ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​Maduro​ បង្កើត​អង្គភាព​យោធា​ដើម្បី​ការពារ​ទីតាំង​សេវា​សាធារណៈ

ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro បាន​បង្កើត​អង្គភាព​យោធា​មួយ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ទទួលបន្ទុក​ការពារ​ទីតាំង​និង​សេវាកម្ម​ជា​មូលដ្ឋាន​ដូចជា​អគ្គិសនី​និង​ទឹក​ជាដើម​ដែល​ការ​បង្កើត​នេះ​ បាន​កើតឡើង​ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​បន្ទាប់ពី​ប្រទេស​នេះ​ត្រូវ​រងគ្រោះ​ដោយ​ការ​ដាច់​ភ្លើង​ដ៏​ធំ​មួយ។

លោក Maduro បាន​បន្ទោស​វា​ទៅលើ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ដឹកនាំ​ដោយ​អាមេរិក​ប៉ុន្តែ​អ្នក​រិះគន់​និយាយថា រដ្ឋាភិបាល​មាន​កំហុស​ចំពោះ​បរាជ័យ​ក្នុងការ​រក្សា​ហេដ្ឋារចនាសម្ព័ន្ធ។

ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​និង​វិទ្យុ លោក Maduro បាន​និយាយថា “​បញ្ជាការដ្ឋាន​សម្រាប់​ការការពារ​សេវា​យុទ្ធសាស្ត្រ​មូលដ្ឋាន​នឹងត្រូវ​បានប្រគល់​ភារកិច្ច​ឲ្យ​ធានា​សុវត្ថិភាព ប្រតិបត្តិការ​និង​ការថែទាំ​។ មន្ត្រី​របស់ខ្លួន​នឹង​ទទួលខុសត្រូវ​ក្នុងការ​ធានា​សន្តិសុខ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការថែរក្សា​ឧបករណ៍”។

លោក Maduro បាន​អះអាង​ជាថ្មី​ម្តង​ទៀតថា ការ​ដាច់​ភ្លើង​ដែល​បានអូសបន្លាយ​ពេល​ជិត​មួយ​សប្ដាហ៍​គឺជា​ការវាយប្រហារ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​រោងចក្រ​វា​រី​អគ្គិសនី​ដ៏​សំខាន់​របស់​ប្រទេស​នៅ​ទីក្រុង Guri ក្នុង​រដ្ឋ Bolivar ដែល​បញ្ជា​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​របស់លោក Donald Trump គឺ​លោក John Bolton។

ការ​ដាច់​ភ្លើង​បាន​វាយប្រហារ​នៅ​ថ្ងៃទី​៧​ខែមីនា​ហើយ​បានធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​ជាប់គាំង​។​
​រដ្ឋាភិបាល​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា អគ្គិសនី​បាន​វិល​ត្រលប់​មកវិញ​នៅក្នុង​ប្រទេស​ទាំងមូល​ប៉ុន្តែ​តំបន់​ភាគ​ខាងលិច​នៅតែ​ត្រូវបាន​គេ​រាយការណ៍​អំពី​ការ​កាត់ផ្តាច់។

មេដឹកនាំ​សង្គមនិយម​រូបនេះ​បាន​ចោទប្រកាន់​ក្រុមប្រឆាំង​អំពី​ការបង្កើត​ផែនការ​មួយ​ស្រប​ជាមួយ​ការ​ដាច់​ចរន្តអគ្គិសនី​ដើម្បី​បង្ក​អំពើហិង្សា​ជាទូទៅ​។​

មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido បានចាប់ផ្តើម​ប្រជែង​ជាមួយ​ភាពជា​អ្នកដឹកនាំ​របស់លោក Maduro កាលពី​ខែមករា​ដោយ​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​។​

ចាប់តាំងពី​ពេលនោះ​មក គាត់​ត្រូវបាន​ទទួលស្គាល់​ដោយ​បណ្តា​ប្រទេស​ជាង​៥០​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​៕ AFP


TAG