ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​៣២​ខ្នង​នៅ​ស្ទឹងមានជ័យ​ទី​២

ភ្នំពេញ ៖ សំណង់​មិន​រៀបរយ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីលាន​ចាក់សំរាម​ចំនួន​៣២​ខ្នង ​ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​អស់​គ្មាន​សល់​ដែល​ជំ​ហាន​ដំបូង ​ត្រូវបាន​សមត្ថកិច្ច​អះអាងថា​ ដោយសារ​ទុស្សេរ​ខ្សែ​ភ្លើង។

យោងតាម​ប្រសាសន៍​របស់លោក​ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ ​ដែល​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ អគ្គិភ័យ​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល​ថ្ងៃទី​១៧ ​ខែមីនា​ នៅ​ចំណុច​ក្បែរ​ទីលាន​ចាក់សំរាម​ស្ថិតនៅក្នុង​ក្រុមទី​៩ ​ភូមិ​ព្រែក​ទាល់ ​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

លោក​អភិបាលរង​បាន​បន្តថា ​ទីតាំង​ដែល​ឆេះ​នេះ​គឺជា​សំណង់​មិន​រៀបរយ​ដែល​សង់​ជា​រោង​តូចៗ​ដោយ​មិនមាន​ផ្លូវធំ​សម្រាប់​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលទៅ​បាញ់​ពន្លត់​បានឡើយ​ ហើយ​តម្រូវ​ឲ្យ​សមត្ថកិច្ច​និង​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​អូស​ទុយោ​ចូលទៅ​បាញ់​ពន្លត់​រហូតដល់​ម៉ោង​១៦​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​ទើប​អគ្គិភ័យ​រលត់ទៅវិញ។

លោក​ឡុង ង៉ែត បានបញ្ជាក់​ទៀតថា ​ក្នុង​ហេតុការណ៍​នេះ ​គឺមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះទៅ​អន្តរាគមន៍​ទាន់ពេល​ កុំ​អី​អាច​ឆាបឆេះ​រាលដាល​ជាច្រើន​ខ្នង​ទៀត។

បើតាម​សាក្សី​អះអាងថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ កើតឡើង​គឺ​ដោយសារ​ទុស្សេ​​ខ្សែភ្លើង។ ​ប៉ុន្តែ​​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ។

គួរ​បញ្ជាក់ថា ​ទីតាំង​សំណង់​មិន​រៀបរយ​នេះ​គឺ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះទៅ​បង្ក្រាប​ក្រុម​ចែកចាយ​និង​ជក់​ថ្នាំញៀន​ ដោយ​ឃាត់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន​ជាច្រើន​នាក់​ទៀតផង៕

​​