ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​វិសាខា ចុះបញ្ជី​កីឡាករ​កូរ៉េខាងជើង តែ​ម្នាក់​ទេ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩​នេះ​

ក្លិប​កីឡាបាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ប្រកាស​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​គ្រប់​ចំនួន​កូតា​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានកំណត់​បន្ទាប់ពី​ឆ្លងកាត់​ការ​ធ្វើ​តេស្ដ​សមត្ថភាព​អស់​រយៈពេល​ជា​យូរ​មក ខណៈ​ក្លិប​នេះ​សម្រេច​ប្រើប្រាស់​កីឡាករ​កូរ៉េខាងជើង តែ​ម្នាក់​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ឆ្នាំមុន​ប្រើប្រាស់​ដល់​ទៅ​៥​នាក់​។

​យោង​តាម​ការ​បញ្ជាក់​របស់​ក្លិប​នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់ខ្លួន ​បាន​លើកឡើងថា​ កីឡាករ​ទាំង​៥​នាក់​នោះ​មាន​កីឡាករ Lyuben Nikolov ជនជាតិ​ប៊ុលហ្គារី Evangelos Skraparas ជនជាតិ​ក្រិ​ក កីឡាករ​Eliel Cruz ជនជាតិ​ប្រេ​ស៊ី​ល កីឡាករ Masaaki Ideguchi ជនជាតិ​ជប៉ុន​និង​កីឡាករ​កូរ៉េខាងជើង​Pak Song-chol​។ យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ ត្រូវ​តែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។

កីឡាករ PAK SONG CHOL សញ្ជាតិ​កូរ៉េខាងជើង ត្រូវ​បាន​ក្លិប​កីឡាបាល់ទាត់ វិសាខា បន្ដ​កិច្ចសន្យា​ថ្មី​បន្ទាប់ពី​រូបគេ បានរួម​ចំណែក​ជួយ​ក្លិប​ឲ្យ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ នៃ​លី​គ​កំពូល​កម្ពុជា កាលពី​រដូវ​កាល​មុន ហើយ​ខ្សែបម្រើ​រូបនេះ នឹង​បន្ដ​ពាក់អាវ​លេខ ៩ ដដែល​។​

ចំណែក​កីឡាករ IDEGUCHI MASAAKI សញ្ជាតិ​ជប៉ុន មាន​តួនាទី​ជា​ខ្សែបម្រើ និង​ពាក់អាវ​លេខ ២៨ ។ IDEGUCHI បាន​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង ជាមួយ​ក្រុម​សាកលវិទ្យាល័យ Hannan នៅ​ឆ្នាំ​២០០៧-២០១០ ។ បន្ទាប់ពី​មក IDEGUCHI បាន​លេង​ឲ្យ​ក្លិប ដូចជា​ក្លិប Yokohama(​ជប៉ុន​) ឆ្នាំ​២០១១-២០១៤ ។ ក្លិប Metre Gallery(​ហុងកុង​) ឆ្នាំ​២០១៥ មុន​ផ្ទេរ​មក​ក្លិប​ចាស់ Yokohama នៅ​ចុងឆ្នាំ​២០១៥ ។ ក្លិប Hoang Anh Gia Lai(​វៀតណាម​) ឆ្នាំ​២០១៧ និង​ចុងក្រោយ IDEGUCHI លេង​ឲ្យ​ក្លិប FC OSAKA(​ជប៉ុន​) ឆ្នាំ​២០១៨ ។

