ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ ករណី​លួច​ឆ្លងដែន​ខុសច្បាប់​មក​កម្ពុជា

សៀមរាប​ ៖​ កម្លាំង​នគរបាល​ បាន​សហការ​គ្នា ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ករណី​លួច​ឆ្លង​ដែន តាម​ច្រក​បុស្ស​មាន់ ខេត្ត ស្វាយរៀង ដោយ​ពុំមាន​ឯកសារ​ឆ្លងដែន​ត្រឹមត្រូវ ដើម្បី​ប្រកបមុខរបរ លក់​ក្រដាសអនាម័យ​តាម​រ៉ឺម៉ក​ម៉ូតូ។

ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ​នៅ​ភូមិ ដំដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង​ទទួល​ផែន អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី បាន​ទទួល​ជនបរទេស​ចំនួន ពីរ​នាក់ ពី​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ខុសច្បាប់។

ជនបរទេស​ទាំងពីរ​នាក់​នេះ​មានឈ្មោះ​ដូចខាងក្រោម ​៖ LE VAN HOA ភេទ ប្រុស អាយុ​៥៣​ឆ្នាំ​ជនជាតិ វៀតណាម (​ឪពុក​)​។ ​LE CONG THIEN AN ភេទ ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិ វៀតណាម (​កូន)។

លោក​បន្តថា ពួកគេ​បាន​លួច​ឆ្លងដែន ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ ២០១៩ តាម​ច្រក​បុស្ស​មាន់ ខេត្ត ស្វាយរៀង ដោយ​ពុំមាន​ឯកសារ​ឆ្លងដែន​ត្រឹមត្រូវ ដើម្បី​ប្រកបមុខរបរ លក់​ក្រដាសអនាម័យ​តាម​រ៉ឺម៉ក​ម៉ូតូ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​រួមមាន ខេត្តកំពង់ចាម​-​កំពង់ធំ និង​ទើបតែ​មកដល់​ភូមិ ដំ​ដែក​ផ្សារ ឃុំ ដំ​ដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ ហើយក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​និង​នាំខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម នា​ព្រឹក​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ នេះ​តែម្តង។

បច្ចុប្បន្ន​ជនបរទេស​ទាំង ២​នាក់​ខាងលើ ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ត្រៀម​បណ្តេញចេញ​ប្រចាំខេត្ត​សៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