ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​មនុស្ស​៣០​នាក់​ក្នុង​ខារ៉ាអូខេ SC កណ្តាល​ក្រុង ពេល​បង្ក្រាប​គ្រឿងញៀន​

សៀមរាប ​៖ កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣០​នាក់ ក្នុង​ការ​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង​ញៀន ក្នុង​ទីតាំង​ខារ៉ាអូខេ យីហោ​អេស​ស៊ី «SC»។

ការឃាត់ខ្លួន​នេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោងជាង​១​យប់​រំលង​អធ្រា​ត្រ​ ឆ្លង​ចូល​ថ្ងៃទី​១៧ ​ខែមីនា​​ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​​ក្រាម ក្រុង​សៀមរាប ជាមួយ នឹង​ថ្នាំញៀន​មួយចំនួន​។​

ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​យប់​រំលង​អធ្រាត្រ ​ចូល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ នេះ​​ កម្លាំង​សមត្ថកិច្ច បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន នៅ​ទីតាំង​ខារ៉ាអូខេ​SC ​ ដោយ​កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន​មនុស្ស​៣០​នាក់ ក្នុងនោះ​មាន​ស្រី​៧​នាក់​។

លោក​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​២១​កញ្ចប់​, ថ្នាំញៀន អិ​ច​ស្តា​ស៊ី​៩​គ្រាប់ និង​កញ្ចប់​ថ្នាំញៀន​ប្រើ​រួច ព្រមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។

លោក​ស្នងការរង​បាន​បន្តថា បច្ចុប្បន្ននេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ដ​តាម​នីតិវិធី​។​ ទាក់ទិន​ករណី​នេះ​ដែរ ​មហាជន​សាទរ​ទៅ​នឹង​ចំណាត់ការ​បែបនេះ ​ព្រោះ​ទីតាំង​ខាងលើនេះ ​គេ​ល្បី​ថា​ជា​កន្លែង​ជក់​ថ្នាំ​ដ៏​ស្រើបស្រាល អាង​ខ្សែ​អ្នកធំ​នៅ​ពីក្រោយ​៕​