ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បង្ហាញ​ពី​របៀប​ការពារ​និង​សង្គ្រោះ​បឋម​នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង

ភ្នំពេញ ​៖ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបង្ហាញ​ពី​របៀប​ការពារ និង​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​សុខភាព​ ខណៈ​កម្ពុជា​កំពុង​ទទួលរង​នូវ​អាកាស​ក្ដៅ​ខ្លាំង​ ដែល​មាន​សីតុណ្ហភាព​ឡើង​រហូតដល់​ទៅ​៤០-៤២​អង្សា​សេ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​ បាន​មានប្រសាសន៍ថា ​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ​ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​មនុស្ស​ចាស់ និង​កុមារ​តូចៗ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​ដោយសារ​បញ្ហា​ជំងឺ​បេះដូង ជំងឺ​សួត ​និង​អាចមាន​ជំងឺឆ្លង​ផ្សេងៗ​ទៀត។

ជាមួយគ្នានេះដែរ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ពិសា​ទឹក​ឱ្យបាន​ច្រើន និង​ជៀសវាង​ការ​បរិភោគ​ភេសជ្ជៈ​ផ្អែម កុំ​នៅ​ក្រោម​កំដៅថ្ងៃ​យូរពេក ត្រូវ​ស្លៀក​សម្លៀកបំពាក់​ស្ដើងៗ និង​ពណ៌​ស្រាលៗ​ ដែល​មិនសូវ​ស្រូប​កម្ដៅ​ថ្ងៃ និង​ស្លៀកពាក់​ខោអាវ​វែង ហើយ​ពេល​ចេញទៅ​ក្រៅ​ត្រូវ​ពាក់មួក និង​ប្រើ​ឆត្រ ដើម្បី​ការពារ។

ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជាប់​ជានិច្ច ដោយ​ការបរិភោគ​ចំណីអាហារ ត្រូវ​ស្អាត មាន​អនាម័យ​ល្អ ទុកដាក់​ម្ហូប​ឱ្យបាន​ត្រឹមត្រូវ របស់​ឆៅ របស់​ស្រស់ ឱ្យមាន​របៀប​កុំ​នៅ​ច្របូកច្របល់​គ្នា ត្រូវ​ចម្អិនម្ហូប​ឱ្យ​ឆ្អិន​ល្អ កាលណា​រដូវក្ដៅ​អាហារ​ងាយ​នឹង​ជូរ​ផ្អូម​, ពិសា​ទឹក ទឹក​នោះ​ត្រូវតែ​ស្អាត​មាន​អនាម័យ និង​ទឹក​ឆ្អិន​រួម​ទាំង​ត្រូវ​សម្អាត​ចង្ក្រាន ​និង​បរិវេណ​ជុំវិញ​ដើម្បី​ជៀសវាង​នូវ​ការចម្លង​រោគ​ផ្សេងៗ​និង​ជៀសវាង​ពិសា​អាហារ​ក្ដៅ និង​ពិសា​អាហារ​ច្រើនពេក។

ពាក់ព័ន្ធ​នឹង​វិធី​សង្គ្រោះ​បឋម​នៅក្នុង អាកាសធាតុ​ក្ដៅ​ខ្លាំង​វិញ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​ បាន​ឲ្យ​ដឹងថា ​នៅក្នុង អាកាសធាតុ​ក្ដៅ​ខ្លាំង​កាលបើ​យើង​ប្រហែស ឬ​មិនបាន​យក​ចិ​ត្ដ​ទុកដាក់ អាច​នឹង​បណ្ដាល​ឲ្យ​យើង​ស្លាប់​បាន ដោយសារតែ​យើង​ខ្សោះ​ជាតិ​ទឹក បាត់​នូវ​សារ​ធាតុ​រ៉ែ ធ្វើឱ្យ​យើង​ដួលសន្លប់ កុំ​ទុក​គាត់​យូរ ត្រូវ​ប្រញាប់​នាំមក​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​គាត់​ហើយ សម្រាប់​អ្នក​ដួលសន្លប់ ត្រូវដាក់​អ្នកជំងឺ ឱ្យ​សម្រាក ដោយ​លើកជើង​គាត់​ឡើងលើ​បន្ដិច ឬ​កល​ជើង​ឱ្យ​ខ្ពស់ ដើម្បីឱ្យ​ចរន្ដឈាម​ហូរ​មក​ខួរក្បាល ត្រូវដាក់​នៅក្រោម​ម្លប់​ដែល​ត្រជាក់​។​
​ត្រូវ​ដោះ ឬ​បន្ធូរ​សម្លៀកបំពាក់​អ្នកជំងឺ​ចេញ ឱ្យ​អ្នកជំងឺ​ពិសា​ទឹក ឬ​ទឹក​ដែលមាន​ជាតិ​រ៉ែ ឬក៏​អាច​ផ្ដល់​ទឹក​ដែល​យើង​អាចធ្វើ​បាន ដោយ​លាយ​អំបិល​១​ស្លាប​ព្រាប​កាហ្វេ ជាមួយ​ទឹក​២៥​ស្លាបព្រា​បាយ មិនត្រូវ​ផ្ដល់នូវ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ជាតិ​ស្រា​ឡើយ និង​ត្រូវ​ដណ្ដប់​អ្នកជំងឺ​ដោយ​ក្រណាត់​សើម ដោយ​ប្រើ​ទឹក​ធម្មតា។

យោងតាម​ការព្យាករណ៍​លើក​ទី​២​របស់​ក្រសួង​ធនធាន​ទឹកនិង​ឧ​តុ​និយម​ចេញផ្សាយ​កាលពីដើម​សប្តាហ៍​នេះ ​បាន​ឲ្យ​ដឹងថា ​រដូវប្រាំង​នៅ​ឆ្នាំនេះ​ នឹង​អូសបន្លាយ​រហូតដល់​ពាក់​កណ្តាល​ខែឧសភា​ហើយ​សីតុណ្ហភាព​ក៏​ខ្ពស់ជាង​ឆ្នាំ​២០១៨​កន្លងទៅ​នេះដែរ​ ពោលគឺ​ស្ថិតក្នុង​រង្វង់​ពី​៣៦​ដល់​៣៨​អង្សា​សេ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​ ប៉ុន្តែ​នៅក្នុង​ខែមេសា​និង​ខែឧសភា​អាកាសធាតុ​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​ ហើយ​ពេលខ្លះ​សីតុណ្ហភាព​អាច​ហក់​ឡើង​រហូតដល់​៤០​ទៅ​៤២​អង្សា​សេ​ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​និង​តំបន់​ខ្ពស់​រាប​ភាគ​ខាងជើង៕