ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ទស្សនកិច្ច​របស់​លោក មូ​ន ចេ​អ៊ីន បាន​លើកកម្ពស់​ចំណងមិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ​និង​កាន់តែ​ទូលំទូលាយ​

​ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក មូ​ន ចេ​អ៊ីន​ (MoonJae-in)​ ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា នាពេលនេះ ​គឺ​បាន​លើកកម្ពស់​នូវ​ចំណងមិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ និង​កាន់តែ​ទូលំទូលាយ​រវាង​ប្រទេស​ទាំងពីរ​។

​ជាមួយគ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ក៏បាន​អរគុណ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដែល​បាន​ផ្តល់​នូវ​ឥណទាន​សម្បទាន​៧០០​លាន​ដុល្លារ​ សម្រាប់​យក​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ពី​ឆ្នាំ​២០១៩-២០២៣។​

នៅ​ពី​ព្រឹក​ថ្ងៃទី​១៦​មិនា នេះ ខណៈពេលដែល​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើង​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​ ៖« ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក មូ​ន ចេ​អ៊ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​កម្ពុជា​នាពេលនេះ​ គឺ​បាន​លើកកម្ពស់​នូវ​ចំណងមិត្តភាព និង កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ និង​កាន់តែ​ទូលំទូលាយ​រវាង​ប្រទេស​ទាំងពីរ។

វេទិកា​ធុរកិច្ច​កម្ពុជា ​និង​សាធារណរដ្ឋ​កូរ៉េ គឺ​បាន​ផ្តល់នូវ​ទំនុក​ចិត្ត និង​ភាព​កក់ក្តៅ​កាន់តែ​រឹងមាំ​ដល់​ទេសចរ​ និង​វិនិយោគិន​កូរ៉េ រហូតដល់​យើង​សម្រេចបាន​នូវ​ការចុះហត្ថលេខា​ឯកសារ​អនុស្សរណៈ និង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន ៥​ទៀតផង​។ កម្ពុជា​ អរគុណ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ ដែល​បាន​ផ្តល់​នូវ​ឥណទាន​សម្បទាន​៧០០​លាន​ដុល្លារ ​សម្រាប់​យក​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ពី​ឆ្នាំ​២០១៩-២០២៣»។

សម្ដេច​តេ​ជោ បាន​ជូនពរ​លោក​ប្រធានាធិបតី និង​លោកជំទាវ​បាន​សប្បាយរីករាយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​សៀមរាប​អង្គរ​ថ្ងៃនេះ និង​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តី​សុខ​គ្រប់​ទី​កន្លែង។​

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ បាន​អញ្ជើញ​មកដល់​កម្ពុជា​កាលពី​រសៀល ​ថ្ងៃ​ទី​១៤​មីនា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៣​ថ្ងៃ តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណាជា​អម្ចាស់​ជីវិត​លើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​១ របស់ លោក មូ​ន ចេ​អ៊ីន មកកាន់​កម្ពុជា​និង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​៣ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ នៅ​កម្ពុជា ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦​មីនា​នេះ លោក មូ​ន ចេ​អ៊ីន បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង ,​ជួប​ជាមួយ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព។ តាមរយៈ​ជំនួប​នេះ​ ប្រធានាធិបតី​កូរ៉េខាងត្បូង​ និង​ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ និង​ការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ ​និង​អន្តរជាតិ ដែល​ជា​ក្តី​កង្វល់ ​និង​ផលប្រយោជន៍​រួម។

បន្ទាប់មក​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​៥ ក្នុងនោះ កូរ៉េខាងត្បូង​បាន​ផ្តល់នូវ​ឥណទាន​សម្បទាន​ដល់​កម្ពុជា​ចំនួន​៧០០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​ពី​ឆ្នាំ​២០១៩-២០២៣ ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​,​ធនធានទឹក​,​វិស័យ​សុខភាព​សាធារណៈ អប់រំ បណ្ដុះបណ្ដាល​ធនធានមនុស្ស ទេសចរណ៍ និង អភិវឌ្ឍន៍​ជនបទ។ បន្ទាប់មក​ មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ចូលរួម​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​- កូរ៉េ លើក​ទី​៤ នៅក្នុង​វេទិកា​ធុរកិច្ច​នោះ លោក មួន ចេ​អ៊ី​ន និង ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េខាងត្បូង ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង​ថែមទៀត។

នៅ​ថ្ងៃ​ចុងក្រោយ​ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ និង​លោក​ជំទាវ​ ក៏​មិន​ភ្លេច​ការ​អញ្ជើញ​ទៅ​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នោះទេ។ នៅ​ចុង​បញ្ចប់​ នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ភាគី​ទាំងពីរ​ នឹង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ ស្ដីពី​លទ្ធផល ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ នៅ​កម្ពុជា​នេះ​។​

សូម​បញ្ជាក់ដែរថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១ របស់ លោក មូ​ន ចេ​អ៊ីន មកកាន់​កម្ពុជា​ និង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី៣ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ បន្ទាប់​ពី​លោក រ៉ូ មូ​យុន (Roh Moo-hyun) ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០០៦ និង​លោក លី ម្យុង​បាក់ (Lee Myung-bak) ដែល​បានធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​នៅ​ខែ​តុលា​ ឆ្នាំ​២០០៩៕