ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រៀង ក្រៃ សងសឹក ឡៅ ចន្ទ្រា​ មិនបាន​សម្រេច ឯ ខាំ ផាន្នី ចាញ់​កេង កាត់ ដោយ​ពិន្ទុ​

ប្រដាល់ ៖ អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ​(Kreangkrai Tor.Silachai) ក្នុង​ជម្រុះ​ជុំ​ដំបូង​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ ទម្ងន់​៦៧​គីឡូ​ក្រាម នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ បាន​ឈ្នះ​ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ ជួប​ឡៅ ចន្ទ្រា ក្នុង​ជម្រុះ​លើកដំបូង​នេះ ក៏ដូចជា​ជំនួប​សងសឹក​ដែរ ព្រោះ​គ្រៀង ក្រៃ ធ្លាប់​ត្រូវ​ចន្ទ្រា ផ្ដួល​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤​ម្តង​រួចទៅហើយ កាលពី​ថ្ងៃ​ទី​១៨​ ខែ​មករា ឆ្នាំ​២០១៩ កន្លងទៅ។

គ្រៀង ក្រៃ គេ​ជា​ជើង​ខ្លាំង​ជើងចាស់​នៅ​ស្រុកថៃ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កាលពី​ពេល​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១១៥​លើក ដោយ​វាយ​ឈ្នះ​៨៨​លើក ចាញ់​២៣​លើក និង​ស្មើ​០៤​លើក ខណៈ​ដែល​ចន្ទ្រា មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៦​លើក ឈ្នះ​១០៤ លើក ចាញ់​៨​លើក និង​ស្មើ​៤​លើក។

ចំពោះ ខាំ ផាន្នី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កេង កាត់ វ៉​.​ស៊ូ​ង​នឹ​ន (Keangkath Wor.Shungnuen) ក្នុង​ជម្រុះ​លើកដំបូង​ដែរនោះ បាន​វាយ​ចាញ់​កេង កាត់ ដោយ​ពិន្ទុ ក្រោយពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​៥​ទឹក​ពេញ​នោះ។
​ ​
ផាន្នី ត្រូវ​កេង កាត់ វាយ​ដួល​ និង​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង​ក្នុង​ទឹក​ទី​២។​ កេង កាត់ បាន​ប្រើ​កណ្ដាប់ដៃ​ដាល់​ត្រូវ​មុខ​របស់​ ផាន្នី ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​កម្ពុជា​រូបនេះ ដួល​ខូច​ជំហរ​ប្រកួត។ តែ​យ៉ាងណា ផាន្នី ក្រោយពី​អាជ្ញាកណ្ដាល​នោះ គេ​បាន​ព្យាយាម​វាយ​សម្រុក​ទៅលើ​កេង កាត់ ក្នុង​បំណង​ផ្ដួល​អ្នក​ប្រដាល់​ថៃ​នេះ​ឲ្យ​ដួល ប៉ុន្តែ​មិនអាច​ទៅរួច ហើយ​ក្រោយ​បញ្ចប់​ការប្រកួត​៥​ទឹក ខាំ ផាន្នី ចាញ់​កេង​កាត់​ដោយ​ពិន្ទុ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឯម សុធី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ ដែល​ឡើង​សងសឹក​ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​នោះ គេ​ធ្វើ​បាន​សម្រេច ដោយ​វាយ​ឈ្នះ​ឡូញ វ៉ាន់ឌី ដោយ​ពិន្ទុ​។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

•​សៀវ ង៉ុ​យ ឈ្នះ​ពានរង្វាន់​ប្រាក់​លាន​បាយ័ន​ទម្ងន់ ៦៣,៥០០ គ​.​ក្រ​
​អ្នក​ប្រដាល់​ទម្ងន់​៦៣,៥០០​គីឡូក្រាម​៤​រូប ដែល​ជួប​ប្រកួត​គ្នា​ដណ្ដើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន កាលពី​ល្ងាច​ថ្ងៃទី​១៦​ ខែ​មីនា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ គឺ​បាន​ទៅលើ​អ្នក​ប្រដាល់ ​សៀវ ង៉ុ​យ​ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។​

សៀវ ង៉ុ​យ ក្នុង​ជម្រុះ​ដំបូង គេ​បាន​ផ្ដួល ​គឿ​ម សុវណ្ណ​នឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ នៅ​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។ ហើយ​សៀវ ង៉ុ​យ​ បាន​ឡើងទៅ​ជួប ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។

ខេ​ម ចាន់ ក្នុង​វគ្គ​ជម្រុះ គេ​វាយ​ឈ្នះ​អេ រ៉ា​វ៉ាន់​ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ដែលមាន​តែ​៣​ទឹក​នោះ។ បន្ទាប់ពី​ឈ្នះ ខេ​ម ចាន់ បាន​ឡើងទៅ​ជួប​សៀវ ង៉ុ​យ ដែល​ឈរ​រង់​ចាំ​ស្រេច​នោះ។​

ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ សៀវ ង៉ុ​យ បាន​យកឈ្នះ​ខេ​ម ចាន់ ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។

ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការ​ប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ។​

ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​បាន​ត្រូវ វ៉ែន ហុង​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ វាយ​ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​២។​ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម៕