ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្រុម IS វាយប្រហារ​ហ្វូងមនុស្ស​ ដែល​កំពុង​រត់​ចេញពី​ទីតាំង​ចុងក្រោយ

ក្រុម​រដ្ឋ​ឥស្លាម​បាន​បើក​ការវាយប្រហារ​អត្តឃាត​ចំនួន​បី​លើក​នៅ​ខាងក្រៅ​ទីតាំង​ចុងក្រោយ​របស់​ពួកគេ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៦​នាក់​ក្នុងចំណោម​អ្នក​ដែល​ភៀសខ្លួន​ចេញពី​មូលដ្ឋាន​របស់​ក្រុម​ជី​ហាដ​និយម​មួយ​នេះ​។​

ពួកគេ​គឺជា​ជនរងគ្រោះ​ចុងក្រោយ​បំផុត​នៅក្នុង​សង្គ្រាមស៊ីវិល​ដ៏​សាហាវ​របស់​ប្រទេស​ស៊ី​រី​ដែល​បាន​ឈានចូល​ក្នុង​ឆ្នាំ​ទី​៩​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​អ្នកស្លាប់​៣៧០,០០០​នាក់​។​
​អ្វីដែល​នៅ​សេសសល់​ពី​រដ្ឋ​មួយ​ដែល​ក្រុម​ជី​ហាដ​និយម​ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៤​គឺជា​ជំរំ​តាម​មាត់ទន្លេ​មួយ​នៅក្នុង​ភូមិ Baghouz ក្បែរ​ព្រំដែន​អ៊ីរ៉ាក់។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​និង​ទទួល​ការគាំទ្រ​ពី​យន្តហោះ​ចម្បាំង​នៃ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​បាញ់​សាច​ដូច​គ្រាប់​ភ្លៀង​លើទឹក​ដី​នេះ​ចាប់តាំងពី​ថ្ងៃអាទិត្យ​មុន​មក​ដែលជា​ហេតុ​ជំរុញ​ឲ្យ​សមាជិក​ក្រុម IS រាប់ពាន់នាក់​ចុះចាញ់​។​
​ស្ត្រី​ពាក់​ស្បៃ​មុខ កុមារ​ប្រឡាក់​ធូលី​និង​បុរស​រងរបួស​បាន​ចាកចេញ​ដោយ​សន្តិភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​របស់ SDF បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​បីនាក់​បាន​បំផ្ទុះ​ខ្លួនឯង​នៅតាម​ផ្លូវ​ចេញ​។​

អ្នកនាំពាក្យ​ឈ្មោះ Jiaker Amed បាន​និយាយថា “​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​លាក់ខ្លួន​ក្នុងចំណោម​អ្នក​ដែល​រត់ចេញ​ហើយ​បាន​បំផ្ទុះ​ខ្លួនឯង​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​៦​នាក់​ក្នុងចំណោម​អ្នក​ដែល​ចង់​ចាក​ចេញពី​ភូមិ Baghouz”​។​

លោក​បាន​និយាយថា អ្នក​វាយប្រហារ​ពីរ​នាក់​ទៀត​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ជិត​ទីតាំង​របស់ SDF ដោយ​បង្ក​ឲ្យ​មាន​របួសស្រាល​ក្នុងចំណោម​អ្នក​ប្រយុទ្ធ​។​

មុន​ការវាយប្រហារ​នេះ អ្នកនាំពាក្យ​របស់ SDF លោក Mustefa Bali បាន​និយាយថា សមាជិក​ក្រុម IS ក្នុង​ចំនួន​ដ៏​ធំ​បាន​ចុះចាញ់​កងកម្លាំង​ដែល​គាំទ្រ​ដោយ​អាមេរិក​។​

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ លោក Amed បាន​និយាយថា ក្រុម​អ្នក​ប្រយុទ្ធ SDF បាន​ពង្រឹង​ទីតាំង​របស់​ពួកគេ​ខណៈ​ពួកគេ​រំពឹងថា​នឹងមាន​មនុស្ស​កាន់តែច្រើន​នឹង​ចាកចេញ​។​

ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនដឹង​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​នៅ​ខាង​ក្នុងនោះ​៕ AFP


TAG