ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ អាស៊ី​អឺរ៉ុប ជួប​ណាហ្គា​វើ​ល ហើយ​វិសាខា​ទទួល​សូល​ទី​ឡូ​អង្គរ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ប៉ូលីស និង​ទ័ព ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ​

ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល ហើយ​ក្រុម​វិសាខា​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) និង​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​ផ្សេងៗ​គ្នា​ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​គ្រប់​គូ​។

*​អាស៊ី​អឺរ៉ុប ជួប​ណាហ្គា​វើ​ល
ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​បើកទ្វារ​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​នៅវេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​ទទួល​ស្វាគមន៍​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ហ្វេ​ស​ប៊ុករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី ផងដែរ​។ បើ​ងាកមើល​ប្រវត្តិ​ជួបគ្នា​តាំងពី​អាស៊ី​អឺរ៉ុប មានឈ្មោះ​ចូល​លេង​លី​គ​កំពូល​កម្ពុជា ពី​ឆ្នាំ​២០១៣ មក​គឺ​មិនដែល​លេង​ឈ្នះ​ក្រុម​ណាហ្គា​វើ​ល ឡើយ​។​

ក្រុម​អាស៊ី​អឺរ៉ុប រដូវ​កាល​មុន​ធ្វើ​បានល្អ​ជាង​រាល់​ឆ្នាំ ខណៈ​ឆ្នាំនេះ​ដឹកនាំ​ដោយ​បុគ្គល​សំខាន់​២​នាក់​គឺ​ក្រោម​ការ​ចាប់ដៃគ្នា​រវាង​លោក សុក វាសនា និង​លោក សំ វ៉ា់ន់​ដេ​ត អតីត​គ្រូបង្វឹក​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​។ យ៉ាងណាក្តី​ក្រុម​នេះ​បាន​ចុះបញ្ជី​កីឡាករ​បរទេស​រួចរាល់​ហើយ ព្រមទាំង​បាន​ណាត់​ដៃគូ​ប្រកួត​មិត្តភាព​ធ្វើតេស្ត និង​រៀបចំ​ទម្រង់​លេង​ថ្មី រួចជាស្រេច​ដែរ​។

​ចំណែក​ក្រុម​ណាហ្គា​វើ​ល របស់លោក មាស ចាន់ណា វិញ​នៅ​មិនទាន់​រៀបចំ​ក្រុម​បានល្អ​នៅឡើយ​នោះទេ ព្រោះ​ក្រុម​នេះ​មាន​បេសកម្ម​ប្រកួត​ទាំង​ក្នុងស្រុក​និង​លើ​ឆាក​អន្តរជាតិ ពោលគឺ​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 តំណាងឱ្យ​ក្រុម​ទៅ​ពី​កម្ពុជា​។

*​វិសាខា ប៉ះ​សូល​ទី​ឡូ​អង្គរ​
​ក្រុម​វិសាខា ត្រូវ​បើកទ្វារ​កីឡដ្ឋាន​វិសាខា ក្នុង​រាជធានី​ភ្នំពេញ របស់ខ្លួន​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ មកពី​ខេត្តសៀមរាប នៅវេលា​ម៉ោង​៣:៣០​នាទី​ល្ងាច ព្រមទាំង​មាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ផងដែរ​។ វិសាខា ជា​ក្រុម​លេខ​៣​ឆ្នាំ​ចាស់ ហើយ​ក្រុម​ទាំង​២​ទើបតែ​បាន​ចូល​លេង​លី​គ​កំពូល​កម្ពុជា​១​ឆ្នាំ​ដូចគ្នា ខណៈ​កាលពី​ឆ្នាំមុន​វិសាខា យកឈ្នះ​ទាំង​២​ជើង​។

​លោក ហុក សុ​ជី​វ័​ន្ត ដែលជា​គ្រូបង្វឹក​ក្រុម​វិសាខា នៅ​មិនទាន់​បង្ហាញ​សម​សភាព​កីឡាករ​បរទេស​នៅឡើយ​នោះទេ ខណៈ​កីឡាករ​កូរ៉េខាងជើង​ទាំង​៥​នាក់​កាលពី​ឆ្នាំមុន​បាន​ត្រលប់​ទៅ​មាតុភូមិ​របស់គេ​វិញ​តាំងពី​ចប់​រដូវ​កាល​ចាស់​ម្ល៉េះ​។ យ៉ាងណាក្តី​ក្រុម​នេះ​បានធ្វើ​ដំណើរ​ទៅ​បោះជុំរុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ប្រទេស​ថៃ មួយរយៈ​ផងដែរ​មុន​រដូវ​កាល​ថ្មី​នេះ​មកដល់។

​ចំពោះ​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​គឺ​ទើប​ឡើង​មកលេង​ក្នុង​លី​គ​កំពូល​កម្ពុជា ដំណាលគ្នា​នឹង​ក្រុម​វិសាខា ដែរ​។ ក្រុម​នេះ​បានសម្រេច​ចិត្ត​ប្រើប្រាស់​កីឡាករ​បរទេស​ជា​ជនជាតិ​ជប៉ុន​សុទ្ធ​តែម្តង ខណៈ​ថ្មីៗ​នេះដែរ​ក្លិប​បានសម្រេច​ចិត្ត​តែងតាំង​គ្រូបង្វឹក​ថ្មី​គឺ Kento Fujihara ដែលជា​ប្រធាន​ក្រុម ខណៈ​គ្រូបង្វឹក​ចាស់​លោក Darren Pomroy គ្រាន់តែ​ឈរឈ្មោះ​បណ្តោះអាសន្ន​សិន​។​

