ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ឈិន ឈឿន ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន​ដែល​ការងារ​មនុស្សធម៌​រប​ស់​ខ្លួន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ខេត្តកំពង់ធំ

កីឡាករ ឈិន ឈឿន ខ្សែបម្រើ​ស្លាប​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League) បានបញ្ចប់​ដំណើរ​ទៅ​ចែករំលែក​បទពិសោធន៍​បាល់ទាត់​នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​ខេត្តកំពង់ធំ នៅ​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​គឺ​ចំ​គ្រា​ដែល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាក​មួយរយៈ​មុន​រដូវ​កាល​ថ្មី​មកដល់​។

​កីឡាករ ឈិន ឈឿន បានលើកឡើង​ក្រោយ​ចប់​បេសកកម្ម​មនុស្សធម៌​របស់​ខ្លួន​ថា «​ការងារ​សប្បុរសធម៌ របស់​ក្រុម​យុវជន​និង​បាល់ទាត់ ត្រូវបាន​បញ្ចប់ ជាមួយ​ស្នាមញញឹម និង​ភាពសប្បាយ​រីករាយ​។ តំណាង​ឲ្យ​ក្រុម យុវជន​និង​បាល់ទាត់ ខ្ញុំបាទ ឈិន ឈឿន សូម​អរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ជួយឧបត្ថម្ភ សំភារៈ​សិក្សា សំភារៈ​កីឡា ថវិកា​ជាដើម​។ ខ្ញុំ​សូម​ជូនពរ សប្បុរសជន និង​ក្រុមគ្រួសារ មាន​សុខ​ភាពល្អ សេចក្តីសុខ សុភមង្គល និង ពុទ្ធពរ​ទាំង​បួន​ប្រការ អាយុ វណ្ណៈ សុ​ខៈ ពលៈ កើតមាន​ដល់​អ្នក​គ្រប់រូប​»​។

កីឡាករ​រូបនេះ​ធ្លាប់បាន​លើកឡើងថា «​ដោយសារ​ការស្រលាញ់​តាំង​ពី​តូច​រហូតមក​ដល់ពេលនេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​មួយ បាន​បង្កើត​ក្រុមយុវជន និង​បាល់ទាត់​។ សម្រាប់​ក្រុម​មួយ​នេះ គឺ​ខ្ញុំ​បាន​ធ្វើ​វា ដោយ​ការ​ស្រលាញ់ លះបង់ ចេញពី​ចិត្ត មិនដែល​គឺថា​ចង់បាន​ផលប្រយោជន៍​អ្វី​នោះទេ ទៅវិញ​នេះ គឺ​ចង់​ឃើញ​ប្អូនៗ យុវជន ប្អូនៗ​នៅតាម​សាលារៀន ដែលមាន​ការខ្វះខាត សម្ភារៈ​សិក្សា សម្ភារៈ​កីឡា នឹង​ផ្នែក​បាល់ទាត់ ផង​ដែល ជាការ​ជំរុញ​លើកទឹកចិត្ត​ប្អូនៗ ដើម្បី​មាន​អនាគត​ដល់​ល្អ នឹង​យុវជន​ល្អ​សំរាប់​ប្រទេសជាតិ​យើង​»​។

កម្មវិធី​ចុះ​ចែករំលែក​បទពិសោធន៍ និង​ហ្វឹកហាត់​បាល់ទាត់ នេះ​ធ្វើឡើង​នៅ លើ​ទឹកដី​សាលាបឋមសិក្សា​អូ​អំបែង ដែល​ស្ថិតនៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ក្រៅពីនោះ​ក៏មាន​ចែកជូន​រង្វាន់​ស​ម្រា​ប់​សិស្ស​ដែលមាន​ការ​ខ្វះខាត​ជា​នូវ​សម្ភារៈ​សិក្សា ដូចជា សៀវភៅ ប៊ិច ខ្មៅ​ដៃ ដីស ក្តារ​ឈ្នួន ជាពិសេស​នោះ​គឺ ឯកសណ្ឋាន​សម្រាប់​សិក្សា​។ បច្ចុប្បន្ន​សាលាបឋមសិក្សា​អូ​អំបែង មាន​សិស្សានុសិស្ស​ចំនួន​១២១​នាក់ ប្រុស​៦៣ និង​ស្រី​៥៨​នាក់ ចាប់ពី​ថ្នាក់​ទី​មត្តេយ្យ​ដល់​ថ្នាក់​ទី​៦​។

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ធ្លាប់​បាន​ចែករំលែក​បទពិសោធន៍ និង​សម្ភារៈ​កីឡា​មួយចំនួន​នៅតាម​តំបន់​មួយចំនួន​ដូចជា​នៅ​ខេត្តកំពង់ចាម ខេត្តស្វាយរៀង ប៉ៃលិន និង​ខេត្តតាកែវ នេះដែរ​។ កន្លងមក​ក្រៅពី​បង្ហាត់​បច្ចេកទេស​បាល់ទាត់​ក្រុមការងារ​នេះ​ក៏​តែងតែ​នាំយក​សម្ភារៈ​កីឡា និង​ម្ហូបអាហារ​ផ្ដល់​ដល់​យុវជន​ដែល​ចូលរួម​ហ្វឹកហាត់​ផងដែរ​។

​សូម​រំលឹក​ថា ​កីឡាករ ឈិន ឈឿន ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​អាយុ​១៣​ឆ្នាំ​រហូតដល់​ឈុត​ធំ នា​ពេល​បច្ចុប្បន្ន​។ ក្រៅពីនោះ​រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប​ក្រសួងការពារជាតិ កាលពី​ឆ្នាំ ២០០៧ ប៉ុន្ដែ​កាលនោះ​នៅ​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ ហើយ​រហូតដល់​ឆ្នាំ​២០០៩ ទើប​លោក ទេព ឡុង​រចនា បាន​ដាក់​ឲ្យ​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​។ រូបគេ​ធ្លាប់​បាន​ជួយ​ក្រុម​លើក​ពានរង្វាន់​សំខាន់ៗ​ក្នុងស្រុក​មួយចំនួន​ផងដែរ​៕