ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​មនុស្ស​ស្លាប់​ក្នុង​ទឹកស្រះ មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​

​បាត់ដំបង ៖ បុរស​ម្នាក់​ដែលមាន​មុខរបរ​ដើរ​លក់​សាច់​ឆ្កែ ហើយក៏​ជា​មនុស្ស​ស្រវឹង​ខួប ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹកស្រះ ឆ្ងាយ​ពី​ភូមិ ព្រមទាំង​មាន​ស្លាកស្នាម​បន្តិច​បន្តួច​នៅលើ​ផ្ទៃមុខ​ផង​ដែរ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​មូលហេតុ​សមត្ថកិច្ច​មិនទាន់​អះអាងថា ​យ៉ាងណា​នោះឡើយ ដោយ​កំពុង​សិក្សា និង​ស្រាវជ្រាវ។​

​ការភ្ញាក់ផ្អើល​នេះ គឺ​នៅវេលា​ម៉ោង​ប្រមាណ១២និង៣០នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្រះ​ទឹក​មួយកន្លែង​ដែលមាន​ថ្ម​រដិបរដុប​ ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយសារ​តែមាន​មនុស្ស​ស្លាប់​នៅ​ទីនោះ។​

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​គឺ មាន​ឈ្មោះ សំ ម៉ៅ ភេទ​ប្រុស អាយុ៤៩ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង និង​មាន​មុខរបរ​ដើរ​លក់​សាច់​ឆ្កែ​ នៅតាម​ភូមិ​ ហើយ​គេ​ក៏​ជាម​នុស្ស​ស្រវឹងខួប និង​តែង​តែ​រករឿង​ប្រពន្ធ​ជា​ញឹកញាប់ នៅពេល​ដែល​ស្រវឹង​ម្តងៗ។​

​នៅលើ​រាងកាយ​សព សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មាន​ស្លាកស្នាម​មួយ​ចំនួន​ដោយសារតែ​ការ​ដាច់​រលាត់ ព្រមទាំង​មាន​ក្រណាត់​ក្រមា​មួយ​ចម្រៀក​មក​រុំ ក​ ផង​ដែរ ដោយ​បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ទៅ​សហការ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ឲ្យ​ឃើញ ដោយ​លោកនាយ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ លោក អ៊ួ​ន ហ្វៃ មិនទាន់​ហ៊ាន​សន្និដ្ឋានថា​យ៉ាង​ណា​នោះឡើយ ដោយ​លោក​សុំ​ពេលធ្វើការ ស្រាវជ្រាវ​សិន ព្រោះ​មិនទាន់​ដឹងថា ជា​អំពើ​ឃាតកម្ម ឬ​ជា​អំពើ​អត្តឃាត ឬក៏​ស្លាប់​ដោយសារ​ស្រវឹង?៕