ព័ត៍មានទាន់​ហេតុការណ៏
Search

អនុប្រធាន​ទី​១ រដ្ឋសភា ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ

កំពង់ធំ​ ៖ អនុប្រធាន​ទី​១​រដ្ឋសភា បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ខិតខំ​ដោះស្រាយ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

ការ​ថ្លែង​បែបនេះ​នៅ ក្នុងឱកាស​ដែល​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​ចំប៉ា​រាម ហៅ​វត្ត​រកា​ជួរ ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​។ ពិធី​ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ ២០០០ នាក់ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍​បញ្ជាក់ថា សមិទ្ធផល​ថ្ងៃនេះ គឺជា​សមិទ្ធផល​ដែល​បានកើត​ឡើង​ដោយសារ​សុខសន្តិភាព នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល តែងតែ​គិតគូរ​ណាស់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ដើម្បី​ការរីកចម្រើន​ប្រទេសជាតិ ជីវភាព​ពលរដ្ឋ​ត្រូវបាន​លើកកម្ពស់​។ ឯកឧត្តម​បណ្ឌិត អនុប្រធាន​ទី​១ រដ្ឋសភា បាន​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ខិតខំ​ដោះស្រាយ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ជាមួយនេះ​ប្រជាពលរដ្ឋ ក៏​សូម​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ចូលរួម​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​ផ្សេងៗ ដើម្បី​ជា​ប្រយោជន៍​រួម​ផងដែរ​។ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល ក៏បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានផ្តល់​សេចក្តីទុកចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេស ដើម្បី​ថែរក្សា​នូវ​សុខសន្តិភាព ស្ថេរភាព សុវត្ថិភាព និង​ការ អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​ជា​បន្តទៅទៀត​។​

ឆ្លៀតឱកាស​នេះដែរ​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល ក៏បាន​នាំនូវ​បច្ច័យ​ចំនួន ២០ លាន​រៀល ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត ដើម្បី​រួមចំណែក​ដោះស្រាយ​ការចំណាយ​នានា ក្នុង​ការកសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​។ ប្រគេន​ព្រះ​មេគុណ​ខេត្តកំពង់ធំ នូវ​ទេយ្យទាន ១​ប្រអប់ បច្ច័យ ៤០​ម៉ឺន​រៀល​។ ប្រគេន​ព្រះ​អនុគណ​ស្រុក​សណ្តាន់ ទេយ្យទាន ១​ប្រអប់ បច្ច័យ ២០​ម៉ឺន​រៀល​។ ប្រគេន​ព្រះចៅអធិការ​វត្ត ៥ អង្គ ក្នុង​មួយអង្គ​ទេយ្យទាន ១​ប្រអប់ បច្ច័យ ១០​ម៉ឺន​រៀល ព្រមទាំង​ជូនអំណោយ​លោកយាយ​-​លោកតា លោកគ្រូ​-​អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​នូវ​ថវិកា និង​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ផងដែរ​។

សូម​បញ្ជាក់​ផងដែរ​ថា សមិទ្ធផល​នានា​ដែល​ដាក់​សម្ពោធ​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតី ឯកឧត្តម​បណ្ឌិត​ងួន​ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា​នាពេលនេះ​សរុប​ថវិកា​កសាង​អស់​ជាង ២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាម៉េរិក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114