ទៅ​ឈ្មួញ​កណ្តាល ឬ​ប្រទេសជិតខាង​ក្នុង​តម្លៃ​ទាប។

កញ្ញា ស៊ឹង សុ​ផា ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​សិលា​ផិ​ប​ភើរ​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ក្នុង​សន្និសីទ​សារពត៌មាន​មួយ​កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​នេះ។ កញ្ញា​បន្តថា ​ក្នុង​គោលបំណង​លើក​កំពស់​វិស័យ​ម្រេច​របស់​កម្ពុជា​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ពី​គុណ​ភាព​ល្អ​បំផុត​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក្រុមហ៊ុន សិលា ផិ​ប​ភើរ បាន​បង្កើត និង​បើក​ដំណើរការ​រោងចក្រ​កែច្នៃ​ម្រេច​កម្ពុ​ជា​ដំបូង​គេ​បង្អស់​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ដោយ​ផ្អែកលើ​គុណភាព សុវត្ថិភាព​ស្តង់ដារ​អន្តរជាតិ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅ​ស្រុក។

រោងចក្រ​កែច្នៃ​មួយ​នេះ​ត្រូវបាន​តំទ្បើង​តាម​ស្តង់ដារ​ខ្ពស់បំផុត ដែលមាន​សមត្ថភាព​ក្នុង​ការ​សម្អាត​និង​ចាប់​កម្ទេចកំទី ​និង​សម្លាប់​មេរោគ​ដោយ​ប្រើ​បច្ចេកវិទ្យា​ចំហាយ​ទឹក​និង​កម្ដៅ ព្រមទាំង​មន្ទីរពិសោធន៍​ដើម្បី​ធ្វើតេស្ត​សារធាតុ​គីមី​និង​ពពួក​បាក់តេរី។ ក្នុង​ការផលិត​រោងចក្រ​មួយ​នេះ​មាន​សមត្ថភាព​អាច​ផលិត​បាន​ផលិតផល​សម្រេចបាន 1,5 តោន​ក្នុង​មួយ​ម៉ោង ធានា​នូវ​គុណភាព សុ​វត្តិភាព​ដែល​ឆ្លើយតប​ទៅ​និង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។ ជាមួយគ្នានេះដែរ​ក្រុមហ៊ុន សិលា ផិ​ប​ភើរ បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​គុណភាព និង​ទទួលបាន​វិញ្ញាបនបត្រ​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ដូចជា​៖ BRC, GMP HACCP, ISO 22000: 2005, Vegan និង OU Kosher។ ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត​មហិច្ឆតា​របស់​ខ្លួន​គឺ​ធ្វើ​យ៉ាងណា​អោយ​ផលិតផល​កសិកម្ម​ម្រេច​កម្ពុជា​ទទួល​បាន​នូវ​ការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ពី​អ្នកប្រើប្រាស់​ក្នុង​និង​ក្រៅ​ប្រទេស។ ដើម្បី​ឆ្លើយតប​ទៅ​និង​សេចក្តី​ត្រូវ​ការ​នេះ​ក្រុមហ៊ុន​ខិតខំ​កែច្នៃ​ម្រេច​ទៅតាម​ប្រភេទ​ផ្សេងៗ​គ្នា រួមមាន ម្រេច​ម៉ត់ ម្រេច​គ្រាប់ ទឹកជ្រលក់​ម្រេច និង​ប្រភេទ​ម្រេច​ដប​ដែល​គម្រប​ក្បាល​កេនរ រាល់​ផលិតផល​ទាំងនេះ​ជា​ផលិតផល​សម្រេច​ពេលដែល​អតិថិជន​ទិញ​ពី​ផ្សារ​គឺអាច​យកទៅ​ប្រើប្រាស់​និង​បរិភោគ​ប្រកបដោយ​សុ​វត្ថិភាព​។​
ក្រៅពី​ការពង្រឹង​សមត្ថភាព​និង​លទ្ធភាព​ផលិត​របស់ខ្លួន ក្រុមហ៊ុន សិលា ផិ​ប​ភើរ បាន​សហការ​ជាមួយ​កសិករ​និង​សហគមន៍​ដាំ​ដុះ​ម្រេច​ដើម្បី​បណ្តុះបណ្តាល​អំពី​ជំនាញ​ក្នុង​ការ​ថែទាំ ការប្រើប្រាស់​ជី និង​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​អោយ​បាន​សមស្រប​ទៅ​នឹង​ស្ថានភាព​ដី ស្ថានភាព​អាកាសធាតុ ស្ថានភាព​ដំណាំ​ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​គុណភាព​ម្រេច​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ក៏បាន​ចែករំលែក​ចំណេះដឹង​ទៅដល់​កសិករ​ដើម្បី​លើកកម្ពស់​ដល់​ការ​ធ្វើ​កសិកម្ម​ម្រេច​ប្រកបដោយ​និរន្តរភាព​។ សិលា​ផិ​ប​ភើរ​តែងតែ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការ​តាំ​ពិព័រណ៍​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ​ប្រកបដោយ​មោទនភាព​ជាតិខ្មែរ ដើម្បី​បន្តធ្វើ​ការផ្សព្វផ្សាយ​ទីផ្សារ​ម្រេច​កម្ពុជា​ឲ្យ​មាន​ភាព​ខ្លាំងក្លា​និង​ទូលំទូលាយ។

