ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកវិនិយោគ​ជប៉ុន​ ជំរុញ​ឲ្យ​អ្នកវិនិយោគ​ជាតិ​ និង​អន្តរជាតិ​ បោះ​ទុន​វិនិយោគ​លើ​គម្រោង​រី​ហ្សត​លំដាប់​ផ្កាយ​៥​ ដ៏​ប្រណិត​ នៅ​លើ​ទឹកដី​ខេត្ត​កំពត​

​ភ្នំពេញ ​៖​ អ្នក​វិនិយោគ​ជប៉ុន​ បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ជាតិ​ និង​អន្តរជាតិ​ បោះទុន​វិនិយោគ​លើ​គម្រោង​រី​ហ្សត​ លំដាប់​ផ្កាយ​៥​ ដ៏​ប្រណិត​ នៅលើ​ទឹកដី​ខេត្តកំពត​ ដើម្បី​ចូលរួម​ទាក់ទាញ​វិស័យ​ទេសចរ​នៅ​ខេត្ត​នេះ​ឲ្យ​កាន់តែច្រើន​ថែមទៀត​។​

​ការលើកឡើង​របស់ លោក Taihei Yamada ស្ថាបនិក​ក្រុមហ៊ុន Amber International Holdings​បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​ប្រកាស​បើក​លក់​គម្រោង​រី​ហ្ស​តលំ ដាប់​ផ្កាយ​៥​ ដ៏​ប្រណិត​នៅលើ​ទឹកដី​ខេត្ត​កំពត​នៅ​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ដោយមាន​ការចូលរួម​ពី​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរ​ជាតិ​ប្រមាណ​ជិត​២០០​នាក់​។​

​គម្រោង​រី​ហ្សត​នេះ​មាន​ឈ្មោះថា Amber Kampot​ ដែលមាន​ក្រុមហ៊ុន Amber International Holdings ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​បដិសណ្ឋារកិច្ច​អន្តរជាតិ​ដែល​ម្ចាស់​គម្រោង ​គឺជា​ជនជាតិ​ជប៉ុន​។ Amber Kampot​ នឹង ក្លាយជា​រមណីយដ្ឋាន​ដំបូង​មួយ​នៅ​ខេត្តកំពត​ ដើម្បី​ជួយ​បំពេញ​តាម​តម្រូវ​ការ ដែល​មិន​ទាន់​ទទួលបាន​នាពេល​បច្ចុប្បន្ន​ ហើយក៏​ជា​កន្លែង​ប្រមូលផ្ដុំ​សម្រាក​លំហែ​កាយ​ និង​ជា​លក្ខណៈ​ផ្សង​ព្រេង​បំពេញ​ក្តី​សុ​បិ​ន្ត​របស់​ភ្ញៀវទេសចរ​ ដែល​អាច​ស្នាក់នៅ​ក្នុង​រី​ហ្សត​ ដែលមាន​បរិយាកាស​លំដាប់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ដោយ​រចនា​ម៉ូដ​ទំនើប​ និង​មាន​សេវាកម្ម​ដោយ​យកចិត្តទុកដាក់​។​

លោក Taihei Yamada ស្ថាបនិក​ក្រុមហ៊ុន Amber International Holdings បាន​មានប្រសាសន៍ថា​គម្រោង​រី​ហ្សូ​ត​ ដ៏​ប្រណិត​នេះ ​បានចាប់ផ្តើម​បុកគ្រឹះ​សាងសង់​កាលពី​សប្ដាហ៍​មុន​ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ត្រីមាស​ទី២ ឆ្នាំ​២០២០​ខាងមុខនេះ​ ដែលមាន​បឹង​កា​ឡូ​ចំនួន​៣៥​បន្ទប់ ​និង​មាន​កន្លែង​ហាត់ប្រាណ កំពង់ផែ​សម្រាប់​ភ្ញៀវ ភោជនដ្ឋាន​ និង​ហាង​ហែល​ទឹក​ដ៏​ធំ​លំដាប់​អន្តរជាតិ​។​

លោក​សង្ឃឹមថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ​បន្ទប់​នឹង​កើន​ឡើង​២០០​បន្ទប់​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អ្នកវិនិយោគ ​និង​ភ្ញៀវទេសចរ​អន្តរជាតិ ​ដែល​មក​វិនិយោគ ​និង​កម្សាន្ត​នៅ​ខេត្ត​កំពត​។​

លោក​បាន​បន្តថា ​ដោយឡែក​នៅក្នុង​បន្ទប់​នីមួយៗ​ធំ​ទូលាយ​ និង​មានកូន​អាង​ហែល​ទឹក​សម្រាប់​ភ្ញៀវ​ហែល​លេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ​និង​អាច​មើល​ធម្មជាតិ​ដែលមាន​ទេសភាព​ដ៏​ស្រស់​ត្រកាល ​ដែល​នៅ​ជុំវិញ​រី​ហ្សត​ និង​សំណង់​អគារ​បុរាណ​ ដែល​សល់​ពី​ជំនាន់​អាណានិគម​បារាំង​ពិសេស​សម្រស់​នៅ​តំបន់ភ្នំ​។​

លោក​បាន​បន្ថែមទៀតថា ​អ្នកវិនិយោគ​អាច​ចាប់យក​គម្រោង​នេះ​ធ្វើការ​វិនិយោគ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ និង​បាន​ផលចំណេញ​មកវិញ​យ៉ាងច្រើន​ តាមរយៈ​ការជួល​ពី​អ្នក​វិនិយោគ​បរទេស​ និង​ភ្ញៀវ​ទេសចរ​លំដាប់​ខ្ពស់ៗ​ ដែល​ទៅលេង​នៅលើ​ទឹកដី​ខេត្តកំពត​។​

បើ​យោងតាម​ការ​ព្យាករណ៍​ផ្នែក​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ​ខេត្តកំពត ​ត្រូវបាន​គេ​រំពឹងថា​នៅ​ឆ្នាំ​២០១៩​ នឹង​នាំ​ភ្ញៀវ​ទេសចរ​ចំនួន​១,៩​លាន​នាក់​ និង​ប្រាក់ចំណូល​ចំនួន​១៣​លាន​ដុល្លារ​អាមេរិក​ ខណៈដែល​កំពង់ផែ​កំពត ​ត្រូវបាន​គេ​រំពឹងថា​ នឹង​នាំ​ភ្ញៀវ​ទេសចរ​ចំនួន​៤៤២.០០០​នាក់​បន្ថែម​ទៀត ​នៅត្រឹម​ឆ្នាំ​២០២២​ខាងមុខ​។​

លោក ជាវ ​តា​យ អភិបាលខេត្ត​កំពត ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​បើក​លក់​គម្រោង​នោះ បាន​អំពាវ​នាវ​ដល់​អ្នក​វិនិយោគិន​ជាតិ ​និង​អន្តរជាតិ​ចូលរួម​វិនិយោគ​គម្រោង​នេះ​ ព្រោះថា​ខេត្ត​កំ​ពត​នៅ​មាន​សក្ដានុពល​ជាច្រើន​ទៀត​ក្នុងការ​វិនិយោគ​ ពិសេស​លើ​វិស័យ​ទេសចរ​ជាដើម​៕​