ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​នារី​ក្រោម​អាយុ​១៥​ឆ្នាំ​ប្រកួត​ចាញ់​ក្រុម​ម៉ុ​ល​ដូ​វ៉ា នៅ​ប្រទេស​សឹង្ហ​បុរី​

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានសម្រេច​បញ្ជូន​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា អាយុ​ក្រោម​អាយុ​១៥​ឆ្នាំ (U15) ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ពានរង្វាន់​អន្តរជាតិ UEFA-FAS U15′ Girls’ Tournament 2019 នៅ​ប្រទេស​សឹង្ហ​បុរី ខណៈ​ក្រុម​នេះ​ដឹកនាំ​ដោយ​លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ​នៅ​ក្លិប​ក្រសួងការពារជាតិ​។

យោង​តាម​ការ​បញ្ជាក់​ពី​វិ​ប​សាយ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​សឹង្ហ​បុរី ( FAS) បាន​លើក​ឡើង​ថា ​ពានរង្វាន់​អន្តរជាតិ UEFA-FAS U15′ Girls’ Tournament 2019 នឹង​ចាប់ពី​ថ្ងៃទី​១៧​ដល់​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​ទីលាន​កីឡដ្ឋាន Our Tampines Hub​ប្រទេស សឹង្ហ​បុរី ស្រប​ពេល​ពានរង្វាន់​នេះដែរ​នឹង​មាន​ក្រុម​មកពី​តំណាង​ប្រទេស​ចំនួន​៤​គឺ កម្ពុជា ម៉ុ​ល​ដូ​វ៉ា ហ្គា​ម និង​ម្ចាស់ផ្ទះ​សិង្ហ​បុរី​។

រូបមន្ត​នៃ​ការប្រកួត​នេះ ​គឺ​តម្រូវ​ឲ្យ​ក្រុម​ទាំង​៤​ប៉ះ​គ្នា​ដើម្បី​សន្សំ​ពិន្ទុ ហើយ​ក្រុម​ណា​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្រុម​នោះ​ នឹង​ឈ្នះ​ជើងឯក​តែម្តង​។ ចំណែក​លទ្ធផល​នៃ​ការប្រកួត​នៅ​ថ្ងៃទី ១៧ មិនា ថ្មីៗ​នេះ ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​ម៉ុ​ល​ដូ​វ៉ា ៥​ទល់​០ ហើយ​ក្រុម​ម្ចាស់ផ្ទះ​សឹង្ហ​បុរី ឈ្នះ​ក្រុម​ហ្គា​ម ៧​ទល់​០ ហើយ​ថ្ងៃទី​២ គឺ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ក្រុម​ហ្គា​ម ប៉ះ​ក្រុម​ម៉ុ​ល​ដូ​វ៉ា ហើយ​ក្រុម​កម្ពុជា ជួប​ក្រុម​សឹង្ហ​បុរី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុម​កម្ពុជា ជួប​ក្រុម​ហ្គា​ម ហើយ​ក្រុម​សឹង្ហ​បុរី ប៉ះ​ក្រុម​ម៉ុ​ល​ដូ​វ៉ា​។

ពានរង្វាន់​បាល់ទាត់​នេះ​ដែរ ​គឺជា​ផ្នែក​មួយ​នៃ UEFA ASSIST ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​សឹង្ហ​បុរី តាំងពី​ឆ្នាំ ២០១៧ មកម្ល៉េះ ក្នុង​គោលដៅ​ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស ដល់​កីឡាករ​យុវជន​ទាំង​ផ្នែក​បុរស និង​នារី​។ សម្រាប់​ក្រុមបាល់ទាត់​សឹង្ហ​បុរី បានកំណត់​កាលបរិច្ឆេទ​នៃ​ការប្រកួត​នេះ​គឺ​ដើម្បី​សម្រាប់​ជាការ​ត្រៀមខ្លួន​របស់​ក្រុម U15​នារី របស់ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន​ AFF Under-15 Girl Championship៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114