ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Putin ចុះហត្ថលេខា​លើ​ច្បាប់​ប្រឆាំង​ការមិន​គោរព​អាជ្ញាធរ ​និង​ព័ត៌មាន​ក្លែងក្លាយ​

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ចន្ទ​ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​ពិន័យ​និង​ដាក់ពន្ធនាគារ​ដល់​មនុ​ស្ស​ដែល​មិន​គោរព​ចំពោះ​អាជ្ញាធរ​និង​រារាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការចេញផ្សាយ “​ព័ត៌មាន​ក្លែងក្លាយ​”​។​

លោក Putin បាន​ចុះហត្ថលេខា​លើ​ច្បាប់​ប្រឆាំងនឹង​ដំបូន្មាន​របស់​សកម្មជន​សិ​ទិ្ធ​មនុស្ស​ដែល​បាន​ព្រមាន​ថា ច្បាប់​នេះ​នឹង​បង្ក​ទៅជា​ការគាបសង្កត់​ហើយនឹង​បង្ក្រាប​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​។​

ច្បាប់​ស្តីពី​ការមិន​គោរព​អាជ្ញាធរ​បាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​ចំពោះ “​ការ​ល្មើស​និមិត្តសញ្ញា​រដ្ឋ​” ហើយ​បានចែង​ពី​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​និង​ការដាក់​ពន្ធនាគារ​រយៈ​ពេល​១៥​ថ្ងៃ​សម្រាប់​ជន​ដែល​ល្មើស​ម្តង​ហើយ​ម្តងទៀត​។​

ច្បាប់​មួយទៀត​បានអនុញ្ញាត​ឲ្យ​អាជ្ញាធរ​សម្រេច​ថា​តើ​អ្វី​ទៅជា “​ព័ត៌មាន​ក្លែងក្លាយ​” ហើយ​ផ្តល់​ឲ្យ​ក្រុម​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នូវ​អំណាច​ដើម្បី​ទាមទារ​ឲ្យ​សារព័ត៌មាន​លុប​ព័ត៌មាន​។​
​គេហទំព័រ​ដែល​មិនបាន​ធ្វើតាម​នេះ​នឹងត្រូវ​បាន​បិទ​។​

ការពិន័យ​អាចមាន​ចំនួន​រហូតដល់​ទៅ​១.៥​លាន​រូប​ល (​ជាង​២២,៧០០​ដុល្លារ​អាមេរិក​) ប្រសិនបើ​បទល្មើស​ឈានទៅរក​ផលវិបាក​ធ្ងន់ធ្ងរ​ដូចជា​ការស្លាប់​ឬ​កុបកម្ម​ជាដើម​។​

ក្រុម​សកម្មជន​សិ​ទិ្ធ​មនុស្ស​បាន​និយាយថា ចាប់តាំងពី​ក្លាយជា​ប្រធានាធិបតី​លើកដំបូង​ក្នុង​ឆ្នាំ ២០០០​មក លោក Putin បាន​រឹតបន្តឹង​ជា​បន្តបន្ទាប់​លើ​សេរីភាព​នៅក្នុង​ប្រទេស​រុស្ស៊ី បំបិទមាត់​អ្នក​រិះគន់​និង​ដាក់​ទូរទស្សន៍​ក្រោម​ការគ្រប់គ្រង​។​

ក្រុម​អ្នក​រិះគន់​បាន​និយាយថា ច្បាប់​នេះ​មាន​អត្ថន័យ​មិន​ច្បាស់លាស់​និង​មាន​វិសាលភាព​ធំធេង​សម្រាប់​ការរំលោភបំពាន ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​បន្ថែមទៀត​និង​រាំងស្ទះ​ដល់​ការងារ​របស់​សកម្មជន​សិទ្ធិមនុស្ស​និង​អ្នកកាសែត​ប្រឆាំង​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

គួរ​បញ្ជាក់ថា អាជ្ញាធរ​បាន​បញ្ចេញ​ការបង្ក្រាប​ដ៏​ធំ​មួយ​ទៅលើ​អ្នកប្រឆាំង​បន្ទាប់ពី​លោក Putin វិល​ត្រលប់មក​វិមាន​ក្រឹម​ឡាំង​វិញ​កាលពី​ឆ្នាំ​២០១២​នៅពេល​ប្រឈមមុខ​នឹង​ការតវ៉ា​ដ៏​ធំ​មួយ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114