ព័ត៍មានទាន់​ហេតុការណ៏
Search

កូនស្រី​កវី គ​ង្គ ប៊ុន​ឈឿន បកស្រាយ​លើ​ករណី ​ប្តឹង​នាយ ចឺម លួច​ចម្លង​ស្នាដៃ​បទ​មរតក​ដើម

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ ​មាន​​​សារព័ត៌មាន​និង​មហាជន​មួយ​ចំនួន​ បានលើកឡើង​ថា​ហេតុផល​ដែល​នាំ​ឲ្យ​ភរិយា​របស់​កវី​គ​ង្គ ប៊ុន​ឈឿន ធ្វើដំណើរ​ពី​បរទេស​មក​ស្រុក​ខ្មែរ​គឺ​ក្នុង​ពោល​បំណង​ដើម្បី​ប្តឹង​តារាចម្រៀង​នាយ ចឺម លើ​ករណី​លួច​ចម្លង​ស្នាដៃ​និពន្ធ​មក​កែច្នៃ​កាឡៃ​ច្រៀង​ឲ្យ​ខុសពី​លំនាំ​ដើម​នោះ​ ពេលនេះ​ការពិត​ត្រូវបាន​បកស្រាយ​ពី​ក្រុមគ្រួសារ​របស់​កវី​គ​ង្គ ប៊ុន​ឈឿន។

បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​របស់​កវី គ​ង្គ ប៊ុន​ឈឿន​បាន​លើកឡើងថា​ ជម្រាបសួរបង​ប្អូន​ទាំងអស់គ្នា ​ថ្ងៃនេះ​ខ្ញុំ​សូមបញ្ជាក់​នូវ​រឿង​មួយ​ដែល​ភាគច្រើន​ក្នុងការ​ចុះផ្សាយ​ថា​គឺ​ក្រុមគ្រួសារ​ខ្ញុំ​កំពុង​ទៅប្ដឹង​នាយ ចឺម​… ។​ ប្រតិកម្ម​ផ្សេងៗ​ដែល​យក​នាយ ចឺម ជា​គោលដៅ​….​តាមពិត​មិនមែន​សំខាន់​ចំពោះ​នាយ ចឺម ទាំងស្រុង​នោះទេ ​អ្នក​ច​មៀង​ទូទៅ​គឺ​ច្រៀង​តាម​ផលិត​កម្ម​ត​ម្រូវ​….​។​

ប្រភព​បាន​បន្តថា ដែល​អ្នក​ម្ដាយ​ខ្ញុំ​មកដល់​ស្រុក​ខ្មែរ គឺជា​គម្រោង​ទុក​យូរ​មកហើយ​គឺ​មក​ដើរ​កម្សាន្ត​ជួបជុំ​កូនចៅ​និង​ស្នាក់នៅ​រយៈពេល​យូរ បូក​ផ្សំ​នឹងមាន​រឿងនេះ​កើតឡើង​ក៏បាន​តម្រូវ​ឲ្យ​ម៉ា​ក់មក​ដោះស្រាយ​បញ្ហា​ជាមួយនឹង​រឿង​កម្មសិទ្ធិបញ្ញា​នេះ​ជាមួយ​ផលិតកម្ម​សាន់​ដេ​ក៏ដូចជា​ផលិតកម្ម​ផ្សេងៗ​ដែល​កន្លងមក​តែងតែ​បាន​លួច​យក​ស្នាដៃ​របស់​លោកប៉ា​ខ្ញុំ​និង​អ្នកនិពន្ធ​ជំនាន់​មុន ទុកជា​គំរូ​..​កុំ​ឲ្យ​ចេះតែមាន​អ្នក​លួច​បន្លំ​យក​ស្នាដៃ​មិនថាតែ​ជា​ស្នាដៃ​របស់​លោកប៉ា​ខ្ញុំ​ឬក៏​ជា​ស្នាដៃ​អ្នកនិពន្ធ​ក្នុង​ផលិតកម្ម​ផ្សេងៗ​ទៀត​ត្រូវ​បាន​ទទួល​នូវ​សិទ្ធិ​បញ្ញា​យ៉ាងពិត​ប្រាកដ។

ប្រភពពី​កូនស្រី​របស់​កវី គ​ង្គ ប៊ុន​ឈឿន បានបញ្ជាក់​ថា ​ខាង​ក្រសួង​គាត់​មាន​វិធានការ​របស់គាត់​ហើយ ចំណែក​ក្រុមគ្រួសារ​ខ្ញុំ​តាំងពី​ដើមទី​មក​ក៏​មិនដែល​ចង់​មាន​បញ្ហា​អ្វី​វែងឆ្ងាយ​ឬ​ការប្ដឹង​ផ្ដល់​អ្វី​ដែរ​ទេពី​ព្រោះនេះ​មិនមែនជា​លើកដំបូង​ទេ​គឺ​វា​មាន​ជា​ហូរហែ​កន្លងមក​រាប់សិប​ឆ្នាំ​ទៅហើយ​,​ពេលដែល​លោកប៉ា​ខ្ញុំ​នៅមាន​ជីវិត​គឺ​គាត់​តែងតែ​ប្រៀនប្រដៅ​ឲ្យ​ពួកយើង​ចេះ​ស្រឡាញ់​រាប់អាន​គ្នា​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​។​ គាត់​បានដឹង​រឿងនេះ​ពី​យូរ​ណាស់​មកហើយ ​ប៉ុន្តែ​គាត់​មិនដែល​ចង់​មាន​បញ្ហា​អ្វី​ទេ​..​។​

