ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​បារាំង ​ទទួលស្គាល់​គុណវិបត្តិ​ផ្នែក​សន្តិសុខ​ក្នុង​កុបកម្ម​ហិង្សា​នៅ​ទីក្រុង ប៉ារីស

រដ្ឋាភិបាល​បារាំង​បានទទួល​ស្គាល់​កាលពី​ថ្ងៃអាទិត្យ​ថា វិធានការ​សន្តិសុខរ​បស់​ខ្លួន​គឺ​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​បញ្ឈប់​ការ​លួច​ដុត​និង​ការ​លួច​ឆក់​ប្លន់​ក្នុងអំឡុង​ការតវ៉ា “​អាវកាក់​ពណ៌​លឿង​” នៅតាម​បណ្តោយ​មហាវិថី Champs-Elysees ក្នុង​ទីក្រុង​ប៉ារីស​។​

ប៉ូលិស​បានបង្ហាញ​ខ្លួន​យ៉ាងច្រើន​លើសលប់​កាលពី​ថ្ងៃ​សៅរ៍​ខណៈដែល​បាតុករ​បាន​រត់គេចខ្លួន​តាម​ដងផ្លូវ​ហើយ​អ្នកលក់​រាយ​នៅ​ទី​នោះបាន​និយាយថា ហាង​និង​អាជីវកម្ម​ចំនួន​៨០​ត្រូវបាន​បំផ្លិចបំផ្លាញ​។​

លោកនាយក​រដ្ឋមន្ត្រី Edouard Philippe បានទទួល​ស្គាល់​កាលពី​ថ្ងៃអាទិត្យ​ថា មាន “​គុណវិបត្តិ​” ផ្នែក​សន្តិសុខ​ដែល​យើង​ចាំបាច់​ត្រូវតែ​កែតម្រូវ​។​

ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ដ្រី​បាន​និយាយថា “​ការវិភាគ​អំពី​ព្រឹត្តិការណ៍​កាលពី​ម្សិលមិញ​បាន​គូសបញ្ជាក់ថា វិធាន​ការដែល​បានធ្វើ​ឡើង​គឺ​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​និង​បង្ការ​កុំ​ឲ្យ​មាន​អំពើ​ខុសឆ្គង​ដោយ​ពួក​កុបករ​”​។ ការិយាល័យ​នេះ​បាន​បន្ថែមថា លោក Philippe គ្រោង​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី Emmanuel Macron​។​

ស្របពេល​ស្ថិតនៅក្រោម​សម្ពាធ​នយោបាយ​រួចទៅហើយ​នោះ លោក Macron ដែល​បាន​លុបចោល​ការធ្វើដំណើរ​ទៅ​ជិះ​ស្គី​ដើម្បី​វិល​ត្រលប់​ទៅ​រដ្ឋធានី​វិញ​សម្រាប់​កិច្ចប្រជុំ​ស្តីពី​វិបត្តិ​មួយ​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្តេជ្ញា​ថា នឹងមាន “​សកម្មភាព​ខ្លាំងក្លា​”​។​

អាជីវករ​លក់រាយ​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការប្រមូល​ចុង​សប្តាហ៍​លើក​ទី​១៨​ជាប់ៗ​គ្នា​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ ការចូលរួម​របស់​ក្រុមបាតុករ​កាលពី​ថ្ងៃ​សៅរ៍​ត្រូវបាន​កំណត់ដោយ​ការកើនឡើង​យ៉ាងខ្លាំង​នៃ​អំពើហិង្សា​បន្ទាប់ពី​ការធ្លាក់ចុះ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។​

ភាពចលាចល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅពេល​ក្រុមអ្នកតវ៉ា​ដែល​គេ​ហៅថា “​ប្លុក​ពណ៌​ខ្មៅ​” បាន​រាលដាល​ទៅដល់​មហាវិថី Champs-Elysees ដោយបាន​បំផ្លិចបំផ្លាញ​ហើយ​ក្រោយមក​បាន​ដុត​ភ្លើង​នៅ​ភោជនីយដ្ឋាន​មួយ​។​

កន្លែង​លក់​សំលៀកបំពាក់ Hugo Boss, Lacoste និង Celio ក៏ត្រូវ​បាន​រង​ការខូចខាត​ផងដែរ​ព្រមទាំង​ធនាគារ​មួយ ហាង​សូកូឡា​មួយ​និង​តូប​លក់​កាសែត​ជាច្រើន​។​
ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់បែក​បំ​ភាំង​ស្មារតី​និង​កាណុង​បាញ់​ទឹក​ដើម្បី​បំបែក​អ្នក​តវ៉ា​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​វិមាន​អនុស្សាវរីយ៍​សង្គ្រាម Arc de Triomphe​។​

ប្រភព​តុលាការ​បាន​និយាយថា មនុស្ស​ចំនួន​២០០​នាក់​រួមទាំង​អនីតិជន​១៥​នាក់​ផងដែរ​ត្រូវបាន​គេ​ឃុំខ្លួន​នៅក្នុង​មន្ទីរឃុំឃាំង​បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃ​សៅរ៍​៕ AFP