ជាមួយ​ការប្តេជ្ញាចិត្ត គំនិត​ច្នៃប្រឌិត​ខ្ពស់ នឹង​ការ​ខិតខំ​ប្រឹងប្រែង​ក្រុមហ៊ុន សិលា ផិ​ប​ភើរ បានសម្រេច​នូវ​ស្នាដៃ​របស់​ខ្លួន​ដោយ​បាន​ផលិត​ជា​ផលិតផល​សម្រេច​ ដែល​មាន​តែមួយគត់​ទាំង​ស្លាក​សញ្ញា ការ​រចនា​រូបរាង​ប្រកបដោយ​គុណភាព សុ​វត្ថិភាព​សម្រាប់​លក់​ជូន​អតិថិជន​ក្នុងស្រុក​និង​ក្រៅ​ស្រុក។

នៅក្នុង​ដំណើរការ​នេះ​កសិករ​ទទួលបាន​ផលប្រយោជន៍​តាមរយៈ​ការលក់​ផលិតផល​ម្រេច​ទៅកាន់​ទីផ្សារ​ក្នុង​តម្លៃ​មួយ​ខ្ពស់​សមរម្យ​ដែល​អាច​ទទួល​យក​បាន ហើយ​មួយវិញទៀត​ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ប្រាក់ចំណូល​តាមរយៈ​ការនាំចេញ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​និង​បច្ចេកវិទ្យា​កែច្នៃ​នេះ​ផងដែរ​នាំមុខ​ដោយ​ក្រុមហ៊ុន សិលា ផិ​ប​ភើរ។ ខណៈពេលដែល​ផលិតផល​ម្រេច​នៅ​ប្រទេសជិតខាង​កំពុង​ទទួលរង​នូវ​បញ្ហា​គុណភាព​ដែលមាន​សារធាតុ​គីមី​ច្រើន​ហួស​កម្រិត ដើម្បី​រក្សា​បាន​នូវ និរន្ត​ភាព​គុណភាព សោភណភាព ទិន្នផល​ខ្ពស់ និង​ការ​ដាំដុះ​ ដែល​មាន​ការប្រើប្រាស់​សារធាតុ​គីមី​តិចតួច​បំផុត។

សិលា ផិ​ប​ភើរ សូម​ធ្វើការ​ប្រកាស​ជា​ផ្លូវការ នៃ​ការ​បង្កើតជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ទំនើប ដែលជា​កន្លែង​ប្រមូលផ្តុំ​ព័ត៌មាន​បច្ចេកវិទ្យា សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​និង វិធីសាស្ត្រ​ថ្មី លើ​វិស័យ​ម្រេច​កម្ពុជា មាន​ទីតាំងនៅ​ឃុំ​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដែល​នឹង​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​តំបន់​ដាំ​ដុះ​ម្រេច​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​ការវិនិយោគ​និង​ចក្ខុវិស័យ​ខ្ពស់​របស់ សិលា ផិ​ប​ភើរ នឹង​ប្តេជ្ញា​នាំយក​កេរ្តិ៍ឈ្មោះ​ម្រេច​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែល​ប្រកប សោភណភាព គុណភាព​ខ្ពស់ ការទុកចិត្ត និង​សេវាកម្ម​ល្អ​ទាំង​ក្នុង​និង​ក្រៅប្រទេស៕