ព័ត៍មានទាន់​ហេតុការណ៏
Search

យោធា​មី​យ៉ាន់​ម៉ា ​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ប្រាសាទ​បុរាណ​របស់​រដ្ឋ​រ៉ា​ក់​ឃី​ន​

ប្រជាជន​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ការប្រយុទ្ធ​គ្នា​រវាង​យោធា​មី​យ៉ាន់​ម៉ា​និង​អ្នកបះបោរ​ជនជាតិភាគតិច​រ៉ា​ក់​ឃី​ន​ឥឡូវនេះ​បាន​ឈានដល់​ប្រាសាទបុរាណ Mrauk U ហើយ​ដែលជា​អតីត​រាជធានី​របស់​ព្រះរាជាណាចក្រ​រ៉ា​ក់​ឃី​ន​និង​ជាទី​តាំង​ទេសចរណ៍​ដ៏​ពេញនិយម​មួយ​។​

រដ្ឋ​រ៉ា​ក់​ឃី​ន​នៅ​ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវបាន​ញាំញី​ដោយ​ការបែងចែក​ជាតិ​សាសន៍​និង​សាសនា។

រដ្ឋ​នេះ​បាន​ស្ថិតនៅក្រោម​ការយកចិត្ត​ទុកដាក់​ជាស​កល​បន្ទាប់ពី​ការបង្ក្រាប​បង្ហូរឈាមរ​បស់​កងទ័ព​ឆ្នាំ​២០១៧​ដែល​បាន​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧៤០,០០០​នាក់​ឆ្លងកាត់​ព្រំដែន​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​។​

ប៉ុន្តែ​ពេលនេះ ទាហាន​កំពុង​ធ្វើសង្គ្រាម​ប្រឆាំងនឹង​កងទ័ព​អា​រ៉ា​កាន (AA) ដែលជា​ក្រុម​បះបោរ​មួយ​បាន​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​បន្ថែមទៀត​សម្រាប់​ពុទ្ធសាសនិក​ជនជាតិភាគតិច​រ៉ា​ក់​ឃី​ន​។​

មនុស្ស​រាប់ពាន់នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​ដោយសារ​អំពើហិង្សា​ដែល​បាន​រីក​រាលដាល​ទៅជិត​ទីក្រុង Sittwe ហើយ​ឥឡូវនេះ​បាន​លេប​ត្របាក់​ទីប្រជុំជន Mrauk U​។

អ្នកប្រវត្តិសាស្ត្រ​ក្នុងស្រុក​ឈ្មោះ Khin Than បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា “​យើង​បានឮ​ស្នូរ​កាំភ្លើង​ធុន​តូច​និង​កាំភ្លើង​ធំ​ចាប់តាំងពី​ម៉ោង​៧​និង​៣០​នាទី​យប់​មក​”​។ លោកស្រី​បន្ថែមថា លោកស្រី​បានឃើញ​ទាហាន​បាញ់កាំភ្លើង​ចេញពី​រថយន្ត​ប្រមាណ​១០​គ្រឿង​ខណៈ​ពួកគេ​បើក​ជុំវិញ​ទីប្រជុំជន​។​

អ្នកស្រី​និយាយថា “​យើង​មិន​ហ៊ាន​ចេញ​ក្រៅ​ទេ​ហើយ​កំពុង​លាក់ខ្លួន​នៅក្នុង​ផ្ទះ​របស់​យើង​។ យើង​មិន​ចង់​ឲ្យ​ទ្រព្យសម្បត្តិ​បុរាណ​របស់​យើង​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការប្រយុទ្ធ​គ្នា​នេះ​ទេ​”​។​

ក្នុងចំណោម​ជន​ងាយ​រងគ្រោះ​បំផុត​គឺមាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៦០០,០០០​នាក់​ដែល​រស់នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ទាំង​មិនមាន​សញ្ជាតិ​។​

គួរ​បញ្ជាក់ថា យោធា​បាន​បង្កើន​ប្រតិបត្តិការ​ប្រឆាំងនឹង AA បន្ទាប់ពី​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​មួយ​នេះ​បានចាប់ផ្តើម​ការវាយប្រហា​រ​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​កាលពីដើម​ខែមករា​ដោយបាន​សម្លាប់​មន្ត្រី​ចំនួន​១៣​នាក់​៕ AFP