ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឃាត់ខ្លួន​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​៣​នាក់ ពីបទ​បង្ក​ជម្លោះ​វាយតប់​គ្នា​ដោយសារ​ការ​បើកបរ​ព្រហើន​ខ្លាំង​ដូចគ្នា

ភ្នំពេញ ​៖ ក្រុម​អ្នក​រក​ស៊ី​រត់​ឈ្នួល​បើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​បង្ក​ជម្លោះ​វាយតប់​គ្នា បង្ក​ចលាចល​អសន្តិសុខ​សង្គម​ ដែល​ជម្លោះ​នេះ​ផ្តើមចេញ​ដោយសារតែ​ការ​បើកបរ​ព្រហើន​ដូចគ្នា​នៅតាម​ផ្លូវ​មួយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩។

​ក្រុម​ជន​ខាងលើ​១.​ឈ្មោះ ឈួន ហួត អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ២.​ឈ្មោះ ឈួន ឡេ​ន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែន​សុខ​១ សង្កាត់ឃ្មួញ​។ ៣.​ឈ្មោះ វន សា​រិ​ទ្ឋ ហៅ​ញឹក អាយុ​៣០​ឆ្នាំ ​ស្នាក់នៅ​ផ្ទះជួល ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ ភាគី​ទី​១ មានឈ្មោះ ឈួន ហួត និង​ឈ្មោះ ឈួន ឡេ​ន បាន​បើកបរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​១​គ្រឿង​ចេញពី​ផ្ទះ​ក្នុង​គោលបំណង​ទៅរក​ដឹក​ភ្ញៀវ​នៅ ផ្សារអ៊ី​អន​២ មាន​ទីតាំងនៅ​ភូមិ​បា​យ៉ាប ​សង្កាត់​ភ្នំពេញ​ថ្មី​។ ​នៅពេល​កំពុង​ធ្វើ​ដំណើ​រ​នោះ​ពួកគេ​ក៏បាន​មកជួប​ភាគី​ទី​២​ឈ្មោះ​វន សា​រិ​ទ្ឋ កំពុង​បើកបរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដូចគ្នា មាន​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​ផង បើក​បរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ស្របគ្នា​និង​ឆាប​គ្នា បង្ក​ឲ្យ​មាន​ការ​ខឹង​ក៏​ទំនាស់​ពាក្យសំដី​ដាក់គ្នា​ទៅវិញទៅមក​។ នៅ​ពេល​នោះ​ឈ្មោះ ឈួន ឡេ​ន អាង​មាន​បក្ខ​ពួក​បងប្អូន​ក៏​ឈប់​ម៉ូតូ​ដើរ​វាយ​លើ​ឈ្មោះ វន សារិន មួយ​ដៃ ចំណែក វន សារិន​ក៏បាន​ស្ទុះ​មក​ទាញ​យក​ច្រវាក់​ដែលមាន​ភ្ជាប់​មេសោរ​ម្ខាង យក​ធ្វើជា​អាវុធ​វាយ​តប​មកវិញ ហើយ​គ្រា​នោះ​ដែរ​ឈ្មោះ​ឈួន ហួត ក៏បាន​ស្ទុះ​មក​ព្រួត​វាយ​លើ​ឈ្មោះ​វន សារិន ប្រតាយប្រតប់​គ្នា​បង្ក​ចលាចល​ផ្អើល​គេឯង​ កកស្ទះ​ចរាចរណ៍​តាម​ដង​ផ្លូវ រហូត​ផ្អើល​ដល់​សមត្ថកិច្ច​មក​បង្ក្រាប​ចាប់ខ្លួន​ទាំងអស់គ្នា​តែម្តង ​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ នៅ​ម៉ោង​២០​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០១៩។

លោក វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល ខណ្ឌ​សែន​សុខ បាន​មាន​ប្រសាសន៍​ថា ក្រុម​ជន​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​ ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​ចោទប្រកាន់​ពី​បទ​បង្កហិង្សា​វាយតប់​គ្នា​លើ​ដងផ្លូវ​សាធារណៈ​បង្ក​ឲ្យ​បាត់បង់​សណ្តាប់​សង្គម​។

កន្លងមក​ក៏​ដូច​ពេលនេះ មាន​មហាជន​ច្រើនណាស់​បានធ្វើ​ការរិះគន់​មកលើ​ក្រុម​អ្នក​រត់​ឈ្នួល​បើកបរ​ប្រភេទ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ទាំងនេះ ដែល​តែងតែ​បើកបរ​គ្មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​(​បើកបរ​គ្មាន​សណ្តាប់ធ្នាប់​និង​គ្មាន​ការយោគយល់​)​បង្ក​ការ​ប៉ះពារ​គេឯង​និង​ធ្វើ​ឲ្យ​មាន​ការកកស្ទះ​ចរាចរណ៍​ជា​ញឹកញយ ហើយ​ពួកគេ​មួយចំនួន​ល្បីឈ្មោះ​ខាង​បង្ក​ជម្លោះ​និង​ប្លន់​ទ្រព្យ​ភ្ញៀវ​ផងដែរ ដែល​ហេតុការណ៍​ទាំងនេះ​បាន​បង្ហោះ​ផ្សព្វផ្សាយ​តាម​ប្រ​ព័​ន្ធ​បណ្តាញ​សង្គម​ឬ​ហៅថា ហ្វេ​ស​ប៊ុ​ក​(facebook) ពី​មហាជន​នៃ​ជនជាតិ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114