ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​សូល​ទី​ឡូ​អង្គរ ផ្លាស់ប្តូរ​គ្រូបង្វឹក​ថ្មី​ប៉ុន្មាន​ថ្ងៃមុន​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចាប់ផ្តើម​

ប៉ុន្មាន​ថ្ងៃមុន​ការប្រកួត​មកដល់​ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) ដែល​ជា​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បានប្រកាស​ផ្លាស់ប្តូរ​គ្រូបង្វឹក​ថ្មី ដើម្បី​ត្រៀម​ជួយ​ក្រុម​ប្រកួតប្រជែង​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩ នេះ​។

ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្លិប​សូល​ទី​ឡូ​អង្គរ បាន​តែងតាំង​លោក Darren Pomroy ជនជាតិ​អង់គ្លេស​ធ្វើជា​គ្រូបង្វឹក​ក្នុង​ក្រុម ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ពោល​គឺ​២​ថ្ងៃមុន​ការប្រកួត​មកដល់​ក្លិប​បានសម្រេច​តែងតាំង​ប្រធាន​ក្រុម​ដែល​ជា​ជនជាតិ​ជប៉ុន Kento Fujihara ធ្វើជា​គ្រូបង្វឹក​វិញ​ម្តង ដោយ​មិនបាន​បញ្ជាក់​ពី​តួនាទី​បន្ទាប់​របស់លោក Darren Pomroy នោះឡើយ​។ ការងារ​ដំបូង​របស់​គ្រូបង្វឹក​ថ្មី​នេះ​គឺ​ត្រូវ​ដឹកនាំ​ក្រុម​ជួប​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។

​ក្រោយ​ទទួល​បាន​តំណែង​ថ្មី​លោក Kento បាន​លើកឡើងថា «​ខ្ញុំ​ឈ្មោះ Kento Fujihara ដែល​ជា​កីឡាករ​អាជីព​និង​ជា​គ្រូ​បង្គោល​របស់ ក្លិប​សូល​ទី​ឡូ​អង្គរ​។ ដំបូង​ខ្ញុំ​ចង់​និយាយ​អរគុណ​ដល់​មនុស្ស​ជាច្រើន​ដែល​ជាប់ទាក់ទង​ជា​ផ្នែក​របស់​ក្លិប​យើង អ្នក​ដែល​នៅ​ជុំវិញ​ខ្ញុំ និង​ឪពុក​ម្តាយ​របស់ខ្ញុំ​។ យើង​កំពុង​ព្យាយាម​ផ្តល់​ក្តី​សុ​បិ​ន្ត​ដល់​ក្មេងៗ​និង​ធ្វើ​ឱ្យគេ​សប្បាយរីករាយ​តាមរយៈ​បាល់ទាត់​។

យើង​ក៏​នៅ​ផ្តោត​ជាប់​ទៅ​នឹង​លទ្ធផល​ផងដែរ យើង​ចង់​កសាង​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​យើង​កំពុង​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងមូល​»​។

ថ្មីៗ​នេះ​ក្លិប​សូល​ទី​ឡូ​អង្គរ បាន​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ ជាមួយ​កីឡាករ​រូបនេះ​។ KENTO FUJIHARA​កើត​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​១៩៩២​នៅ​ទីក្រុង​Kanagawa Prefecture ប្រទេស​ជប៉ុន ដោយ​លេង​ក្នុងតួនាទី ជា​ខ្សែការពារ​។ មុន​ចុះកិច្ចសន្យា​រយៈពេល​២​រដូវ​កាល​ជាមួយ​ក្លិប​នៅ​ខេត្តសៀមរាប មួយ​នេះ​កីឡាករ Fujihara ធ្លាប់ជា​អតីត​កីឡាករ​នៅ​ក្លិប​ណាហ្គា​វើ​ល កាលពី​រដូវ​កាល​២០១៧ ខណៈ​នៅ​រដូវ​កាល​ឆ្នាំ​២០១៦​គេ​លេង​នៅ​ក្លិប​Albirex Nigata Singapore​។ កីឡាករ​រូបនេះ​ធ្លាប់ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​ជប៉ុន ក្រោម​អាយុ ១៩​ឆ្នាំ​ផងដែរ​។

សូមបញ្ជាក់ថា​ក្រុម​សូល​ទី​ឡូ​អង្គរ កាលពី​ស្ថិត​នៅ​ក្រោម​ការដឹកនាំរ​ប​ស់លោក Yuki Matsuda​ដែលជា​គ្រូបង្វឹក​ចាស់ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨​ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺ​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​ទាំង​២​ជើង​៣​ទល់២៕