ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ខៀវ សា​ម៉េ​ត ជាប់​ឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាស៊ាន

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ (​អាស៊ាន​) ASEAN Football Federation កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ នៅ​ខេត្តសៀមរាប ខណៈ​ដែរ​មាន​តំណាង​ប្រទេស​ចំនួន ១២​ជា​សមាជិក​បានមក​ចូលរួម​។

ជា​លទ្ធផល​ក្នុង​ផ្នែក​នៃ​មហាសន្និបាត​នេះ​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ខៀវ សា​ម៉េ​ត ត្រូវ​បាន​បោះឆ្នោត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ( AFF ) អាណត្តិ​ទី​៥ ឆ្នាំ​២០១៩-២០២៣​។ នេះ​បើ​យោង​តាម​ការប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ស​.​ប​.​ក បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។

តាម​ពិត​ទៅ​លោកខៀវ សា​ម៉េ​ត ធ្លាប់​បាន​ជាប់​ឈ្មោះ​ជា​អនុប្រធាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ចំនួន​២​អាណត្តិ​មក​ហើយ​គឺ​អាណត្តិ​ដំបូង​ពី​ឆ្នាំ​២០១១ ដល់​២០១៥ និង​លើក​ទី​២​ពី​ឆ្នាំ​២០១៥-២០១៩​។ ចំណែក​អនុប្រធាន​សម្រាប់​អាណ​ត្តិ​ទី​៥​នេះ​មាន​ដូច​ជា​លោក Dato’ Sri Zaw Zaw ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​មី​យ៉ាន់​ម៉ា​, ព្រះអង្គម្ចាស់​Dato’ Haji Hamidin B. Haji Mohd Amin ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី និង​Dato’ Sri Francisco Kalbuadi Lay ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទី​ម័​រ​ខាងកើត​។

សូម​បញ្ជាក់​ថា លោក​ខៀវ សា​ម៉េ​ត ជា​ជនជាតិ​ខ្មែរ​ដំបូង​ដែល​កាន់​តំណែង​ក្បាលម៉ាស៊ីន បាល់ទាត់​តំបន់​អាស៊ាន ខណៈ​មហាសន្និបាត​ខាងលើ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន លោក​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយក៏​មានការ​ចូលរួម​អង្កេត​ការណ៍​ពី លោក Mattias Grafstrom តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ ( FIFA ) និង​លោក Vahid Kardanyy តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ( AFC ) ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114