ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ក្រុង​បញ្ជូន​ជនសង្ស័យ ម្នាក់​ទៅ​តុលាការ

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរលួច​ទូរស័ព្ទ ម្នាក់ ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។

មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឃុ​ត ពេជ្រ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣និង​០០​នាទី នៅ​ចំណុច តូប​លក់​កាបូប និង​ខ្សែក្រវាត់ ភូមិ​ដំណាក់​ធំ​៣ សង្កាត់ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ ០១​គ្រឿង​ម៉ាក HUAWEI របស់​ជនរងគ្រោះ​ឈ្មោះ ប៉ាល់ សុ​ភី ភេទ​ប្រុស។

ក្រោយពេល​ឃាត់ខ្លួន រូបគេ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ រូប​ខ្លួន​បាន​ដើរ​ទៅ​រក​ទិញ​ចំណី​ហូប លុះ​ពេល​ដើរ​ដល់​ចំណុច​តូប​លក់​កាបូប និង​ខ្សែក្រវាត់​មួយ​កន្លែង ឃើញ​ទូរស័ព្ទ​ដៃ ០១​គ្រឿង​ម៉ាក HUAWEI ទុក​នៅ​លើ​តុ ហើយ​ម្ចាស់​ដេកលក់ រូបគេ​ក៏​ដើរចូល​ទៅ​ក្នុង​តូប លួច​យក​ទូរស័ព្ទ​នោះ តែ​ត្រូវ​ម្ចាស់​តូប​ភ្ញាក់​ទាន់ បាន​ស្រែក​ចោរៗ រូប​ខ្លួន​បាន​រត់​គេច​ខ្លួន​បាន​ចម្ងាយ ៣០០​ម៉ែត្រ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ហ៊ុមព័ទ្ធ រូបគេ​បាន​រើស​ដំបង​ប្រវែង​ប្រហែល​២​ម៉ែត្រ យក​មក​គំរាម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូលចាប់​រូប​ខ្លួន ភ្លាមនោះ​ស្រាប់​តែ​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​ល្បាត​ឃើញ​បាន​ចូល​មក​ឃាត់​រូប​ខ្លួន​តែម្តង​។​

ជនសង្ស័យ​បន្ថែម​ទៀត​ថា កន្លងមក​រូប​ខ្លួន​រើស​អេតចាយ​យក​ទៅ​លក់បាន​ប្រាក់ រូប​ខ្លួន​បាន​យកទៅ​ទិញ​ថ្នាំញៀន​នៅ​ម្តុំ​អគារ​៤២​ជាន់ និង​ម្តុំ​ផ្លូវ​រ៉ា​រថភ្លើង យក​មក​ប្រើ​ប្រាស់​ជាប្រចាំ​ផង​ដែរ៕