ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩

ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩ ​ដែល​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​ជា​ឆ្នាំ​ដែល​យើង​បាន​រួម​គ្នា​ធានា​ការពារ​សន្តិសុខ ស្ថេរភាព​នយោបាយ សុវត្ថិភាព​សង្គម និង​សណ្តាប់ ធ្នាប់​សាធារណៈ​បាន​ល្អ​ប្រសើរ ព​ន្លឿ​ន​ការអភិវឌ្ឍន៍ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។

ក្នុង​ពិធី​បើក​សន្និបាត​នៅ​ព្រឹក​ថ្ងៃទី​១៨​មីនា លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា សម្រាប់​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​នេះ គឺជា​ការ​បូកសរុប​វាយ​តំលៃ ដក​ពិសោធន៍​លទ្ធផល​ការងារ​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​នីតិ​កាល​ទី​៥​នៃ​រដ្ឋសភា ហើយ​ជា​ឆ្នាំ​ចាប់ផ្តើម​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នីតិ​កាល​ទី​៦​នៃ​រដ្ឋសភា​។

លោក​បន្ត​ថា ចំពោះ​វិធីសាស្ត្រ​ដើម្បី​កំណត់​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩​នេះ អង្គសន្និបាត​ដែលមាន​រយៈពេល​២​ថ្ងៃនេះ​បាន​រក្សា​វិធីសាស្ត្រ​បែងចែក​ក្រុម ពិភាក្សា​ក្នុង​គោលបំណង​ទទួល​បាន​ធាតុ​ចូល​កាន់តែច្បាស់​ដោយ​ផ្តោតជាសំខាន់​ទៅលើ​ប្រធានបទ​ចំនួន​៤​រួមមាន​ទី​១ វិធានការ​ជំរុញ​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៏ និង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​,​ទី​២ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាមរយះ​ច្រកចេញចូល​តែមួយ​,​ទី​៣ ការធ្វើ​ប្រទានកម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ទី​៤ វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​អក្សរ​បរទេស​នៅលើ​អក្សរ ខ្មែរ ឬ​អក្សរ​បរទេស​សុទ្ធ​ដោយ​គ្មាន​កម្ម​សិទ្ធ​បញ្ញា​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ផ្សេងៗ​។​ឯ លោក បាន​បន្តថា បញ្ហាសំខាន់ៗ​ខាងលើនេះ ទាមទារ​ឲ្យ​យើង​ប្រឹងប្រែង​រួមគ្នា​ថែមទៀត​ដើម្បី​ថែរក្សា និង​ពង្រីក​បន្ថែម​នូវ​ស្នាដៃ និង​សមិទ្ធផល​នានា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៨ ហើយ​សំណុំ​បញ្ហា​ទាំងនេះ​ក៏​ជា​ការងារ​អាទិភាព​ដែល​ត្រូវ​ពង្រឹង​យន្តការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​ធានា​សន្តិសុខ សុវត្ថិភាព​សណ្តាប់​ធ្នាប់​របៀបរៀបរយ ជំរុញ​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ន៍​សង្គម​លើ​គ្រប់​វិស័យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114