ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​សម្អាត​ក្នុង​​ក្រុង ដើម្បី​ត្រៀម​ទទួល​សង្ក្រាន្ត​ឆ្នាំ​ថ្មី២០១៩

ព្រះវិហារ ៖ ស្រប​ពេល ដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ខិត​ជិត​ចូលមក​ដល់​នោះ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប បាន​ត្រៀមលក្ខណៈ​រៀបចំ​ទីកន្លែង ផ្ទះសំបែង ក្នុង​ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​រៀងៗ​ខ្លួន​។ នៅ​តាម​រាជធានី ខេត្ត ស្រុក ក្រុង និង​តាម​រមណីយដ្ឋាន​នានា ក៏ត្រូវ​បាន​រៀប​ចំ​សម្អាត តុបតែង​យ៉ាង​ស្រស់​ស្អាត មាន​ភ្លើងពណ៌ ផ្កា​ភ្ញី ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក៏ដូចជា​ទទួលភ្ញៀវ​ទេសចរ​ដែល​មកលេង​កំសាន្ត​ផងដែរ។

ជាក់​ស្តែង​នៅ​ពេល​នេះ​ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​នឹង​កំពុង​បោសសំអាត​ក្រុង​ព្រះវិហារ​ត្រៀម​ទទួល​សង្ក្រាន្ត​ឆ្នាំ​ថ្មី ២០១៩។

ជា​មួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះវិហារ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​នឹង​ប្រារព្ធ ពិធី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ នៅ​បរិវេណ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ជាមួយ​តារា​ល្បីៗ​ផងដែរ​។

អាជ្ញាធរ​ព្រះវិហារ​សូម​អញ្ជើញ​ពុក​ម៉ែ បងប្អូន​ទាំងអស់ ចូលរួម​សប្បាយរីករាយ ជួបជុំ​មហា​គ្រួសារ​ខ្មែរ ក្រោម​ម្លប់​សន្តិភាព រយៈ​ពេល​៤​ទសវត្សរ៍​ដែល​មាន​ឈ្មោះ​ថា “​ព្រះវិហារ​សង្ក្រាន្ត​កោះ​កេរ​” ក្នុងន័យ​អភិរក្ស​ថែរក្សា វប្បធម៌ ប្រពៃណី ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ​យើង​។

សូម​ទស្សនា​នូវ​ពិព័រណ៍​វិវឌ្ឍន​ភាព​និមិត្ត​ក្រុង​ស្រុក​ទាំង​៨ នៃ​ខេត្តព្រះវិហារ និង​ទស្សនា​ទស្សនីយភាព​សិល្បៈ​បុរាណសម័យ​យ៉ាង​សម្បូរបែប​ដែល​ចូលរួម​ពី​តារា​ល្បីៗ ចាប់ពី​ថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៩ នា​បរិវេណ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ នៅក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​៕