ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​យុវជន​ជើងឯក​ប្រចាំ​ទ្វីប

ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល H ប្រចាំ​ពានរង្វាន់​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ AFC U-23 Championship 2020 សម្រាប់​ឆ្នាំ​២០២០ នៅ​ចុងខែ​មីនា ខាងមុខនេះ ខណៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់ រួចរាល់​ហើយ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​។​

​ នៅ​ល្ងាច​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ស​.​ប​.​ក បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ចុងក្រោយ​មានដូចជា ហ៊ុល គឹម​ហ៊ុយ​,​កែវ សុខ​សិលា​,​សា​វែ​ន សំណាង​, ស៊ិន សុផាន​ណាត់​,​អ៊ិន សុដាវី​ដ​,​ស៊ិន កក្កដា​,​កែវ ច័ន្ទ​សុ​ភ័​ក្រ​, អ៊ុក សុវណ្ណ​, ឃៀង ម៉េង​ហ័​រ​, សឿត បារាំង​, យើ មូស្លីម​,​ឆេង ម៉េង​,​យើ សា​ហ្វី​, អន ចាន់​ប៉ូ​លីន​, ប្រាក់ ធី​វ៉ា​, ទៀត គឹម​ហេង​,​ទេស សម្បត្តិ​,​សេត រ៉​ស៊ី​ប​,​លី វ៉ា​ហេ​ទ​, ឈ​ង់ ប៊ុន​ណាត​, ណា​រ៉ុង កក្កដា​, សៀង ច​ន្ធា និង​កាន់ ពិសាល​។

​ សូម​រំលឹក​ថា​ យោងតាម​ការចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​ដែល​ធ្វើឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី បញ្ជាក់​ថា ​ក្រុម​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល H កម្ពុជា នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ គួររំលឹក​ថា ​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 នេះ​ម្តង​ហើយ ដោយ​កាលនោះ​ជួប​ជាមួយ ចិន​, ជប៉ុន និង ហ្វីលីពីន តែ​មិន​មានឱកាស​ឆ្លង​ផុត​វគ្គ​នេះឡើយ​។

សម្រាប់​ប្រកួត​បើកឆាក​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​អូស្ត្រាលី នៅ​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០១៩ ខណៈ​ក្រុម​កូរ៉េខាងត្បូង ជួប​តៃវ៉ាន់​។ នៅ​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៩ ដោយ​ក្រុម​កម្ពុជា ប៉ះ​កូរ៉េខាងត្បូង ហើយ​តៃវ៉ាន់ ជួប​អូស្ត្រាលី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ក្រុម​កម្ពុជា បន្ត​ប៉ះ​តៃវ៉ាន់ ហើយ​ក្រុម​កូរ៉េខាងត្បូង ជួប​ក្រុម​អូស្ត្រាលី​។

ចំណែក​វគ្គ​ជម្រុះ​តាម​ពូ​ល​បឋម ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ប្រទេស​ថៃ នា​ឆ្នាំ ២០២០ ខាងមុខ​មាន​ពូ​ល A​មាន​កាតា​,​អូ​ម៉​ង់​,​នេ​ប៉ាល់​,​អា​ហ្វ​ហ្គា​នី​ស្ថាន ពូ​ល B មាន​ប៉ា​ឡេ​ស្ទី​ន​,​បា​រ៉ែ​ន​,​បង់​ក្លា​ដេ​ស​,​ស្រីលង្កា ពូ​ល C មាន​អ៊ីរ៉ាក់​,​អ៊ីរ៉ង់​,​តួរ​មេ​នី​ស្ថាន​,​យេ​ម៉ែន ពូ​ល D មាន​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​,​អារ៉ាប់​រួម​,​លី​ប៉ង់​,​ម៉ា​ល់​ឌី​វ ពូ​ល E​មាន​ហ្សកដានី​,​ស៊ី​រី​,​គី​ជី​ស្ថាន​,​គុយ​វ៉ែត ពូ​ល F មាន​អ៊ូ​ប៊ែ​គី​ស្ថាន​,​តាជី​គី​ស្ថាន​,​ឥណ្ឌា​,​ប៉ា​គី​ស្ថាន ពូ​ល G មាន​កូរ៉េខាងជើង​,​ហុងកុង​,​សឹង្ហ​បុរី​,​ម៉ុង​ហ្គូ​លី ពូ​ល H កូរ៉េខាងត្បូង​,​អូស្ត្រាលី​,​កម្ពុជា​,​តៃវ៉ាន់ ពូ​ល I ជប៉ុន​,​មី​យ៉ាន់​ម៉ា​,​ទី​ម័​រ​ខាងកើត​,​ម៉ា​កាវ ពូ​ល J ម៉ាឡេស៊ី​,​ចិន​,​ឡាវ​,​ហ្វីលីពីន និង​ពូ​ល K​មាន​វៀតណាម​,​ថៃ​,​ឥណ្ឌូណេស៊ី​និង​ប្រ៊ុយណេ​។

​គួរ​ដឹង​ដែរ​ថា វគ្គ​ជម្រុះ AFC-U23 មាន​ចំនួន​១០​ពូ​ល ហើយ​ក្រុម​ជម្រើសជាតិ​ចំនួន​១៥ ត្រូវ​ឆ្លងទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ឆ្នាំ​២០២០ បូក​ជាមួយនឹង​ម្ចាស់ផ្ទះ​ថៃ​។​ព្រឹត្តិការណ៍ 2020 AFC-U23 ពោលគឺ​វគ្គ​ចុងក្រោយ​នឹង​ប្រព្រឹត្តទៅ ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០៕