ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ គីរីវង់​សុខ​សែន​ជ័យ ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្ដាហ៍​ដំបូង​

ឆ្លងកាត់​ប្រកួត​សប្ដាហ៍​ដំបូង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ បាន​ស្រវា​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន​។

​លទ្ធផល​សម្រាប់​ប្រកួត​បើកឆាក​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែមីនា ឆ្នាំ​២០១៩ ដោយ​ក្រុម​អគ្គីសនី​កម្ពុជា ចាញ់​ក្រុម​ខេត្តកំពង់ចាម ១​ទល់​០ ខណៈ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ឈ្នះ​ក្រុម​យុវជន​បាទី​១៨​ឆ្នាំ ៤​ទល់​១ ស្របពេល​ក្រុម​ភ្នំពេញ​ក្រោ​ន ចាញ់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ៣​ទល់​២​។ ចំណែក​ប្រកួត​ផ្សេងទៀត​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ក្រុម​អាស៊ី​អឺរ៉ុប ចាញ់​ក្រុម​ណាហ្គា​វើ​ល ១​ទល់​០ ហើយ​ក្រុម​វិសាខា ស្មើគ្នា​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ០​ទល់​០ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​០ និង​ក្រុម​ក្រសួងការពារជាតិ ស្មើ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​១​ទល់​១​។

សរុប​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១​លើក​នេះ​មក​ឃើញថា​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​១ ហើយ​ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​២ បឹងកេត ឈរ​លេខ​៣ ហើយ​ណាហ្គា​វើ​ល ឈរ​លេខ​៤ និង​កំពង់ចាម ឈរ​លេខ​៥ មាន​៣​ពិន្ទុ​ដូចគ្នា​។ ចំណែក​ក្រុម​វិសាខា ឈរ​លេខ​៦ សូល​ទី​ឡូ​អង្គរ ឈរ​លេខ​៧ ក្រសួងការពារជាតិ នៅ​លេខ​៨​និង​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៩ មាន​១​ពិន្ទុ​ដូចគ្នា ស្របពេល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​លេខ​១០ អាស៊ី​អឺរ៉ុប លេខ​១១ អគ្គីសនី​កម្ពុជា លេខ​១២ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លេខ​១៣ និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​លេខ​១៤​។

សម្រាប់​គម្រោង​ប្រកួត​បន្ទាប់​នៅ​សប្ដាហ៍​ទី​២​នឹងធ្វើ​ឡើង​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩ នេះ​ដោយនៅ​ថ្ងៃទី​៣០ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ហើយ​ក្រុម​វិសាខា ទទួល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​វិសាខា និង​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​ក្រសួងការពារជាតិ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។ ចំណែក​ប្រកួត​ផ្សេងទៀត​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែមីនា ដោយ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣:៣០​នាទី លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលានកីឡា​បាល់ទាត់​បាទី ហើយ​ក្រុម​ខេត្តកំពង់ចាម ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​ម៉ោង​៣និង៣០​នាទី​ល្ងាច​ដែរ​លើ​ទីលានកីឡា​បាល់ទាត់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និង​ក្រុម​អគ្គីសនី​កម្ពុជា ទទួល​ក្រុម​បឹងកេត នៅវេលា​ម៉ោង​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