ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ តូច​ចិត្ត​​​ប្រពន្ធ​កូន ចុះ​ចោល​ ​បញ្ចប់​ជីវិត​ខ្លួនឯង

ឧ​ត្ត​រ​មានជ័យ ​៖ ​មាន​ករណី​ចងក​ធ្វើ​អត្តឃាត បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​១៥​នាទី​ ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់ចំណុច ភូមិ​ឈើទាល​ជ្រុំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ជនរងគ្រោះ​មាន​ឈ្មោះ វ័​ន្ត ពិសិដ្ឋ ភេទ ប្រុស អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​យក​ខ្សែ​គោ ពណ៌​ខ្មៅ ប្រវែង ២,៥០​ម៉ែត្រ ចងភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​របស់ខ្លួន មាន​កម្ពស់ ២,៤០​ម៉ែត្រ រួច​ចងក​ខ្លួនឯង​ទម្លាក់​ទម្ងន់​ខ្លួន​ចុះ​មក​ក្រោម បណ្តាល​ឲ្យ​ស្លាប់។ មូលហេតុ ៖ មាន​វិបត្តិ​ផ្លូវចិត្ត ដោយ​ប្រពន្ធ​កូន​ចុះ​ចោល​ពី​ផ្ទះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ដំណឹង​ពី​លោកនាយ​ប៉ុស្តិ៍ ឃុំ​អូរ​ស្វាយ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ និង​លោក គង់ សម្បត្តិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក លោក ឈួន ឃ្លី មេភូមិ​ឈើទាល​ជ្រុំ លោក ចូ​ត ច​ន ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ផ្អាវ ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សាកសព។

ការ​ប្រមូល​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ, ​​​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ វ័​ន្ត ភារ​ម្យ ភេទ ស្រី ត្រូវជា​ប្អូន​បង្កើត​របស់​ជនរងគ្រោះ,​ យោង​តាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ឈៀង រាម ភេទ ស្រី ត្រូវជា​អ្នកជិតខាង, យោងតាម​ការបំភ្លឺ​របស់​ឈ្មោះ កិន សុភាព ភេទ ប្រុស អាយុ ៤៩​ឆ្នាំ ត្រូវជា​អ្នកជិតខាង​, យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ញៀន សុផាត ភេទ ប្រុស អាយុ ៥២​ឆ្នាំ ត្រូវជា​អ្នកជិតខាង​ បាន​បំភ្លឺ​ដូច​គ្នា​ថា ៖ ជន​រងគ្រោះ​ឈ្មោះ វ័​ន្ត ពិសិដ្ឋ ជា​មនុស្ស​ញៀន​ស្រា ដោយ​ផឹក​ស្រា​ស​ជាប្រចាំ​ថ្ងៃ និង​មាន​វិបត្តិ​ក្នុង​គ្រួសារ (​ប្រពន្ធ​និង​កូន​ចុះចោល​) កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ទៅធ្វើជា​កម្មករសំណង់​នៅ​ភ្នំពេញ ទើប​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត ដាច់ចិត្ត​ចងក​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង។

មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ត្អូញត្អែរ​ប្រាប់​​​​អ្នកជិតខាងថា បើ​ ប្រពន្ធ​និង​កូន ​មិន​ត្រឡប់​មកវិញ​ទេ គាត់​នឹង​ចងក​សម្លាប់​ខ្លួន​ហើយ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ការពិនិត្យ​កន្លែងកើតហេតុ ពុំ​ឃើញ​មាន​ស្លាកស្នាម ឬ​ដាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ ​​សមត្ថកិច្ច ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ នៅលើ​ខ្លួនប្រាណ​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​សង្ស័យ ក្រៅពី​ស្នាម​ខ្សែ​ចំណង​នៅត្រង់​បំពង់ក​ឡើយ។
ការ​សន្និដ្ឋាន​របស់​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាកសព​ស្លាប់​នៅ​ចន្លោះ​ពី​ម៉ោង ១៧ ទៅ​ម៉ោង ១៨​និង​០០​នាទី ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩។ សាកសព​ពិតជា​ស្លាប់​ដោយសារ​ចងក ធ្វើអត្តឃាត​ខ្លួនឯង ពិតប្រាកដ​មែន។ បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