ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ជប៉ុន​២​នាក់ ​ប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី នៅ​ស្រុក​ពួក គួរ​ឲ្យ​រន្ធត់

សៀមរាប ​៖​ ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ បាន​ជួល​រថយន្ត​ពី​ខេត្ត​បន្ទាយមានជ័យ ​មក​ខេត្ត​សៀមរាប ​លុះដល់​កន្លែង​ស្ងាត់​ ក៏​ចាក់​សម្លាប់​អ្នក​រត់​តាក់ស៊ី ប្លន់​យក​រថយន្ត​ រួច​បើក​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ចំណុច​លើ​ផ្លូវ​ជាតិ​៦ ខាងលិច​ជាប់​ស្ថានីយ​ថ្លឹង​រថយន្ត ក្នុង ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប​។​

មន្ត្រីជាន់ខ្ពស់ ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា អង្គហេតុ នៅ​ថ្ងៃកើតហេតុ​ខាងលើ វេលា​ម៉ោង​១៥​និង​០០​នាទី ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​២​នាក់ ទី​១,​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ។ ទី​២,​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ម៉ៅ​ជិះ​រថយន្ត​១​គ្រឿង​ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ស៊េរី​ឆ្នាំ​២០០១ ​ពាក់​ស្លាក​លេខ​2AB 5218 របស់​ជនរងគ្រោះ​ ឈ្មោះ ហ៊ឹម ចាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ពី​តំបន់​ស្វាយ ខេត្ត​បន្ទាយមានជ័យ មក​ក្រុង​ខេត្ត​សៀមរាប ចំនួន​៣០​ដុល្លារ​អាមេរិក ជនរងគ្រោះ​បើករថយន្ត​​ខាងលើ​ដល់​កន្លែង​កើតហេតុ ពួកគេ​ប្រាប់​ឲ្យ​ឈប់​ចុះ​នោម ​ម្នាក់ លុះ​ឈប់​រួច ​ពួកគេ​បាន​ចាក់ កាប់ អា​.​ក ​ដោយ​កាំបិត​ លើ​ជនរងគ្រោះ​បណ្តាល​រងរបួសរយះ​ស្បែ​ក​សាច់​ច្រើន​កន្លែង និង​ទាញ​ជនរងគ្រោះ​ទម្លាក់​ចោល​ នៅ​ផ្លូវជាតិ​៦​តែម្តង ហើយ​បើក​រ​ថយន្ត​គេច​ទៅ​ទិស​ខាងកើត​ បាន​២០០​ម៉ែត្រ ក៏បាន​បុក​គោយន្ត​កន្ត្រៃ​ដឹក​ស្រូវ ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​បែក​កង់ ​រេ​ចង្កូត​ប្រហែល​១០០​ម៉ែត្រ​ទៀត ទៅ​បុក​សសរ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ផ្នែក​ខាងជើង​ផ្លូវជាតិ​៦​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត។ បន្ទាប់មក​ពួកគេ​ចុះ​រត់គេច​តាម​ដុប​ព្រៃរបោះ​ទៅ​ទិស​ខាងជើង​ ក៏​ត្រូវបាន​សមត្ថកិច្ច និង​កម្លាំង​ប្រជា​ការពារ​តាម​ឃាត់ខ្លួន​បានតែ​ម្ដង។​

ក្រោយ​កើតហេតុ កម្លាំង​អធិការដ្ឋាន​ស្រុក​ពួក សហការ​ជា​កម្លាំង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កម្លាំង​នគរបាល​អន្តោប្រវេសន្ត​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប ចុះ​ដល់​កន្លែងកើតហេតុ នាំ​ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់មកសាកសួរ និង​បាន​ពិនិត្យ​លើ​សាកសព មាន​របួស ស្នាម​ចាក់​ចង្កេះ​ពីក្រោយ -​ស្នាម​ចាក់​ស្បែក​ខាងឆ្វេង -រយះ​ដាច់​ស្បែក​.​ក​.​ស្តាំ​២​កន្លែង​១៣​ស​.​ម ក្រោម​ចង្កា​១២​ស​.​ម -​ស្នាម​ចាក់​ថ្ពាល់​ឆ្វេង​៨​ស​.​ម -​ស្នាម​ចាក់​ក្បាល​ឆ្វេង​១១​ស​.​ម -​ស្នាម​រយះ.​ក​.​ដៃ​៧​ស​.​ម -​ស្នាម​កូត​ដើម​ដោះ​ស្តាំ​១២​ស​.​ម -​ស្នាម​ដាច់​កំភួនដៃ​៦​ស​.​ម -​ស្នាម​ចាក់​ស្មា​ស្តាំ​២​កន្លែង ៥​ស​.​ម និង​៣​ស​.​ម -​ស្នាម​ចាក់​ស្លាបប្រចៀវ​ស្តាំ​២​ស​.​ម -​ស្នាម​ចាក់​ស្មា​ក្រោយ​ឆ្វេង​៣​ស​.​ម ។​

ចំណែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ រង​របួស ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯ​គោយន្ត​ខូចខាត​ទាំង​ស្រុង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114