ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំនាញ​សុខភាព​មកពី​ប្រទេស​ថៃ​អំពាវនាវ​ឲ្យ​ស្ត្រី​កម្ពុជា​ទៅធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺមហារីក​សុដន់

ភ្នំពេញ ​៖ ​ខណៈ​ដែល​ជំងឺមហារីក​សុដន់​មានការ​កើនឡើង​នៅ​ប្រទេស​កម្ពុជា​នោះ លោក​វេជ្ជបណ្ឌិត Kraipope Jarupaiboon វេជ្ជបណ្ឌិត​ផ្នែក​ជំងឺមហារីក​សុដន់​បាន​អំពាវនាវ​ដល់​ស្ត្រី​កម្ពុជា​ត្រូវ​ទៅធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺមហារីក​សុដន់​ឲ្យ​បាន​គ្រប់ៗ​គ្នា​តាមរយៈ​ការថត​មាំ​ម៉ូ​ក្រាម ឬ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​នៅតាម​មន្ទីរពេទ្យ​។

ការ​អំពាវនាវ​របស់​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺមហារីក​សុដន់​នេះ​បាន​ធ្វើឡើង​ដោយសារ​បច្ចុប្បន្ន​នេះ​អត្រា​នៃ​ការ​យល់ដឹង​ពី ជំងឺមហារីក​សុដន់​របស់​ស្ដ្រី​កម្ពុជា នៅ​មាន​កម្រិត​ទាប​នៅឡើយ​ដែល​បាន​ធ្វើ​ឲ្យ​ស្ដ្រី កម្ពុ​ជាមាន​អត្រា​មរណៈ​ខ្ពស់​ដោយសារ​ជំងឺ​នេះ​។

លោក​វេជ្ជបណ្ឌិត Kraipope Jarupaiboon បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ការស្វែងរក​និង​ការ​ការពារ​ជំងឺ​មហា​រីក​ដែល​រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ឲ្យ​ដឹងថា «​ជំងឺមហារីក​សុដន់​នៅ​កម្ពុជា​ឃើញថា អត្រា​ភាគ​រយ​កើនឡើង​ជាង​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ហើយ​នេះ​ជា​កត្តា​ព្រួយបារម្ភ​ដ៏​ធំ​មួយ​ដែរ​។ ដោយឡែក​សម្រាប់​ការ​យល់ដឹង​ពី ជំងឺ​នេះ​របស់​ស្ដ្រី​កម្ពុ​ជាមាន​កម្រិត​ទាប​នៅឡើយ​ដោយសារតែ មាន​ស្ដ្រី​កម្ពុជា​តិចតួច​បំផុត​ដែល​បាន​មក​ពិនិត្យ​សុដន់​ស្វែងរក​ជំងឺ​នេះ​»​។

លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា ​ក្រៅពី​ប្រទេស​ថៃ​កម្ពុជា​ក៏​ជា​ប្រទេស​មាន​អ្នក​កើត​ជំងឺមហារីក​សុដន់​ច្រើន​ប្រមាណ​ជាង​១៩​ភាគរយ​លើ​ប្រជាពលរដ្ឋ​១០០​ពាន់​នាក់ ​ដោយសារតែ​ជំងឺ​នេះ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ការព្យាបាល​ជំងឺមហារីក​សុដន់​នៅ​កម្ពុជា​ក៏​នៅ​មាន​កម្រិត​មួយ​ទាប​នៅឡើយ​ទេ​បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេសជិតខាង​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ដ​ទៀត​ថា មាន​កត្តា​ហា​នី​ភ័យ​ជាច្រើន​អាច​បង្ក​ឲ្យ កើត​ជំងឺមហារីក​សុដន់​រួមមាន កត្តា​ហ្សែ​ន​, កត្តា​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​, ការជក់បារី​, ការ​ស្រូប​ផ្សែង​បារី​, ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើនពេក​, កង្វះ​ការហាត់​ប្រាណ​, ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត (​ថ្នាំលេប​) លើសពី​៥​ឆ្នាំ​ជាដើម​។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដើម្បី​ការពារ​និង​ដឹង​ទាន់​ពេល​វេលា​ថា តើ​យើង​កើត​ជំងឺមហារីក​សុ ដន់ ឬ​អត់​គឺ​ត្រូវ​ទៅ​ពិនិត្យ​សុដន់​ឲ្យ​បានជា​រៀងរាល់​ឆ្នាំ ដោយ​តាមរយៈ​ការ​ថត​មាំ​ម៉ូ​ក្រាម ឬ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​ដើម្បី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​ទាន់ពេលវេលា​។​

ជា​មួយ​គ្នា​នេះ​ដែរ ​ក្រៅពី​បង្ហាញ​ពី​ជំងឺមហារីក​ហើយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ក៏បាន​អញ្ជើញ​លោកស្រី​វេជ្ជបណ្ឌិត Yingchi Wang វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្ដ្រី មកពី​មន្ទីរពេទ្យ​មកពី​ក្រុង​បាងកក​បាន​ចូលរួម​ចែករំលែក​ដល់​សារ​ធារ​ណ​ជន​យល់ដឹង​ពី​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​និង​វះកាត់​ដោយ​វិធី​ចោះ​។

លោកស្រី​វេជ្ជបណ្ឌិត Yingchi Wang ឲ្យ​ដឹងថា «​សម្រាប់​អ្នក​កើត​ជំងឺ​ដុំ​សាច​ក្នុង​ស្បូន ឬ​ដៃ​ស្បូន​សូម​ជ្រើស​រើសយក​វិធីសាស្ដ្រ ក្នុងការ​ចោះ​ជាមួយ​ឧបករណ៍​ទំនើប ដែល​ជួយ​ឲ្យ​ជំងឺ​នេះ​ជា​ឆាប់រហ័ស​, មាន​សុវត្ថិភាព​ខ្ពស់​, កាត់បន្ថយ​ការបាត់បង់​ឈាម​, ផលវិបាក​នៃ​ការ​ចោះ​នេះ​មាន​តិចតួច និង​ធ្វើ​ឲ្យ​ស្នាមរបួស​តូច »។

គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹងថា អត្រា​អ្នក​ស្លាប់​ដោយ សារ​ជំងឺមហារីក​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ពោល​គឺ​ប្រមាណ​៨,២​លាន​នាក់​ក្នុង​១​ឆ្នាំ​។ ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​បង្កឡើង​ដោយ​ជំងឺមហារីក​មួយ​ដូចជា​៖ មហារីក​សួត​, មហារីក​ថ្លើម​, មហារីក​សុដន់​ជាដើម៕