*​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​
​ងាក​មក​មើល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ សម្រាប់​ជំនួប​ប្រកួត​រយៈពេល​៥​លើកចុងក្រោយ​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាប់​ឈ្នះ​បាន​៣​លើក ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​១​លើក​និង​ក្រុម​ទាំង​២​ធ្លាប់​ស្មើគ្នា​១​លើក​។

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង របស់លោក Conor Nestor បាន​ចុះបញ្ជី​កីឡាករ​បរទេស​ក្នុង​បញ្ជី​គ្រប់គ្រាន់​ហើយ ដោយ​ក្នុងនោះ​មាន​កីឡាករ​កូរ៉េខាងត្បូង Yeon Gi-sung កីឡាករ​អាមេរិក​Jonny Campbell កីឡាករ​អង់គ្លេស Charlie Machell កីឡាករ​កា​ម៉េ​រ៉ូ​ន Befolo Mbarga និង​កីឡាករ​ជប៉ុន Daisuke Kobayashi​។ លោក Nestor រំពឹងថា​ក្រុម​ខ្លួន​អាច​រកបាន​ជ័យជម្នះ​ក្នុង​ប្រកួត​ដំបូង​ជូន​អ្នកគាំទ្រ​សម្រាប់​ប្រកួត​ដំបូង​នេះ​ផងដែរ​។​

​ត្រឡប់មក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វិញ​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ក្រុម​នេះ​មានការ​រៀបចំ​ក្រុម​បានល្អ​ច្រើន ទាំង​ការបន្ថែម​កីឡាករ​បរទេស​ដែលមាន​កម្រិត​ខ្ពស់​និង​មានបទពិសោធន៍​ល្អ​ផងដែរ​។ លោក ប្រាក់ សុវណ្ណារ៉ា សម្លឹង​ឃើញ​បញ្ហា​ប្រឈម​របស់​ក្រុម​លោក​ក្នុង​ប្រកួត​ដំបូង​គឺ​នេះ​ជា​ប្រកួត​ក្រៅ​ដី ស្របពេល​ក្រុម​នីមួយៗ សុទ្ធតែ​ចង់​ឈ្នះ​។ ដូច្នេះ​លោក​ថា​ម្ចាស់ផ្ទះ ព្រះខ័ន​រាជ​ស្វាយរៀង គឺមាន​លទ្ធភាព​ច្រើនជាង​ក្រុម​ខ្លួន​ក្នុងការ​ប្រជែង​យក​៣​ពិន្ទុ​។ ប៉ុន្ដែ​លោក​ក៏​មិន​ព្រួយបារម្ភ​ពេក​ដែរ គ្រាន់តែ​លោក​មិនសូវ​រំពឹង​ខ្ពស់​ប៉ុណ្ណោះ​។​

*​ក្រសួងការពារជាតិ ជួប​អង្គ​រថា​យ​ហ្គឺ​រ​
​ក្រុម​ក្រសួងការពារជាតិ ត្រូវ​បើកទ្វា​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​របស់ខ្លួន ស្វាគមន៍​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​។ ចំពោះ​ប្រវត្តិ​ជួបគ្នា​ចំនួន​៥​លើកចុងក្រោយ​ឃើញថា​ក្រុម​ក្រសួងការពារជាតិ ធ្លាប់​យកឈ្នះ​ចំនួន​៣​លើក ហើយ​អង្គ​រថា​យ​ហ្គឺ​រ ធ្លាប់​ឈ្នះ​បាន​១​លើក​និង​ក្រុម​ទាំង​២​ធ្លាប់​ប្រកួត​ស្មើគ្នា​បាន​១​លើក​។

​ក្រសួងការពារជាតិ ដែល​ដឹកនាំ​ដោយ​លោក ភា សុភ​ត្រា ដែលជា​គ្រូបង្វឹក​បាន​នាំយក​ម្ចាស់​ស្បែកជើង​មាស​២​នាក់​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចូលរួម​ក្នុង​ក្រុម​ដោយ​ក្នុងនោះ​មាន​កីឡាករ George Bisan និង​Dzarma Bata​។ លោក ភា សុភ​ត្រា បានលើកឡើង​មុន​រដូវ​កាល​ថ្មី​មកដល់​ថា​លោក​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ចំនួន​ពីរ​ដែល​ផ្ដោត​ទៅនឹង​ការប្រយុទ្ធ​ខ្លាំង និង​ការពារ ដោយ​អាស្រ័យទៅលើ​សមត្ថ​ភាពជា​ក់​ស្ដែង​របស់​គូប្រកួត​។​

​សម្រាប់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ វិញ​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ហើយ​កំពុង​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ Oriol Mahedano ស្រប​ពេលដែល​ប្រធាន​ក្លិប​លោក Akihiro Kato ចង់បាន​៣​ពិន្ទុ​ត្រឡប់​ទៅកាន់​ខេត្ត​របស់ខ្លួន​វិញ​។ យ៉ាងណាក្តី​ក្លិប​ចង់​ប្រជែង​រក​ពិន្ទុ​ឈរ​នៅ​តំបន់​កំពូល​តារាង​ប្រចាំឆ្នាំ​ឲ្យបាន​ផងដែរ​៕