ព័ត៍មានទាន់​ហេតុការណ៏
Search

កងពលតូច​អន្តរាគមន៍​លេខ​១៤​ ​ ទទួល​​បាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​មេបញ្ជាការ​កងទ័ព​ជើងគោក​ក្នុង​ការ​កសាង​អង្គភាព​ និង​បម្រើ​ការងារ​ប្រចាំថ្ងៃ

ពោធិ៍សាត់​ ៖ ​នៅ​ចុង​សប្តាហ៍​នេះ ​ស៊ីម៉ងត៍​១០​តោន កុំព្យូទ័រ​យួរ​ដៃ​០៣​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័រ​០៣​គ្រឿង​ ត្រូវបាន​ដឹក​យក​មក​ប្រគល់​ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១៤ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​​ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក។

លោក​ឧត្ដមសេនីយ៍ទោ គឹម សេង​ង​ន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​ទាំងពីរ ដែល​លោក​តែងតែ​គិតគូរ​ពី​សុខ​ទុក្ខ​កងទ័ព និង​គ្រួសារ​ទ័ព ដែល​កន្លងទៅ​អង្គភាព​តែងតែ​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ផ្សេងៗ ដូចជា​ការ​កសារ​ជំរំ​ជម្រក ហេដ្ឋារចនាសម្ព័ន្ធ និង​ទទួលបាន​ដៃគូ​សម្ព័ន្ធ​មេត្រីភាព​ដើម្បី​ជួយឧបត្ថម្ភ​ផ្ទាល់​ដល់​អង្គភាព ជាពិសេស​កងទ័ព​ដែល​មាន​ការឧបត្ថម្ភ​បន្ថែម​ពីលើ​គោល​របប​ដែល​មាន​ស្រាប់ ការ​គិតគូរ​ជួយ​ដល់​គ្រួសារ​ទ័ព យោធិន​ពលី​មរណៈ យោធិន​ពិការ និង​អតីត​យុទ្ធ​ជន​ជាដើម។ ទាំងនេះ​បានធ្វើអោយ​កងទ័ព​ទាំងអស់​មាន​ភាពកក់ក្តៅ និង​មាន​ស្មារតី​រឹងមាំ​អង់អាច​ក្លាហាន ដើម្បី​ឈ​ជើង​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​មិន​អោយ​មាន​បដិវត្ត​ពណ៌​ដែល​ក្រុមប្រឆាំង​ក្រៅច្បាប់​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល​ខិតខំរកមក​យ៉ាង​លំបាក​នេះ​បានឡើយ។

លោក​ក៏បាន​បញ្ជាក់ថា អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១៤ គោរព និង​អនុវត្ត​អោយ​បាន​នូវ អភិក្រម​ទាំង​៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ រួមទាំង​បញ្ញត្តិ​ទាំង​១០ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្កាយ​មាស​៥​ផុត​លេខ ដែល​បាន​ថ្លែង​ក្នុង​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ។

សូម​រំលឹកថា អំណោយ​ជា​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ​ខាងលើនេះ ត្រូវបាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់ជូន តប​តាម​ការស្នើសុំ​របស់​អង្គភាព​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ក្នុង​ពិធី​បូកសរុប​ការងារ​យោធា​ឆ្នាំ​២០១៨ និង​ទិសដៅ​បន្ត​ឆ្នាំ​២០១៩​កន្លងទៅនេះ៕