ប្រភព​ដដែល​បាន​និយាយទៀតថា ទោះបីជា​គាត់​ឈឺ​ធ្ងន់​រស់នៅ​ស្រុក​គេ​គេង​ពេទ្យ​ហើយក៏​គាត់​នៅតែ​ព្យាយាម​សរសេរ​អត្ថបទ​ប្រលោមលោក​ផ្សេងៗ​ដើម្បី​បន្សល់ទុក​នូវ​ស្នាដៃ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ដែរ ពួក​ខ្ញុំ​មិន​និយាយ​ចំពោះតែ​បុគ្គល​ម្នាក់​ទេ​គឺ​ខ្ញុំ​និយាយ​ចំពោះ​បុគ្គល​ទូទៅ​ដែល​តែងតែបាន​យក​ផលចំណេញ​ពី​ញើស​ឈាម​អ្នកដទៃ​.. ។​ លោកប៉ា​នាង​ខ្ញុំ​គាត់​តែង​និយាយថា​គាត់​មានការ​សោកស្តាយ​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ជាទី​ស្រឡាញ់​របស់គាត់​រួមទាំង​មិនដែល​បាន​បង្ហាត់បង្រៀន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​អោយបាន​ទទួល​នូវ​ចំណេះដឹង​ផ្ទាល់​អំពី​ការនិពន្ធ​បទ​ភ្លេង​និង​សរសេរ​សៀវភៅ​របស់គាត់​.. ។​

ដូច្នេះ​សូមកុំ​ចេះតែ​ចោទប្រកាន់ថា​ក្រុមគ្រួសារ​នាង​ខ្ញុំ​ចូលចិត្ត​ចង់​ប្តឹងផ្ដល់​ខ្មែរ​គ្នាឯង​នោះ​.. គ្រួសារ​ខ្ញុំ​មិនមែនជា​ប្រភេទ​មនុស្ស​ជាន់ពន្លិច​ឬក៏​មិន​ទុក​ឱកាស​អោយ​នរណាម្នាក់​ដែរ​..​ចំពោះ​បងប្អូន​ខ្លះ​ដែល​គាត់​បាន​ប្រើពាក្យ​មិន​សមរម្យ​ជាខ្លាំង​ចំពោះ​អ្នក​ម្ដាយ​វ័យ​ជរា​របស់ខ្ញុំ​ដែលថា​ដូច​បងប្អូន​ឃើញ​ខាងក្រោម​នេះ​ស្រាប់​.. ខ្ញុំ​មិន​ចង់​ប្រកាន់ទោស​វែងឆ្ងាយ​ទាំង​តារាចម្រៀង​ឬ​អ្នកគាំទ្រ​អ្វី​នោះទេ​ប៉ុន្តែ​សូមមេត្តា​គិតពិចារណា​ឡើងវិញ​ផង​មុន​នឹង​ប្រើពាក្យ​អសុរោះ​ទាំងនេះ​ចំពោះ​គាត់​.. ។​កូនស្រី​កវី គ​ង្គ ប៊ុន​ឈឿន និយាយ​បន្ត​។​

ប្រភព​ខាងលើ​បាន​បន្ថែមថា ជា​ចុង​ក្រោយនេះ​ផងដែរ​ក្រុមគ្រួសារ​នាង​ខ្ញុំ​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​ខ្មែរ​ទូទៅ​នៅក្នុង​ពិភពលោក​នេះ​ដែល​តែងតែបាន​គាំទ្រ​នូវ​ស្នាដៃ​និពន្ធ​របស់​លោកប៉ា​ខ្ញុំ​រួមទាំង​ការលើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​ពួក​ខ្ញុំ​បាន​ដើរទៅរ​កនូវ​ភាពយុត្តិធម៌​សម្រាប់​ការថែរក្សា​ស្នាដៃ​របស់​លោកប៉ា​ខ្ញុំ ក៏ដូចជា​លោកអ្នក​និពន្ធ​ផ្សេងទៀត​ដែល​ត្រូវបាន​គេ​លួច​បន្លំ​យក​ស្នាដៃ​យកមក​កែច្នៃ​តាម​រូបភាព​ផ្សេងៗ​….​។​ពួក​ខ្ញុំ​សុទ្ធតែជា​អ្នក​ស្រឡាញ់​និង​គាំទ្រ​សិល្បៈ​យើង​ខ្លាំងណាស់ ពិសេស​គឺ​ស្នាដៃ​កូន​ខ្មែរ​យើង​៕