ព័ត៍មានទាន់​ហេតុការណ៏
Search

Supper Man​ ឡើង​ទៅ​ជួប ​លន បញ្ញា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ខ្សែក្រវាត់​ Wurkz

ទីបំផុត ក្នុង​ពូ​ល​កីឡាករ​ថៃ រក​ឃើញ​អ្នក​ដែល​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦០​គីឡូក្រាម​ហើយ គឺ​អ្នក​ប្រដាល់​ថៃ Sup per Man ក្រោយពី​គេ​បាន​ផ្ដួល ​អ្នក​ប្រដាល់​កម្ពុជា​ហេង វាសនា ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​ ក្នុង​ទឹក​ទី​១ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ចុង​ក្រោយ កាលពី​រសៀល​ថ្ងៃទី​១៧​មីនា​ នៅ​លើ​សង្វៀន​ទូរទស្សន៍​SEATV​នោះ។

ហេង វាសនា​ត្រូវ Supper Man ទាត់​ឲ្យ​ឈឺ​ភ្លៅ​ជើង​ខាង​ស្តាំ ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ដែល​ធ្វើឲ្យSupper Man ទទួលបាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ជួប​ជាមួយ​អ្នក​លេខ​១ ​ក្នុង​ពូ​ល​កីឡាករ​កម្ពុជា គឺ​លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ។​

Supper Man ក្នុងការ​ប្រកួត​ជម្រុះ​៤​លើក​នោះ គេ​វាយ​ឈ្នះ​ទាំង​៤​លើក ទទួល​បាន​១២​ពិន្ទុ។ គេ​ជាប់​លេខ​១​ក្នុង​ពូ​ល​កីឡាករ​ថៃ។​ ចំណែក ហេង វាសនា ​គេ​ប្រកួត​គ្រាន់តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ដោយសារ​ដឹង​ធ្លាក់​រួចទៅហើយ ព្រោះ​បី​ប្រកួត​កន្លងមក ចាញ់​២​ឈ្នះ​១​ប្រកួត បាន​៤​ពិន្ទុ និង​ចាញ់​១​ប្រកួត​ចុង​ក្រោយ​នេះ​ទៀត គឺ​ធ្លាក់​ស្ថាពរ​តែម្ដង។

ចំពោះ​ការប្រកួត​ជុំ​ចុងក្រោយ រវាង​អ្នក​ប្រដាល់​កម្ពុជា សារឿន ច័ន្ទ ក្លិប​តា​ព្រហ្ម​មានជ័យ និង​អ្នក​ប្រដាល់​ថៃ Chhai You វិញ​នោះ សារឿន​ច័ន្ទ ក៏​ត្រូវ​ថៃ​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ។ សារឿន ច័ន្ទ ត្រូវ Chhai You វាយ​ត្រូវ​មួយ​កែង​ចំ​សៀតផ្កា បណ្តាល​ឲ្យ​ដួល​ក្រោក​លែងរួច។ សារឿន ច័ន្ទ ក៏​ប្រកួត​បង្គ្រប់កិច្ច​ដែរ។ ​ដូច្នេះ​គេ​ចាញ់ ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​។​

Chhai You ដែល​បានឈ្នះ​នេះ គេ​ក៏​មិនមាន​សំណាង​បាន​ឡើង​ដែរ ដោយសារ​គេ​តម្រូវ​យក​តែ​លេខ​១​ក្នុង​ពូ​ល​ប៉ុណ្ណោះ ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ។​

ចំពោះ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ សល ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ប្រកួត​ចាញ់​នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង ដោយ​ពិន្ទុ ហើយ ​កាន់ ម៉េង​ហុង អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ វាយ​ឈ្នះ​លី លន់ អ្នក​ប្រដាល់​ក្លិប​ប្រកួត​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរ។

•​ឃុន ឌី​ម៉ា ឈ្នះ គីម យ៉ុង​ត្រឹម​ពិន្ទុ ខណៈ ​ប៊ុន សុធា ឈ្នះ​ឆាត ភេត ទឹក​២
​ឃុន ឌី​ម៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ គីម យ៉ុង (Kim Young) ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា ​កាលពី​រសៀល​ថ្ងៃ ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៩ លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​SEA-TV។​

គីម យ៉ុង ជា​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង ដែល​គេ​បម្រុង​យក​មក​ផ្ដួល​ឃុន ឌី​ម៉ា តែ​ត្រូវ​ឌី​ម៉ា ផ្ដួល​យក​ឈ្នះ​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ គីម យ៉ុង ត្រូវ​ឌី​ម៉ា វាយ​កែង​បែក​ចុង​ចិញ្ចើម​ខាង​ស្តាំ​ក្នុង​ទឹក​ទី​២ តែ​អ្នក​ប្រដាល់​ថៃ​នេះ អាច​តស៊ូ​ប្រកួត​រហូត​ចប់​ទឹក​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

ចំពោះ ប៊ុន សុធា អ្នក​ប្រដាល់​វ័យក្មេង​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​វិញ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ឆាត ភេត (Chhart Phat) ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។​ ពីរ​នាក់​នេះ ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម។​

ឆាត ភេត ត្រូវ​ប៊ុន សុធា វាយ​កែង​ត្រូវ​ដួល​រាប់​៨​ក្នុង​ដើម​ទឹក​ទី​២ ​និង​បន្ទាប់ពី​ងើប​បន្ត​ការប្រកួត​ទៀត ក៏​ត្រូវ​សុធា វាយ​កែង​ត្រូវ​ដួលសន្លប់​លែង​ក្រោក​តែម្តង។

•​កូយ ឡាយ ចាញ់ យ៉​ត បាន​ភុ​ត ដោយ​ពិន្ទុ​
​កូយ ឡាយ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ឡើង​ប្រកួត​ជំនួស​វេ​ង​សុ​ភ័​ក្រ មិត្ត​រួម​គ្រូ​ជា​មួយ​នោះ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​យ៉​ត បាន​ភុ​ត​(Yorth Banphut)​ដោយ ពិន្ទុ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១៧ ខែ​​មីនា​ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV។​ កូយ ឡាយ និង​យ៉​ត បាន​ភុ​ត​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

កូយ ឡាយ ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ​ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹង​តែង​បំផុត ពោល​គឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ​ដោយ​ផុយ​ស្រួល​នោះ​ឡើយ ដូច​ករណី​ប្រកួត​ជាមួយ​យ៉​ត បាន​ភុ​ត ​នេះ​ជាដើម ។​
​ ​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​ និង​ខ្មែរ​វិញ ឈាន ហុង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ បាន​ផ្ដួល​យកឈ្នះ​ ធឿន វិ​ថា​ត់ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ក្នុង​ទឹក​ទី​៤។​
​ ​
ឯ មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី គេ​បាន​វាយ​ចាញ់​សូត្រ ខេ​វិ​ន្ទ អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ហើយ​ម៉ន ខួច ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​វិញ ក៏​វាយ​ចាញ់​ជី ឆៃលី អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​២​ដែរ៕​