ចំពោះ​កីឡាករ SKRAPARAS EVANGELOS កូនកាត់​ក្រិច​-​អាល្លឺម៉ង់ តួនាទី​ជា​ខ្សែបម្រើ និង​ពាក់អាវ​លេខ ៩៩ ។ EVANGELOS បាន​ផ្ដើម​លេង​បាល់ទាត់ លើ​ទឹកដី​អាល្លឺម៉ង់ ជាមួយ​ក្រុម​យុវជន​ក្លិប Bayon 04 Leverkusen Youth តាំងពី​ឆ្នាំ​២០០០ ហើយ​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​កីឡាករ​អាជីព និង​បាន​លេង​ឲ្យ​ក្លិប​អាល្លឺម៉ង់​ជាច្រើន ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៥ ដូចជា​ក្លិប Wupertaler SV U19, ក្លិប VFB Huls, ក្លិប Westfalia Herne, ក្លិប FC Kray, ក្លិប Tus Ennepetal និង​ក្លិប Malchower ជាដើម ។ បន្ទាប់មក​ទើប EVANGELOS ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប Metalul Resita(​រ៉ូ​ម៉ា​នី​) ឆ្នាំ​២០១៥ ។ ក្លិប PGS Kissanmikos(​ក្រិច​) ឆ្នាំ​២០១៦ ។ ក្លិប Sportul Snagov(​រ៉ូ​ម៉ា​នី​) ឆ្នាំ​២០១៦ ។ ក្លិប Eginiakos(​ក្រិច​) ឆ្នាំ​២០១៧ ។ ក្លិប Quang Nam(​វៀតណាម​) ឆ្នាំ​២០១៧ ។ ក្លិប Northcote City(​អូស្ដ្រាលី​) ឆ្នាំ​២០១៨ និង​ចុងក្រោយ​ត្រឡប់​ទៅលេង​ឲ្យ​ក្លិប SPORTUL SNAGOV វិញ នៅ​ចុងឆ្នាំ​២០១៨។

ដោយឡែក​កីឡាករ NIKOLOV LUBEN GUEORGUIEV សញ្ជាតិ​ប៊ុល​ការី តួនាទី​ជា​ខ្សែការពារ និង​ពាក់អាវ​លេខ ៩៧។ LUBEN ធ្លាប់បាន​លេង​ឲ្យ​ក្លិប​ជាច្រើន ក្នុង​តំបន់​អាស៊ាន ដូចជា​ឆ្នាំ​២០១៥-២០១៦ លេង​ឲ្យ​ក្លិប Sisaket FC របស់​ថៃ ។ ក្លិប Super Power FC(​ថៃ​) ឆ្នាំ​២០១៧ និង​ចុងក្រោយ​លេង​ឲ្យ​ក្លិប PKNP FC នៃ​លី​គ​កំពូល​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨។

ចុងក្រោយ​គឺ​កីឡាករ Da CRUZ GUARDIANO ELIEL សញ្ជាតិ​ប្រេ​ស៊ី​ល តួនាទី​ជា​ខ្សែប្រយុទ្ធ និង​ពាក់អាវ​លេខ ៣១ ។ CRUZ បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្រុមយុវជន Parana FC នៅ​ឆ្នាំ​២០០៧ តែ ១​ឆ្នាំ​ក្រោយមក​គេ បាន​ក្លាយជា​កីឡាករ​កម្រិត​អាជីព ហើយ​បាន​លេង​ឲ្យ​ក្លិប ក្នុងប្រទេស​កំណើត​ជាច្រើន ដូចជា​ក្លិប Rondonopolis, ក្លិប Cristal FC, ក្លិប Cianorter, ក្លិប Nacional និង​ក្លិប Uberaba ជាដើម ។ ចំពោះ​ក្លិប​ក្រៅ​ស្រុក ដែល CRUZ ធ្លាប់​លេង រួមមាន​ក្លិប Sportivo Luqueno(​ប៉ា​រ៉ា​ហ្គា​យ​) ឆ្នាំ​២០១០) ។ ក្លិប Perak FA(​ម៉ាឡេស៊ី​) ឆ្នាំ​២០១៣-២០១៤ ។ ក្លិប Busaiteen(​ប៉ា​រ៉ែ​ន​) ឆ្នាំ​២០១៤-២០១៥ ។ ក្លិប UiTM(​ម៉ាឡេស៊ី​) ឆ្នាំ​២០១៥-២០១៦ ។ ក្លិប Nakhon Pathom United(​ថៃ​) ឆ្នាំ​២០១៦ និង​ចុងក្រោយ​លេង​ឲ្យ​ក្លិប SPORTING CLUDE IDEAL(​ព័រ​ទុយ​ហ្គា​ល់​) ឆ្នាំ​២០១៧-២០១៨៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114