ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់ រពឹស​ដៃ​ចូល​គាស់​តូប​លក់​អីវ៉ាន់​ចាប់ហួយ មិនបាន​សម្រេច ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលាការ

រតនគិរី​ ៖​ យុវជន​ម្នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោរកម្ម “​លួច​គាស់​តូប​លក់​អីវ៉ាន់​ចាប់ហួយ​គ្រឿង​ហូប​”​មិនបាន​សម្រេច​ត្រូវ​ជាប់​ខ្នោះ។

ករណី​លួច​គាស់​តូប​លក់​អីវ៉ាន់​ចាប់ហួយ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​សៅរ៍ ១១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ត្រង់ចំណុច​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​តាម​ទូរស័ព្ទ​ពី​លោកគ្រូ បង្រៀន នៅ​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ​ថា មាន​ករណី​ជនសង្ស័យ​ចូល​លួច​គាស់​តូប​លក់​អី​វ៉ាន់​ចាប់ហួយ​និង​គ្រឿង​ហូប, កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ ហើយ​បញ្ជូនទៅ​អធិការ​ក្រុង​បាន​លុង​។​

មន្ត្រីនគរបាល​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ ឡាយ ថុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។​

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