ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​អាជ្ញាធរ​មីន​ ​​ចាត់ទុក​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ជា​ឃាតក​​បិទមុខ ​ហើយ​វា​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ

រតនគិរី​ ៖​ លោក​ទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទីមួយ​អាជ្ញាធរ​មីន​បាន​ថ្លែង​ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​មីន ​ និង​សំណល់​ជាតិ​ផ្ទុះ​មីន​ពី​សង្គ្រាម ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ដែលមាន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ក្នុងភូមិ​ប្រមាណ​ជាង​៩០០​នាក់ ថា គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​ឃាតក​​បិទមុខ ​ហើយ​វា​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ។

លោក​បាន​បន្តថា កាលពី​ជាង ៣០​ឆ្នាំមុន សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​បានកើត​នៅក្នុង​ប្រទេស​កម្ពុជា​​
ហើយ​ក្រោយពី​ចប់​សង្គ្រាម​នោះមក​ រយៈពេល​ជាង ២០​ឆ្នាំ​មកនេះ ​ គឺ​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​កំពុងតែ​នៅ​សេសសល់​រាយប៉ាយ​ជាច្រើន​កន្លែង ហើយ​បាន​បន្សល់ទុក​មរតក​ដ៏​ធ្ងន់ធ្ងរ ក្នុង​ឆ្នាំ​១៩៩៦​ គឺជា​ឆ្នាំ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ច្រើនជាងគេ ចំនួន​ជាង ៤.០០០​នាក់ បាន​ពិការភាព និង​រងគ្រោះ​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ​កេរ្តិ៍មរតក​ពី​សង្គ្រាម​នេះ គឺ​បាន​បន្សល់​ទុក​នូវ​គ្រាប់បែក​និង​សំណល់​មិនទាន់​ផ្ទុះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​បោសសំអាត​នោះ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​ទៀតថា ថ្វីត្បិតតែ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់ជំនួយ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ទៅ លើ​សកម្មភាព​រំដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ​ក្តី ក៏​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅតែ​បង្ក​គ្រោះថ្នាក់ និង​គំរាមកំហែង​ប្រជា​ពលរដ្ឋ​នៅឡើយ​។ បើទោះជា​ចំនួន​អ្នករងគ្រោះ​ដោយសារ​គ្រាប់មីន​បាន​ថយចុះ​នៅក្រោម​២០០​នាក់ ​ ក្នុង​មួយឆ្នាំៗ ហើយក៏​ដោយ ក៏​រាជរដ្ឋាភិបាល​នៅតែមាន​ក្តីកង្វល់​ដដែល​។

បើតាម​ការស្រាវជ្រាវ ​ គឺ​កម្ពុ​ជាមាន​ផ្ទៃដី​ប្រមាណ​ជាង ២.៧៤០​គីឡូម៉ែត្រ​ក្រឡា ដែល​សង្ស័យថា អាចមាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ​ ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ កម្ពុជា​ទើបតែ​បោសសំអាត​មីន​នៅលើ​ផ្ទៃដី​ប្រមាណ​ជិត ២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​កម្ពុជា មាន​ផែនការ​រំដោះ​មីន​ចេញពី​ផ្ទៃដី​ឲ្យ​មាន​សុវត្ថិភាព​ទាំងស្រុង​ក្នុង​ឆ្នាំ​២០២៥​។​

​ទន្ទឹមនឹង​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ផែនការ​រំដោះ​មីន​នេះ ខណៈពេល​បច្ចុប្បន្ន លោក ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន​បន្ត​ការប្រុងប្រយ័ត្ន​ការពារ​ខ្ពស់ ជៀស​ឲ្យ​ឆ្ងាយ និង​រាយការណ៍​ជូនទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ជាបន្ទាន់ ក្នុងករណី​ឃើញ ឬ​សង្ស័យថា​ជា​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​៕